វិភាគ៖ តើលោក ហ៊ុន សែន ព្រមចុះចេញពីអំណាចទេ បើមានច្បាប់ការពារលោក?
ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលជិត ៣០ឆ្នាំក្នុងដំណែងកំពូលមួយនេះ ពោលគឺជាមេដឹកនាំកាន់អំណាចយូជាងគេ ក្នុងចំណោមមេដឹកនាំតិចតួចបំផុត លើពិភពលោក។
ចាប់ពីឆ្នាំ១៩៨៥ ដល់ ១៩៩៣ លោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានអ្នកវិភាគគិតថា ត្រូវបានលើកតម្កើងដោយរដ្ឋអំណាចវៀតណាម ក្រោយពីកងទ័ពសម្ព័ន្ធមិត្តមួយនេះជួយវាយរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩។
បើទោះជាមានការបោះឆ្នោត ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដែលគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតក៏ដោយ ក៏លោកហ៊ុន សែន នៅតែមានវាសនាធ្វើជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោកមិនព្រមប្រគល់អំណាចទាំងស្រុងឲ្យទៅ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលឈ្នះឆ្នោត។
ការបន្តកាន់អំណាចដ៏យូរ របស់លោក ហ៊ុន សែន ត្រូវបានអ្នកវិភាគគិតថា មិនមែនលោក ចង់នោះទេ តែលោកទំនងជាពិបាកនឹងចុះចេញដោយសារបារម្ភពីការកាត់ទោសនៅពេលអស់អំណាចដូចមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោកជាគំរូស្រាប់។
ចុះប្រសិនបើ បើមានច្បាប់ការពារលោក តើលោក ហ៊ុន សែន ព្រមចុះចេញពីអំណាចដែរឬទេ?
សម្រាប់លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ ពិបាកឆ្លើយនឹងសំណួរនេះ ព្រោះការព្រមចុះចេញ ឬមិនចុះចេញជាឆន្ទៈផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ឬក៏ច្បាប់នោះ តម្រូវឲ្យលោកត្រូវតែចុះចេញ។ ប៉ុន្តែលោកបានលើកឡើងពីបញ្ហាខុសឆ្គងមួយចំនួន ក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីកន្លងមកនេះ ដែលជាកត្តាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនទៀត នៅពេលលោកអស់អំណាច។
ក្រុមអ្នកវិភាគ បានលើកឡើងថា “មិនមានប្រយោជន៍អ្វី សម្រាប់ប្រទេសជាតិនោះទេ” នៅពេលដែលមានតម្រុយថា លោកសម រង្ស៊ី និងលោក ហ៊ុន សែន ព្រមព្រៀងគ្នាបង្កើតច្បាប់លើកលែងទោសមេដឹកនាំបច្ចុប្បន្ន នៅពេលអស់អំណាច។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានហៅច្បាប់នេះថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោកថា បើមានការបង្កើតច្បាប់នេះមែន ជាគំរូអាក្រក់មួយសម្រាប់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ បារម្ភថា បើច្បាប់នោះលេចចេញជារូបរាងមែន នោះនឹងធ្វើឲ្យថ្នាក់ដឹកនាំជិះសេះលែងដៃ ហើយប្រើអំណាចខុសច្បាប់ អាងតែខ្លួនត្រូវបានច្បាប់ការពារ។
បើតាមលោក អ៊ូ វីរៈ លោកហ៊ុន សែន នឹងមិនចុះចេញពីអំណាចទេ បើទោះជាមានច្បាប់ការពារលោកក៏ដោយ។ ប៉ុន្តែលោកថាច្បាប់នេះមានប្រយោជន៍រយៈពេលខ្លី គឺអាចកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតដោយសារអ្នកកាន់អំណាចលែងខ្លាចចាញ់។
កាលពីអំឡុងធ្វើសមារហរណកម្ម ជាមួយពួកខ្មែរក្រហម រដ្ឋាភិបាលកម្ពុជា បានលើកលែងទោស លោក អៀង សារី ដែលត្រូវបានកាត់ទោសក្រោយពី របបនេះដួលរលំ។ ប៉ុន្តែនៅពេលដែលអង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាបង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសអតីតមេដឹកនាំប្រល័យពូជសាសន៍ទាំងនោះ លោក អៀង សារី គឺជាជនត្រូវចោទសំខាន់មួយក្នុងចំណោមនោះ ដែលត្រូវបាននាំខ្លួនមកកាត់ទោស។
រំលឹកដល់ករណីនេះ លោកបណ្ឌិត សុខ ទូច គិតថា បើមានច្បាប់លើកលែងទោសមេដឹកនាំបច្ចុប្បន្នគ្រាន់តែជារឿងនយោបាយ ហើយអាចក្លាយជាលំនាំមួយដូចករណីលោក អៀង សារី៕
No comments:
Post a Comment