វិភាគ៖ តើ កំណែទម្រង់ ស៊ីជម្រៅ របស់ លោក ហ៊ុន សែន រយៈពេល ជិត៦ខែនេះ សម្រេចបានអ្វីខ្លះ?
ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
កាលពីថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេល ស្ទើរពេញមួយថ្ងៃសម្រាប់បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង នៃរដ្ឋាភិបាល អាណត្តិទី៥ ក្នុងពេលនោះ លោកបានលើកឡើងម្តងហើយម្តងទៀត ពីការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យសមស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
កាលពីថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៣ លោក
ក្រោយការប្រកាស របស់លោកនាយករដ្ឋមន្ត្រី ពីការប្តេជ្ញា ធ្វើកំណែទម្រង់ការដឹកនាំនេះ មានរយៈពេលជិត ៦ខែហើយ។ តើក្នុងរយៈពេលនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចលើចំណុចចំណុចអ្វីខ្លះ?
ការប្រកាសប្តេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃទី២៥ខែកញ្ញា គឺបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺគណបក្សប្រជាជនកម្ពុជារបស់លោកបាត់បង់សំឡេងគាំទ្រ ២២អាសនៈគឺថយចុះពី ៩០អាសនៈនៅអាណត្តិទី៤មកត្រឹម ៦៨អាសនៈ។
ក្នុងពេលបើកប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃទី២៥ ខែកញ្ញា លោកនាយកដ្ឋមន្ត្រី ហ៊ុនសែន ចំណាយពេលស្ទើរពេញមួយថ្ងៃ ដើម្បីប្រកាសពីគោលនយោបាយកំណែទម្រង់ថ្មីរបស់រដ្ឋាភិបាល។
ក្នុងពេលនោះលោកបានលើកឡើងពីការប្តេជ្ញាធ្វើកំណែទម្រង់លើផ្នែកជាច្រើនដូចជា ការលុបបំបាត់អំពើពុករលួយ លុបបំបាត់បក្ខពួកនៅតាមក្រសួងស្ថាប័នរដ្ឋ ពង្រឹងប្រព័ន្ធយុត្តិធម៌ បង្កើនការយកចិត្តទុកដាក់ថែរក្សាធនធានធម្មជាតិ និងការបង្កើនការផ្តល់សេវាសាធារណៈដើម្បីដោះស្រាយបញ្ហាជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលជាដើម។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីការធ្វើកំណែទម្រង់មុតស្រួចនោះ មានសកម្មភាពមួយចំនួនដែលធ្វើឲ្យសាធារណៈជនចាប់អារម្មណ៍ដូចជា ផ្លាស់ប្តូរតំណែងមន្ត្រីនៅតាមក្រសួងស្ថាប័នមួយចំនួន និងការរៀបចំវេទិកាសាធារណៈខ្លះៗដូចជា នៅរាជធានីភ្នំពេញ នៅខេត្តព្រៃវែងជាដើម។
យន្តការក្រុមការងារថ្នាក់ជាតិស្តាប់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺលោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យមន្ត្រីរបស់លោកទៅស្តាប់ពីទុក្ខដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈដើម្បីយកទៅដោះស្រាយ។
របាយការណ៍ស្ទង់មតិលើកទី១០របស់វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI) ចេញផ្សាយកាលពីខែមករាកន្លងទៅនេះ គឺការយល់ឃើញរបស់ប្រជាពលរដ្ឋថា កម្ពុជាកំពុងដើរលើផ្លូវខុសកើនឡើងគឺការស្ទង់មតិកាលពីថ្ងៃខែវិច្ឆិកា ឆ្នាំ២០១៣ពលរដ្ឋ ២១%យល់ថា កម្ពុជាដើរលើផ្លូវខុស ការស្ទង់មតិចេញផ្សាយនៅខែមករាឆ្នាំ២០១៤ ប្រជាពលរដ្ឋ៤៣%យល់ថាកម្ពុជាកំពុងដើរលើផ្លូវខុស។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃស៊ីផាន ទទួលស្គាល់ថា លទ្ធផលនៃការស្ទង់មតិរបស់IRIអាចយកជាការបាន។
នាយិការវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិលោកស្រី យេសស៊ីកា ឆីកិនមានប្រសាសន៍ថា ការដែលពលរដ្ឋយល់ឃើញកម្ពុជាដើរលើផ្លូវខុសកើនឡើងដោយសារ ប្រជាពលរដ្ឋអស់ជំនឿចំពោះការដឹកនាំ ព្រោះមានអំពើពុករលួយ បក្ខពួកនិយមជាដើម។
លោក ផៃ ស៊ីផាន ថ្លែងថា របាយការណ៍របស់ IRI ជាចំណុចមួយដែលរដ្ឋាភិបាលយកទៅឆ្លុះបញ្ជាំង ដើម្បីស្វែងរកចំណុចត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
តើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើកំណែទម្រង់លើចំណុចអ្វីខ្លះហើយបន្ទាប់ពីការប្តេជ្ញានោះ?
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និង នយោបាយលោកសុខទូច យល់ឃើញថា រយៈពេលជិត៦ខែមកនេះ លោកមិនទាន់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់អ្វីគួរឲ្យគត់សម្គាល់ទេ។ លោកសុខ ទូច យល់ថា ទៅថ្ងៃអនាគតក៏រដ្ឋាភិបាលមិនអាចធ្វើកំណែទម្រង់អ្វីបានដែរព្រោះ មនុស្ស និងប្រព័ន្ធការងារនៅដដែល។
លោក សុខ ទូចបានលើកឡើងពីករណីនៃអំពើពុករលួយ ដែលរដ្ឋាភិបាលបង្កើតច្បាប់ តែមិនមានវិធានការអនុវត្តឲ្យមានប្រសិទ្ធិភាពទេ។
នៅដើមឆ្នាំ២០១៤ សកម្មភាពមួយចំនួនដែលអ្នកតាមដានបញ្ហាសង្គមយល់ឃើញថា ធ្វើអ្នករងគ្រោះ ឬអ្នកដែលជួបបញ្ហាកាន់តែមិនពេញចិត្តរដ្ឋាភិបាលទៀតនោះគឺ សមត្ថកិច្ចបាញ់បង្ក្រាបលើកម្មករនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកម្មករនៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២ និងទី៣ខែមករា ពេលដែលទាមទារដំឡើងប្រាក់ឈ្នួលគោលឲ្យបាន១៦០ដុល្លារ រួមទាំងការបង្ក្រាបលើបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៤ ខែមករា នៅទីលានប្រជាធិបតេយ្យដែលទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ក្រោយការបង្ក្រាបជាបន្តបន្ទាប់នោះ ប្រជាពលរដ្ឋខ្មែរ និង ជនជាតិនៅក្រៅប្រទេសបានធ្វើបាតុកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសប្រឆាំងការដឹកនាំរបស់លោកហ៊ុនសែន ដោយពួកគេចាត់ទុកថា ការបង្ក្រាបនោះ ជាការរំលោភសិទ្ធិមនុស្ស ហើយរដ្ឋាភិបាលមិនមានសមត្ថភាពដោះស្រាយបញ្ហាជាដើម។ បាតុកម្មកើតមានដូចជានៅសហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី កូរ៉េ ហ្វីលីពីនជាដើម។
សម្រាប់អ្នកស្រាវជ្រាវឯករាជ្យនៅរាជបណ្ឌិតសភាកម្ពុជា លោក អ៊ុក វណ្ណា លើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលមិនឃើញមានការធ្វើកំណទម្រង់អ្វីទេ ដោយសារបង្កើតតែទ្រឹស្តីហើយមិនបានយកទៅអនុវត្តន៍។
ការមើលឃើញសកម្មភាពតិចតួចនៃការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលនេះ នាំឲ្យមានការលើកឡើងប្រធានបទវិភាគតាមប្រព័ន្ធផ្សព្វផ្សាយជារឿយៗថា ពេលបោះឆ្នោតលើកក្រោយ តើគណបក្សប្រជាជនកម្ពុជាអាចទទួលបានសំឡេងគាំទ្រកើនឡើវិញទេ ឬ លោក ហ៊ុន សែន មានវាសនាអាចទទួលបានតំណែងជានាយករដ្ឋមន្ត្រីទៀតឬទេ?។
No comments:
Post a Comment