សម រង្ស៊ី៖ អាជ្ញាធរ បារាំង ចាត់ចៅក្រមថ្មី ពន្លឿន ការស៊ើបអង្កេត ទៅលើ ការគប់គ្រាប់បែក នៅភ្នំពេញ ឆ្នាំ១៩៩៧
ដោយ៖ ស៊ុន ណារិន / វីអុឌី | ថ្ងៃសៅរ៍ ទី29 ខែមិនា ឆ្នាំ2014
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា អាជ្ញាធរបារាំង បានចាត់តាំងចៅក្រមថ្មីមួយរូប ដើម្បីពិនិត្យ និងពន្លឿនការស៊ើបអង្កេតទៅលើព្រឹត្តិការណ៍គប់គ្រាប់បែកនៅរាជធានីភ្នំពេញកាលពីឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមនុស្ស១៦នាក់ ស្លាប់។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លួននៅថ្ងៃសៅរ៍នេះថា អាជ្ញាធរបារាំង ទើបតែបានចាត់ចៅក្រមថ្មីម្នាក់ប្រចាំតុលាការទីក្រុងប៉ារីស ដើម្បីពន្លឿនការស៊ើបអង្កេតទៅលើការគប់គ្រាប់បែក នៅរាជធានីភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧។ លោកបន្តថា«នេះជាកាតព្វកិច្ចនៃអាជ្ញាធរបារាំង ពីព្រោះមានជនរងគ្រោះ ឬជនដែលគេប៉ុនប៉ងសម្លាប់ មួយចំនួននៅពេលនោះ ក៏មានសញ្ជាតិបារាំង ទន្ទឹមនឹងសញ្ជាតិខ្មែរ»។
ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែក ៤គ្រាប់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ លើហ្វូងបាតុកម្មដឹកនាំដោយលោកសម រង្ស៊ី នៅមុខរដ្ឋសភាបានបណ្តាលឲ្យមនុស្សស្លាប់ ១៦នាក់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្មានខែក្រោយមក ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក FBI បានបើកការស៊ើបអង្កេតភ្លាមៗ។
ការស៊ើបអង្កេតរបស់ FBI កាលនោះ បានបិទបញ្ចប់ នៅឆ្នាំ១៩៩៩ ដោយមិនទទួលបានលទ្ធផលឈានដល់ការចាប់ខ្លួនជនបោកគ្រាប់បែកទេ។ ភ្នាក់ងារស៊ើបអង្កេត FBI បានប្រកាសថា ខ្លួនបានបង្ខំចិត្តចាកចេញពីកម្ពុជា ដោយសារតែគ្មានកិច្ចសហការពីអាជ្ញាធរកម្ពុជា។ ក៏ប៉ុន្តែ អាជ្ញាធរកម្ពុជា បានច្រានចោលរាល់ការលើកឡើងខាងលើនេះ៕
No comments:
Post a Comment