Paris Peace Accords 23 Oct. 1991

Friday, March 28, 2014

ពលរដ្ឋ​ នៅ​ព្រះវិហារ ឃាត់​គ្រឿងចក្រ​ ក្រុមហ៊ុន​ចិន​ ជាថ្មីទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​ បង្ហាញ​ឯកសារ​​

ពលរដ្ឋ ឃាត់គ្រឿងចក្រក្រុមហ៊ុនចិន នៅខេត្តព្រះវិហារ (រូបថត៖ បូ សាវី)

ពលរដ្ឋ​ នៅ​ព្រះវិហារ ឃាត់​គ្រឿងចក្រ​ ក្រុមហ៊ុន​ចិន​ ជាថ្មីទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​ បង្ហាញ​ឯកសារ​​


ដោយ៖​ បូ សា​វី​ / វីអូឌី | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014

ប្រជាពលរដ្ឋ​ជាង​ ២​រយ​គ្រួសារ នៅ​ស្រុក​ឆែ​ប ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​សុក្រ ឃាត់​គ្រឿងចក្រ ក្រុមហ៊ុន​ចិន រូ​យ ហ្វេ​ង ពីរ​គ្រឿង ដើម្បី​ទាមទារ​ឲ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន បង្ហាញ​ច្បាប់​ធ្វើ​វិនិយោគ ដោយ​អះអាង​ថា ក្រុមហ៊ុន​នេះ ឈូសឆាយ​ប៉ះពាល់​ដី​ពួកគេ ដោយ​មិន​មាន​ដំណោះស្រាយ​។
​ពលរដ្ឋ​នៅ​ភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប លោក ផាវ យ៉​ន ប្រាប់ ​VOD ​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ​១ និង​ឃុំ​សង្កែ​ពីរ ប្រមាណ​ជាង​ ២​រយ​នាក់ បាន​ប្រមូលផ្ដុំ​គ្នា រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​រូ​យ ហ្វេ​ង មិន​ឲ្យ​ឈូសឆាយ​ដី​បន្ដ​ទៀត ដើម្បី​ជុំរុញ​អាជ្ញាធរ និង​ឲ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ បង្ហាញ​ច្បាប់​ធ្វើ​វិនីយោគ​នៅ​តំបន់​នោះ ប៉ុន្ដែ​ក្រុម​កម្មករ​គ្រឿងចក្រ​បាន​គេចខ្លួន។ លោក​ថា ក្រុមហ៊ុន​ចិន​នេះ​បាន​ឈូសឆាយ​ប៉ះពាល់​ដី​អ្នក​ភូមិ​បម្រុង​ទុក និង​ចូល​ដីស្រែ​ចំការ​ពួកគាត់ រាប់​រយ​ហិកតា ដោយ​មិន​មាន​ដំណោះស្រាយ​ដល់​ពួកគេ​។
ពលរដ្ឋ​មួយរូប​ទៀត នៅ​ភូមិ​ជោគជ័យ ឃុំ​សង្កែរ​ពីរ លោក ដា រី ឲ្យដឹងថា អ្នកភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ ដក​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​រូ​យ ហ្វេ​ង នេះចេញពី​តំបន់​ដី​ទំនាស់​នោះ និង​ឲ្យ​បង្ហាញ​ពី​ព្រំប្រទល់​ឲ្យបាន​ន​ច្បាស់លាស់។ លោក​ថា ពលរដ្ឋ​បាន​សាកសួរ​អាជ្ញាធរ មូលដ្ឋាន តែ​អាជ្ញាធរ អះអាងថា ការឈូសឆាយដី​នៅ​តំបន់​នោះ មិនមាន​ច្បាប់​អនុញ្ញាត​ទេ​។
VOD​ មិនអាច​សុំ​បំភ្លឺ​ពី​អភិបាលស្រុក​ឆែប លោក អ៊ុង វុទ្ធី និង​ក្រុមហ៊ុន​ចិន​រ៉ូយ ហ្វេ​ង​ដើម្បី​បំភ្លឺ ជុំវិញ​ករណី​នេះ បាន​នៅឡើយ​ទេ ដោយ​លោក​ប្រាប់ថា ជាប់រវល់​រៀប​មង្គលការ​កូន។
យ៉ាងនេះ​ក្ដី អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទំនាស់​ដីធ្លី​នៅ​ខេត្ដ​ព្រះវិហារ ហាក់​មាន​សន្ទុះ​កើនឡើង​នៅ​ដើមឆ្នាំ​២០១៤​នេះ។ លោក​ថា ពលរដ្ឋ​បាន​រក​អន្ដរាគមន៍​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​អាជ្ញាធរ មិន​មាន​ឆន្ទះ​ដោះស្រាយ ដោយ​លើក​ហេតុផល​ថា ហួស​ដែន​សមត្ថកិច្ច​។​
​កាលពី​ថ្ងៃ​ទី​១០ ​ខែ​មីនា ឆ្នាំ​២០១៤​នេះ ពលរដ្ឋ​ប្រមាណ ​៥​រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​រ៉ូយ ហ្វេ​ង ដើម្បី​រក​ដំណោះស្រាយ ប៉ុន្ដែ​មក​ដល់ពេលនេះ គ្រឿងចក្រ​នេះ នៅ​បន្ដ​ធ្វើ​សកម្មភាព​ដដែល​៕



No comments:

Post a Comment