
ព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Christine Milne ចោទជាសំណួរទៅកាន់អ្នកទទួលបន្ទុកខាងក្រសួងការបរទេស និងពាណិជ្ជកម្ម(រូបថតព្រីនស្រ្គីនពីវីដេអូក្លីប)
ព្រឹទ្ធសភា អូស្ត្រាលី ចោទជាសំណួរ ទៅកាន់ សមាជិក ពី ស្ថានភាព នៅកម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែមិនា ឆ្នាំ2014
ព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Christine Milne កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានចោទជាសំណួរទៅកាន់សមាជិករដ្ឋាភិបាលអូស្ត្រាលីនៅក្នុងកិច្ចប្រជុំមួយ អំពីស្ថានភាពកម្ពុជាទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
លោកស្រី Christine Milne ជាសមាជិកព្រឹទ្ធសភា និងជាមេដឹកនាំគណបក្សបៃតង(The Greens Party)។លោកស្រី បានចោទជាសំណួរទៅកាន់សមាជិកក្រសួងការបរទេស និង ពាណិជ្ជកម្មអូស្ត្រាលី។
លោកស្រី ក៏បានលើកពីបញ្ហាដែលតំណាងរាស្ត្រអូស្ត្រាលី លោកស្រី គ្លែរ អូនៀល បានដាក់ញត្តិថ្កោលទោសរបបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនៅក្រសួងការបរទេស និងពាណិជ្ជកម្ម បានឆ្លើយតបនឹងសំណួរថា អូស្ត្រាលី ពិតជាបានលើកឡើងពីការព្រួយបារម្ភនៃបញ្ហាសិទ្ធិមនុស្ស ដូចជាការបង្ក្រាបកម្មករ កាលពីខែមករា និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើរបាយការណ៍ដំណើរការត្រួតពិនិត្យជាសាកល(UPR) ស្តីពីកម្ពុជា។មន្ត្រីបានឆ្លើយទៀតថា អំឡុងពេលទស្សនកិច្ចនៅកម្ពុជា កាលពីខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានបង្ហាញពីការបារម្ភនេះទៅកាន់រដ្ឋាភិបាលកម្ពុជា និងលើកឡើងពីបញ្ហាកំណែទម្រង់ការបោះឆ្នោត។ មន្ត្រីបន្តថា លោកស្រី Julie Bishop បាន ស្នើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការជាមួយគ្នា សម្រាប់កំណែទម្រង់ការបោះឆ្នោត។
មន្ត្រីអូស្ត្រាលី ក៏បានឆ្លើយទៀតថា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កំពុងតែពិនិត្យ និងយកចិត្តទុកដាក់លើស្ថានការណ៍នៅកម្ពុជា។
អំឡុងពេលទសន្សកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានប្រាប់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា និងកំពុងដំណើរការនេះ គឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ផ្ទុយពីការអះអាងរបស់គណបក្សប្រឆាំង។លោកបញ្ជាក់ថា ដំណើរការគ្រប់គ្រងរដ្ឋជាធម្មតា របស់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នរដ្ឋនានា ដោយលោក អះអាងថា មិនមានការជាប់គាំងនយោបាយអ្វីនោះទេ។
លោក ហោ ណាំហុង ក៏បានប្រាប់លោកស្រី Julie Bishopថា ការដែលគណបក្សប្រឆាំង ទាមទារចង់កែទម្រង់ការបោះឆ្នោត ឬចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិនោះ គឺត្រូវចូលសភា ដើម្បីជជែក និងពិភាក្សាសម្រេច ដែលនេះជាដំណោះស្រាយជម្លោះរវាងអ្នកនយោបាយ៕
No comments:
Post a Comment