Paris Peace Accords 23 Oct. 1991

Tuesday, March 4, 2014

បក្ស​ទាំង​២​ ព្រមព្រៀង​ បង្កើត​យន្តការ ​ចុះ​ឈ្មោះ អ្នក​បោះ​ឆ្នោត ​ឡើង​វិញ

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
ក្រុម​ការងារ ​គណបក្ស​ ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត ​ក្រោយ​កិច្ច​ប្រជុំ ​នៅ​វិមាន​ ព្រឹទ្ធ​សភា កាល​ពី​ព្រឹក ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៤។  RFA/Van Vichar

បក្ស​ទាំង​២​ ព្រមព្រៀង​ បង្កើត​យន្តការ ​ចុះ​ឈ្មោះ អ្នក​បោះ​ឆ្នោត ​ឡើង​វិញ

RFA | 3 March 2014

តំណាង​ គណបក្ស ​កាន់​អំណាច​ និង​គណបក្ស​ ប្រឆាំង ព្រមព្រៀង​គ្នា ​បង្កើត​យន្តការ​ ចុះ​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​ ឡើង​វិញ និង​គ្រោង ​បង្កើត​ច្បាប់ ​ស្តីពី ​ហិរញ្ញវត្ថុ ​គណបក្ស ​នយោបាយ។

ការ​ព្រមព្រៀង​គ្នា​នេះ ធ្វើ​ឡើង ​ក្នុង​កិច្ច​ប្រជុំ​ គណៈកម្មការ ​ចម្រុះ ​របស់ ​គណបក្ស​ ទាំង​ពីរ នៅ​ព្រឹក​ ថ្ងៃ​ទី​៣ ខែ​មីនា ដើម្បី​ សិក្សា និង​រៀបចំ ​ក្របខ័ណ្ឌ ​កែទម្រង់ ​ការ​បោះ​ឆ្នោត។  កិច្ច​ប្រជុំ​នេះ ​ធ្វើ​ឡើង​ នៅ​វិមាន ​ព្រឹទ្ធ​សភា នៅ​រាជធានី ​ភ្នំពេញ។


បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង ៤​ម៉ោង​រួច​មក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ​ប្រកាស​ថា គណៈកម្មការ​កែទម្រង់​ការ​បោះ​ឆ្នោត​នេះ នឹង​បើក​កិច្ច​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មីនា ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​កែ​ទម្រង់​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន៖ ការ​រៀបចំ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ ការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ពេល​បោះ​ឆ្នោត បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ រួម​ទាំង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ប៉ុន្តែ​បក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ពីរ​ជា​មុន​សិន គឺ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ និង​ការ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លម្អិត​លើ​ចំណុច​ដែល​នៅ​សល់​បន្ត​ទៀត ដូចជា​កំណែ​ទម្រង់​ស្ថាប័ន គ.ជ.ប. យន្តការ​ដោះស្រាយ​បណ្ដឹង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។ លោក​បន្ត​ថា ជំនួប​ថ្មី​នេះ ជា​យន្តការ​មួយ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ចរចា​រវាង​មេដឹកនាំ​កំពូល​នៃ​ គណបក្ស​ទាំង​ពីរ។ លោក​បន្ត​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ដោយ​មិន​កែប្រែ​ឡើយ។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភា ដើម្បី​ធ្វើ​ការ​កែ​ទម្រង់ ឬ​ទេ?
លោក សុន ឆ័យ ឆ្លើយ​យ៉ាង​ដូច​នេះ​ថា៖ «ឧទាហរណ៍​ថា អនុម័ត​ច្បាប់​ថា​ត្រូវ​ចូល​អី​ហ្នឹង​នោះ​ណា វា​តម្រូវ​ថា ត្រូវ​ចូល​អី​ហ្នឹង​វា​អាច​ទៅ​ជាមួយ​គ្នា​អី​ដែរ វា​ការងារ​ទៅ​មុខ​មួយ​ជំហាន​ដែរ តែ​មិន​បាន​ន័យ​ថា ការ​កែ​ទម្រង់​ហ្នឹង​អាច​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​សភា​ទាំង​ទទឹង​ទិស​នោះ​ទេ។»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា រង់ចាំ​បើក​ទ្វារ​ចំហ​សម្រាប់​កិច្ច​ចរចា​នយោបាយ​រវាង​មេដឹកនាំ​កំពូល​នៃ​ បក្ស​ទាំង​ពីរ។ លោក​បន្ត​ថា នៅ​ដំណាក់កាល​ចុង​ក្រោយ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ត្រូវ​ចូល​ទៅ​ក្នុង​សភា​ដោយ​ជៀស​មិន​រួច​ឡើយ ព្រោះ​ថា បើ​ចង់​កែ​ទម្រង់ ឬ​បង្កើត​ច្បាប់ គឺ​មិន​អាច​ធ្វើ​នៅ​ក្រៅ​របង​សភា​បាន​ទេ៖ «រឿង​សម្បទាន​ហ្នឹង គឺ​សម្បទាន​ហើយ តែ​ឯកឧត្ដម សុន ឆ័យ គាត់​លើក​មិញ​ហ្នឹង តែ​រឿង​កែ​ទម្រង់​ហ្នឹង ធ្វើ​ឡើង​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​ហ្នឹង​ទៀត​ណា។»

ការ​ប្រជុំ​រវាង​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល​រវាង​មេដឹកនាំ​បក្ស​ ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​បច្ចេកទេស​នៃ​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

កន្លង​ទៅ​សង្គម​ស៊ីវិល​ធ្លាប់​រក​ឃើញ​ថា ភាព​មិន​ត្រឹមត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បាន​បង្ក​ជា​ឧបសគ្គ​មួយ​ផ្នែក ​ធំ​សម្រាប់​អ្នក​បោះ​ឆ្នោត។ អង្គការ​ខុមហ្វ្រែល ធ្លាប់​បាន​រក​ឃើញ​ថា អ្នក​បោះ​ឆ្នោត​ជាង ១​លាន​នាក់ បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​រិះគន់​ថា របាយការណ៍​របស់​សង្គម​ស៊ីវិល​មិន​គួរ​ជា​ទី​ទុក​ចិត្ត​ឡើយ។

ចំពោះ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​វិញ ត្រូវ​បាន​សង្គម​ស៊ីវិល​ពណ៌នា​ថា វា​ជា​ឧបករណ៍​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព និង​តម្លាភាព៕




1 comment:

  1. Anonymous7:49 PM

    HUN XEN AND HIS THUG GOVERNMENT IS FIGHTING A LOOSING WAR AGAINST KHMER NATION, THE WORLD COMMUNITY AND IT'S PEOPLE. WE CNRP DO NOT NEED DO ANYTHING THAT WOULD LEGITIMIZE THIS THUG GOVERNMENT, I UNDERSTAND THAT WORLD COMMUNITY WANTED CNRP LEADER TO NEGOTIATE, BUT PLEASE IT IS IMPORTANT TO NEGOTIATE THE MOST IMPORTANT THING AND THAT IS TO SCHEDULE ELECTION DATE FIRTST. DO NOT AGREE ON MANY THING THAT WOULD REQUIRE ALL CNRP LAWMAKER TO GO IN TO CONGRESS AND SIGN ANYTHING THAT WOULD LEGITIMIZE CPP AND THEY WOULD NOT KEPT THEIR PROMISE IN THE END. BECAUSE HISTORY SHOW THAT WHEN WE SIGN AGREEMENT WITH THE COMMUNIST, IT'S ONLY BENEFIT THE COMMUNIST THE REASON IS WE BIND TO THOSE PROMISE WHILE THE COMMUNIST DON'T KEEP THEIR PROMISE WITH US. IT'S ONLY WIN WIN FOR THE COMMUNIST ONLY AND NOT US. THANK YOU.

    ReplyDelete