លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ(រូបថតដោយជន ស្រីណុច)
លោក សម រង្ស៊ី៖ សមាជប្រជាជន នៅទីលានប្រជាធិបតេយ្យ នឹងកើតមានឡើង នៅថ្ងៃអាទិត្យនេះ
ដោយ៖ ជន ស្រីណុច និងស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ប្រកាសថា គណបក្ស សង្គ្រោះជាតិ នឹងជួបជុំ អ្នកគាំទ្រខ្លួន នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យទី៣០ ខែមីនា តែមិនមែន ជាបាតុកម្មទម្លាក់ រដ្ឋាភិបាល នោះទេ។
ក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោក សម រង្ស៊ី ប្រកាសធ្វើសមាជមហាជននៅមុខមន្ទីររដ្ឋសភាចាស់នៅពេលព្រឹកថ្ងៃអាទិត្យ ហើយពេលរសៀល នឹងជួបជុំស្តាប់យោបល់ប្រជារាស្ត្រនៅទីលានប្រជាធិបតេយ្យ តែលោកថា មិនមែនជាបាតុកម្មទេ ហើយក៏គ្មានការដង្ហែដែរ «យើងឲ្យតំណាង និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិមកពីគ្រប់មជ្ឈដ្ឋាន មកពីគ្រប់ខេត្តក្រុង ដូច្នេះ ពីរពាន់ បីពាន់យ៉ាងច្រើនណាស់ ប្រាំពាន់នាក់បានហើយ។ ដូច្នេះកុំឲ្យគណប្រជាជនចោទយើងថា អូហ៍ យើងចង់ធ្វើមហាបាតុកម្មអី វាអត់ទេ ដូចខ្ញុំនិយាយតាំងពីចំនុចទី១មក នេះវាមានដំណាក់កាលរបស់វា យើងគ្រាន់តែពិគ្រោះយោបល់ ហើយស្នើយោបល់ពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌ នៃអ្វីដែលយើងហៅថា សមាជប្រជាពលរដ្ឋ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះស្ថានភាពប្រទេសជាតិមិនទាន់វិលទៅរកភាពប្រក្រតីទេ ដូចច្នេះមិនអនុញ្ញាតិឲ្យមានការជួបប្រជុំនៅទីសាធារណៈទេ «តាមខ្ញុំដឹង គឺថាសភាពការបច្ចុប្បន្ននេះមិនទាន់បានវិលរក ភាពប្រក្រតីឡើងវិញទេ ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃ លោកបានស្នើសុំជាសំនូមពរ ឬមានការយោគយល់នោះ គឺឋិតនៅជាធរមានដដែលទេ នោះស្រេចតែគាត់ទៅចុះ យើងនិយាយជាមួយគាត់មិនស្តាប់ហើយ អត់ដឹងធ្វើម៉េច»។
អ្នកវិភាគឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ការប្រមូលផ្តុំជួបជុំ ឬសមាជ ជាសិទ្ធិរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ ដូច្នេះបម្រាមរបស់រាជរដ្ឋាភិបាលមិនឲ្យជួបជុំមិនមែនជាច្បាប់ទេ ហើយក្រសួងមហាផ្ទៃត្រូវរៀបចំការពារសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋផងដែរ «ជារួម ជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនអាចអ្នកណាហាមឃាត់បាន ហើយច្បាប់ដែលរាជរដ្ឋាភិបាលលើកឡើង វាមិនមែនជាច្បាប់ វាជាអាកប្បកិរិយានយោបាយ បើច្បាប់ដូចជាអត់មានហាមអីទេ។ ជារួមត្រូវតែ មានកាតព្វកិច្ចត្រូវតែអនុញ្ញាត ឲ្យគេធ្វើ ហើយការពារនូវសុវត្ថិភាពរបស់គេ ពេញលេញ ក្នុងនាមជារដ្ឋឯករាជ្យមួយ»។
កាលពីសប្តាហ៍មុន គណបក្សសង្គ្រោះជាតិ បានជូនដំណឹងដល់សាលារាជរាធានីភ្នំពេញ អំពីការធ្វើពិធីបង្សុកូល ឧទិ្ទសកុសល ខួបលើកទី១៧ ថ្ងៃទី៣០ខែមីនា ជូនដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានស្លាប់ដោយសារការគប់គ្រាប់បែក នៅមុខអតីតមន្ទីររដ្ឋសភា។ គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនបាតុករ ដែលបានបាត់បង់ជីវិត ដោយការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
កន្លងទៅ រដ្ឋាភិបាលបានដាក់បម្រាមលើការជួបជុំរបស់ពលរដ្ឋ ជាពិសេសនៅទីលានប្រជាធិបតេយ្យ។ បម្រាមនៃការជួបជុំរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានអនុវត្តកាលពីដើមខែមករា ឆ្នាំ២០១៤ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បង្ក្រាបកម្មកររោងចក្រកាត់ដេរនៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ស្លាប់ និងការបំបែកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment