Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

កំណែ​ទម្រង់​ វិស័យ​សន្តិសុខ ចាប់​ផ្តើម ពិភាក្សា

លោក​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ​​ថ្លែង​ក្នុងសិក្ខាសាលា​​អំពី​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​នៅ​អាណត្តិ​ថ្មី​នេះ។
លោក​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ​​ថ្លែង​ក្នុងសិក្ខាសាលា​​អំពី​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​នៅ​អាណត្តិ​ថ្មី​នេះ។

កំណែ​ទម្រង់​ វិស័យ​សន្តិសុខ ចាប់​ផ្តើម ពិភាក្សា


ឃួន ធារ៉ា / វីអូអេ | ១៧ មីនា ២០១៤
ភ្នំពេញ ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ ​អ្នក​ចូលរួម​សិក្ខាសិលា​ដែល​មក​ពី​មជ្ឈដ្ឋាន​នីតិ​បញ្ញតិ្ត ​នីតិ​ប្រតិបត្តិ ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ស្រាវជ្រាវ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ក្នុង​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​របស់​ខ្លួន។ ​ការ​បង្កើត​នេះ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព និង​មជ្ឈមណ្ឌល​ហ្សឺណែវ​សម្រាប់​ត្រួត​ពិនិត្យ​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​បែប​ប្រជាធិបតេយ្យ ​(DCAF)​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស។​

ក្រុមការងារ​ដែល​ផ្តួចផ្តើម​ឡើង​នេះ​មាន​សមាជិក​២៦​រូប ​ជា​តំណាង​មក​ពី​ក្រសួង​ការពារ​ជាតិ ​ក្រសួង​មហាផ្ទៃ ក្រសួង​ការ​បរទេស ​រដ្ឋ​សភា ព្រឹទ្ធ​សភា ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​បញ្ញវ័ន្ត​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ​ហើយ​ក្រុម​ការងារ​នេះ​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​រៀង​រាល់​៣​ខែ​ម្តង ដើម្បី​ផ្តល់​អនុសាសន៍​អំពី​គោល​នយោបាយ​សម្រាប់​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ដល់​រដ្ឋាភិបាល។​

លោក​ពូ សុធីរៈ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព ថ្លែង​ថា​ កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ជា​ការ​ចាំ​បាច់​មួយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«ក្រុមការងារ​នេះ​ធ្វើ​ការ​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ណា​មួយ​ដែល​ប្រសូតិ​ចេញ​ពី​ឆន្ទៈ​រាស្ត្រ។ ​គណបក្ស​ណា​ក៏​ដោយ ​ នៅ​ពេល​ដែល​បោះឆ្នោត​ហើយ​ នៅ​ពេល​ដែល​ជាប់​ឆ្នោត​ហើយ ​នៅ​តែ​ត្រូវ​ការ​ការ​កែទម្រង់​ប្រព័ន្ធ​សន្តិសុខ​ បើ​មិន​ដូច្នោះ​ទេ ​យើង​នៅ​តែ​មាន​បញ្ហា​មិន​យល់​គ្នា​រវាង​យោធា ការ​ប្រើ​អំណាចយោធា​ជ្រុល​ហួស​ ឬ​មួយ​ក៏​បង្ក​ឱ្យ​មាន​ការ​គាប​សង្កត់​ដែល​កើត​ចេញ​ពី​ការ​ប្រើ​អំណាច​និង​កម្លាំង​យោធា​ផ្សេង​ៗ»។​

កំណែ​ទម្រង់​វិស័យ​សន្តិសុខ​សំដៅ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ថា​ កម្លាំង​សន្តិសុខ ​យោធា ​និង​នគរបាល ​ផ្តល់​សន្តិសុខ​ពេញ​លេញ​ដល់​រដ្ឋ​ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ ​ប្រកប​ដោយ​ប្រសិទ្ធិភាព ​នីតិរដ្ឋ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

លោក​សាស្ត្រាចារ្យ​ Heiner Hanggi ​ជំនួយ​ការ​នាយក ​និង​ជា​ប្រធាន​ស្រាវជ្រាវ​មជ្ឈមណ្ឌល​ហ្សឺណែវ​សម្រាប់​ត្រួត​ពិនិត្យ​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​បែប​ប្រជាធិបតេយ្យ ​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ដោយ​គូស​បង្ហាញ​ពី​កំណែ​ទម្រង់​សន្តិសុខ​សំខាន់ៗ​សម្រាប់​ប្រទេស​ដែល​ទើប​តែ​បញ្ចប់​សង្គ្រាម​ ឬ​ក៏​ប្រទេស​កំពុង​វិវឌ្ឍ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ជោគជ័យ។​

«កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ក្នុង​បរិបទ​នេះ​ យើង​ចាំ​បាច់​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ​មរតក​ដែល​បន្សល់​ពី​អតីតកាល ដូចជា​ការ​រំសាយ​អាវុធ ការរំសាយ​ទ័ព ឬ​ការ​ស្តារ​នីតិសម្បទា​របស់​កង​កម្លាំង​សន្តិសុខ ការ​គ្រប់គ្រង​អាវុធ និង​ការ​បោះ​សម្អាត​មីន​ជា​ដើម។

ម៉្យាង​ទៀត​ដំណើរការ​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ក៏​ជា​កាតាលីករ​សំខាន់​សម្រាប់​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ផង​ដែរ ដោយ​វា​ជួយ​បង្ការ​ការ​ជ្រែតជ្រែក ​និង​ការ​ប្រើប្រាស់​កង​កម្លាំង​សមត្ថកិច្ច​សម្រាប់​ផល​ប្រយោជន៍​នយោបាយ»។​

លោក​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ នាយក​ខុទ្ទកាល័យ​ និង​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ​និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ ​មាន​ប្រសាសន៍​ថា​ កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល នៅ​អាណត្តិ​ថ្មី​នេះ។​

«កំណែ​ទម្រង់​វិស័យ​យោធា ​ដែល​ជា​អាទិភាព​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៨ ​ដែលក្នុង​នោះ​សំដៅ​ផ្តោត​សំខាន់​លើ​ការ​គ្រប់គ្រង​បុគ្គលិក​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​ផ្អែក​លើ​សកម្មភាព​មួយ​ចំនួន​គឺ​ផែនការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការព្យាករណ៍​ ចាត់តាំង ​ការ​បណ្តុះ​បណ្តាល​អភិវឌ្ឍន៍​ជំនាញ ​ហើយ​អ្វី​ដែល​យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​រៀបចំ​នាយទាហាន​វ័យ​ក្មេង ​ដើម្បី​បន្ត​វេន​ប្រទេស​ជាតិ​ ក៏​ដូចជា​តំបន់​អាស៊ាន​ដែល​នឹង​ត្រូវ​ធ្វើ​សមាហរ័ណកម្ម​នៅ​ឆ្នាំ​២០១៥»។​

ការ​បង្កើត​ក្រុម​ការងារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែលកងកម្លាំង​សមត្ថកិច្ចត្រូវ​បាន​រិះគន់​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ ហើយ​ពេល​ខ្លះ​រងការ​រិះគន់​អំពី​ការ​រំលោភ​អំណាច​និង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ហ្វូង​បាតុករ​ តួ​យ៉ាង​ការ​បង្ក្រាប​ដោយ​ការ​បាញ់​រះ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពី​ដើម​ខែ​មករា។ ​ការ​បង្រ្កាប​នោះ​បានបណ្តាល​ឱ្យ​មនុស្ស​៤​ទៅ​៥​នាក់​បាន​ស្លាប់ ​របួស​៤០​នាក់ ​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕



No comments:

Post a Comment