Paris Peace Accords 23 Oct. 1991

Monday, March 10, 2014

សហព័ន្ធ​សហជីព និង​សមាគម ​ចំនួន​១៨ ប្រកាន់​ជំហរ​ ក្នុង​ការដឹកនាំ​ កម្មករ​ ​ធ្វើ​កូដកម្ម​ ចាប់ពី​​ថ្ងៃ​ទី​១២-១៥​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក្នុងសិក្ខាសាលាមួយ នាពេលកន្លងមក (រូបថត៖ តាំង វីដា)

សហព័ន្ធ​សហជីព និង​សមាគម ​ចំនួន​១៨ ប្រកាន់​ជំហរ​ ក្នុង​ការដឹកនាំ​ កម្មករ​ ​ធ្វើ​កូដកម្ម​ ចាប់ពី​​ថ្ងៃ​ទី​១២-១៥​


ដោយ៖​ កាន់ វិច្ឆិកា​ / វីអូឌី | ថ្ងៃចន្ទ ទី10 ខែមិនា ឆ្នាំ2014

សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ នៅ​តែ​ប្រកាន់​ជំហរ ក្នុង​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម ចាប់ពី​ថ្ងៃ​ទី​១២-១៥​ខែ​មីនា​ខាងមុខ​នេះ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ក្នុង​មួយ​ខែ​។
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា សហព័ន្ធ​សហជីព និង​សមាគម​ទាំង​១៨ នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការធ្វើ​កូដកម្ម​មិន​ធ្វើការ​ក្នុង​ថ្ងៃទី​១២ ​ខែមីនា​ដដែល​។ លោក​បន្ត​ថា​កូដកម្ម​នេះ គឺ​តម្រូវឲ្យ​កម្មករ​ឈប់​ធ្វើការ​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី ១២ ដល់ ១៥ ខែ​មីនា ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ ក្នុង​មួយ​ខែ​។​
លោក អាត់ ធន់ ក៏​បាន​បន្ថែម​ដែរ​ថា នៅ​រសៀល​នេះ សហព័ន្ធ​សហជីព និង​សមាគម​ទាំង​១៨ នឹង​ជួបពិភាក្សា ដើម្បី​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កូដកម្ម​នោះ ដំណើរការ​ទៅ​បាន​ល្អ​។​
​បុគ្គលិក​ផ្នែក​ច្បាប់​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក យ៉ាន់ រ័ត្ន​កែវពិសី មានប្រសាសន៍ថា កម្មករ​ប្រហែលជា​២​ទៅ​៣​ម៉ឺន​នាក់ នឹង​ចូលរួម​ក្នុង​ការធ្វើ​កូដកម្ម​នោះ ដោយ​អ្នកខ្លះ​នៅផ្ទះ មិន​ទៅ​ធ្វើការ ហើយ​អ្នកខ្លះ​ទៀត​នឹង​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​។
លោក​បន្តថា ចំពោះ​ការធ្វើ​កូដកម្ម​នេះ សហព័ន្ធ​សហជីព ក៏​ដូចជា​សមាគម​ទាំង​១៨ បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​ក្រសួង​ការងារ​រួចហើយ​។​
VOD មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​ កាលពី​ថ្ងៃ​ទី​៨ ខែ​មិនា ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក វ៉ាន់  ស៊ូ​អៀង លើកឡើងថា ការធ្វើ​កូដកម្ម​របស់​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ ជា​សិទ្ធិ​របស់​ពួកគេ  ហើយ​លោក​មិន​ខ្វល់​ពី​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ សម្រាប់​កម្មករ​នោះ​ទេ តែ​លោក​ថា អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់​៕




No comments:

Post a Comment