វិភាគ៖ មានជំនួប រវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាថ្មី ទើបអាចដោះស្រាយ វិបត្តិនយោបាយ បាន
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014
ភាពជាប់គាំងនយោបាយបច្ចុប្បន្ន បានដើរដល់ចំណុច នៃការធ្វើកំណែទម្រង់ ការបោះឆ្នោត។ ក្នុងដំណាក់កាលនេះ គណបក្ស ជាប់ឆ្នោត ទាំងពីរ បានព្រមព្រៀង បង្កើត គណកម្មការចម្រុះមួយ ដើម្បីធ្វើកំណែទម្រង់ ការបោះឆ្នោត ដើម្បីធានា ពីតម្លាភាព និងយុត្តិធម៌។
ជំនួបរវាងគណកម្មការចម្រុះធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិលើកទី៤ កាលពីថ្ងៃទី២៤ខែមីនានេះ បញ្ចប់ទៅដោយភាពសោះកក្រោះ មិនបានទទួលលទ្ធផលជាផ្លែផ្កាទេ។ ការមិនឯកភាពគ្នានេះនាំឲ្យគណបក្សទាំងពីរចេញថ្លែងការណ៍ដាច់ពីគ្នា ដោយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកថា មិនមានចេតនា ដោះស្រាយដោះស្រាយវិបត្តិនយោបាយ។
ចំណុចបញ្ហានៃការខ្វែងគំនិតគ្នានេះ គឺនៅត្រង់ចំណុច ដែលគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ តែគណបក្សប្រជាជនកម្ពុជាមិនព្រម ដោយចាត់ទុកការសម្រេចចិត្តរបស់បក្សប្រឆាំងនេះថា ជាគំនិតអត្តនោម័ត ចាប់បង្ខំភាគីម្ខាងទៀត ឲ្យឆ្លើយជាមុនចំពោះ ប្រធានបទ ទាមទារឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ ហើយអនុម័តដោយសំឡេង២ភាគ៣នៃសមាជិកដែលមានក្នុងរដ្ឋសភា។
ចំណុចដើរបញ្ច្រាស់ទិសគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមជាថ្មីនៅថ្ងៃទី២៤ ខែមីនា បន្ទាប់ពីកិច្ចប្រជុំមិនបានលទ្ធផល។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយ លោក សុខ ទូច យល់ឃើញ ការមិនអាចរកចំណុចឯកភាពគ្នាឃើញនេះ ដោយសារក្រុមការងារបច្ចេកទេសទាំងពីរ មិនសូវមានអំណាចក្នុងការសម្រេចចិត្តទេ។ លោក បន្តថា ដើម្បីពន្លឿនការធ្វើកំណែទម្រង់ការបោះឆ្នោត ក៏ដូចជាការទម្លាយភាពទ័លច្រកផ្នែកនយោបាយ លុះត្រាតែមេដឹកនាំកំពូលគណបក្សទាំងពីរជួបគ្នា «បើសិនជាបច្ចេកទេសត្រូវគ្នាហើយ បើអ្នកសម្រេចចិត្តខាងលើ អត់ព្រមសម្រេចចិត្ត ក៏ធ្វើឲ្យបរាជ័យដែរ អ៊ីចឹងកាន់តែអូសពេលវេលាកាន់តែឆ្ងាយ។ អ៊ីចឹងទេ ទាមទារឲ្យមេបក្សទាំងពីរហ្នឹង សម្រេចទៅ ថាយកចំនុចណា ហើយយកចំនុចហ្នឹង បោះឲ្យអ្នកបច្ចេកទេសធ្វើ វាមិនអាចធ្វើដោយគ្មានការ សម្រេចពីមេទេ។ បច្ចេកទេសនិយាយមួយលានមាត់ ប្រសិនជាអ្នកធ្វើការសម្រេចចិត្ត បរិសេដ គឺបញ្ចប់ទាំងអស់ អាមួយលានហ្នឹង»។
បើទោះជាលោក សុខ ទូច ជឿជាក់បែបនេះក៏ដោយ តែកន្លងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់ដឹកនាំគណៈប្រតិភូរៀងៗខ្លួន ជួបគ្នាពីរលើករួចមកហើយ គឺកាលពីថ្ងៃទី១៦ និង១៧ខែកញ្ញា តែលទ្ធផលពេលនោះស្នើសូន្យ។
បើទោះជាជំនួបរវាងមេដឹកនាំគណបក្សទាំងពីរធ្លាប់បរាជ័យ ក្នុងការចរចាក៏ដោយ តែក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន អ្នកធ្វើការពាក់ព័ន្ធនយោបាយមើលមិនឃើញជម្រើសផ្សេងពីនេះទេ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា សង្កេតឃើញថា ការចរចាក្រុមការងារបច្ចេកទេសកន្លងមក មានលាយឡំនឹងនយោបាយ ដូច្នេះចាំបាច់ត្រូវមានជំនួបមេដឹកនាំកំពូលទាំងពីរ «បាទ យើងឃើញថា ការចរចានោះក្រុមបច្ចេកទេស ប៉ុន្តែលាយឡំនិងនយោបាយ ហើយភាគីទាំងសងខាង ពេលខ្លះអត់ហ៊ានសម្រេចអ្វីដែលជា ស្នាដៃអង្គប្រជុំផង គឺរងចាំថ្នាក់ដឹកនាំរបស់ខ្លួន អ៊ីចឹងប្រសិនបើមានឱកាស ឬអាចធ្វើទៅបាន មេដឹកនាំនៃគណបក្សទាំងពីរ គួរតែជួបប្រជុំគ្នាម្តងទៅបាទ»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ បានលឿនលុះត្រាតែ មានការជួបគ្នាញឹកញាប់រវាងមន្ត្រីគណបក្សទាំងពីរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ព្រមទាំងបែងចែកឲ្យច្បាស់រវាងការងារនយោបាយ និងការងារបច្ចេកទេស។
បច្ចុប្បន្នគណបក្សទាំងពីរ នៅមិនទាន់អាចរកចំណុចឯកភាពគ្នា ដែលអាចបង្ហាញពីលទ្ធភាពនៃការដោះស្រាយភាពជាប់គាំងនយោបាយនៅឡើយ។
គោលដៅធំនៃការចរចារបស់គណបក្សទាំងពីរ ក៏នៅមិនទាន់ដើរស្របគ្នាដែរ គឺគណបក្សប្រជាជនកម្ពុជា បញ្ជាក់ជំហរ ចរចាតែលើចំណុចធ្វើកំណែទម្រង់ការបោះឆ្នោត ហើយចង់ឲ្យបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ចូលសភា។ ចំណែកគណបក្សសង្គ្រោះ ចង់ចរចាធ្វើកំណែទម្រង់ការបោះឆ្នោតឲ្យបានឆាប់ ហើយរៀបចំបោះឆ្នោតបោះឡើងវិញមុនអាណត្តិ។
ភាពយឺតយ៉ាវនៃការចរចាស្វែងរកដំណោះស្រាយនេះ ត្រូវអ្នកវិភាគបញ្ហានយោបាយខ្លះយល់ថា បើមិនមានយន្តការថ្មីឲ្យមានប្រសិទ្ធិភាពទេ នឹងមិនអាចមានការបោះឆ្នោតឡើងវិញមុនអាណត្តិទេ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតចប់អាណត្តិ។
លោក សុខ ទូច បញ្ជាក់ថា ប្រសិនបើមេដឹកនាំគណបក្សទាំងពីរ មិនប្រញាប់ជួបគ្នាដើម្បី ចរចាបញ្ចប់បញ្ហាឲ្យបានឆាប់រហ័សនោះ បញ្ហាសង្គម និងកាន់តែធ្ងន់ធ្ងរដូចជា ជំនួយបរទេស វិស័យទេសចរណ៍ និងការដាក់ទុនវិនិយោគជាដើម។ ចំណុចមួយទៀត ដែលលោក សុខ ទូច បារម្ភនោះ គឺបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាចនឹងកើតឡើងវិញ ដែលឈានដល់ការបង្ហូរឈាមផង «នឹងមានបញ្ហានៅពេលខាងមុខ ឥឡូវហ្នឹងគណបក្សសង្គ្រោះជាតិ អត់អាចធ្វើបាតុកម្មបានទេ ព្រោះឡើងតែមួយឡានពីរឡានមក បំបែកបាត់ហើយ ប៉ុន្តែខ្ញុំបារម្ភ នៅពេលថ្ងៃបុណ្យចូលឆ្នាំ អ្នកទីក្រុងភ្នំពេញ ចេញពីភ្នំពេញហើយដល់ពេលចូលមកវិញចូលគ្រប់ចម្រុះទាំងអស់ ទាំងអ្នករោងចក្រ ក្រែងលរពេលហ្នឹងវាបាតុកម្មទៅ ហើយបាតុកម្មពេលហ្នឹងហើយមានការបង្ហូរឈាម»៕
No comments:
Post a Comment