គណៈប្រតិភូសហភាពអឺរ៉ុប និងតំណាងគណបក្សប្រជាជនកម្ពុជា។
RFI/Siv Channa
ប្រតិភូ សហភាព អឺរ៉ុប ផ្តើមទស្សនកិច្ច ដោយស្វែងយល់ ពី បញ្ហានយោបាយ
ដោយ ប៉ែន បូណា / RFI | ២៦ មីនា ២០១៤
គណៈប្រតិភូ សហភាព អឺរ៉ុប បានផ្តើមទស្សនកិច្ច របស់ខ្លួន ដោយជួបជាមួយ មន្ត្រី រដ្ឋសភា មកពី គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។ ក្នុងជំនួបដាច់ដោយឡែក ជាមួយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងលោក ឈាន វុន ប្រធាន គណៈកម្មការ កិច្ចការបរទេស របស់ រដ្ឋសភា ប្រតិភូ សហភាព អឺរ៉ុប បានចោទសួរសំណួរ មួយចំនួន ទៅកាន់មន្ត្រី រដ្ឋសភា កម្ពុជា ទាក់ទង នឹងបញ្ហានយោបាយ ក្រោយការបោះឆ្នោត។
ដំណើរការរបស់រដ្ឋសភាដោយគ្មានវត្តមានតំណាងរាស្ត្របក្សប្រឆាំង និងលទ្ធផលនៃកិច្ចចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរគឺជាសំណួរសំខាន់ដែលគណៈប្រតិភូសហភាពអឺរ៉ុបចោទសួរទៅកាន់មន្ត្រីរដ្ឋសភាកម្ពុជា។ សំណួរទាំងពីរនេះត្រូវបានគណៈប្រតិភូសហភាពអឺរ៉ុបលើកឡើងក្នុងជំនួបជាមួយលោកស្រី ឃួន សុដារី អនុប្រធានទី២របស់រដ្ឋសភានៅព្រឹកថ្ងៃពុធនេះនៅឯមន្ទីររដ្ឋសភាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលត្រូវបានចែកផ្សាយនៅក្រោយជំនួបនោះ លោកស្រី ឃួន សុដារី បានឆ្លើយតបថា រដ្ឋសភាកម្ពុជាត្រូវបានបង្កើតឡើងដោយស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង និងកំពុងដំណើរការដោយគ្មានឧបសគ្គទេ។ ពហិការរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់រដ្ឋសភាឡើយ។ ចំណែកឯកិច្ចចរចារវាងគណបក្សទាំងពីរក៏ត្រូវបានអនុប្រធានទី២របស់រដ្ឋសភាអះអាងថា បានទទួលលទ្ធផលមួយចំនួនរួចហើយ ប៉ុន្តែ គណបក្សប្រឆាំងបានប្រកាសផ្អាកការចរចាបន្ទាប់ពីជំនួបលើកចុងក្រោយកាលពីថ្ងៃទី ២៤ មីនា។
សូមបញ្ជាក់ថា គណៈប្រតិភូសភាសហភាពអឺរ៉ុបដែលមានគ្នា ៧ នាក់បានមកដល់ភ្នំពេញកាលពីល្ងាចថ្ងៃអង្គារដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ ថ្ងៃនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភាសហគមន៍អឺរ៉ុបនិងកម្ពុជា និងក៏ដើម្បីស្វែងយល់អំពីគម្រោងទាំងឡាយ ដែលទ្រទ្រង់ថវិកាដោយសហគមន៍អឺរ៉ុប ដូចជាសាលាក្តីខ្មែរក្រហម ការរៀបចំការបោះឆ្នោតសកល ដំណោះស្រាយដីធ្លី និងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជដើម។
សមាជិកសភាអឺរ៉ុប ក៏ត្រូវស្វែងយល់ពីផលប៉ះពាល់ទាំងឡាយ ដែលកើតចេញពីគម្រោងផលិតទំនិញផ្សេងៗ ដើម្បីយកទៅលក់នៅលើទីផ្សារអឺរ៉ុប ព្រមទាំងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ទៅលើប្រជាពលរដ្ឋ ក្នុងសហគមន៍នានាផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ២៤ មីនា។
ដើម្បីស្វែងយល់ពីបញ្ហាទាំងនោះ គណៈប្រតិភូសភាអឺរ៉ុប ត្រូវជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗមកពីបក្សកាន់អំណាច មានជាអាទិ៍ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រតិភូសហភាពអឺរ៉ុបក៏ត្រូវជួបជាមួយលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅរសៀលថ្ងៃពុធនេះផងដែរ៕
No comments:
Post a Comment