សាលាក្ដី ខ្មែរក្រហម អនុញ្ញាត ឲ្យជនជាប់ចោទ អៀង ធីរិទ្ធ ទៅព្យាបាលជំងឺ នៅថៃ
ដោយ ឡេង ម៉ាលី / RFA | 12 March 2014
មន្ត្រី នាំពាក្យ សាលាក្ដី ខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា ការអនុញ្ញាតនេះ គឺ សម្រេច ដោយអង្គជំនុំជម្រះ សាលាដំបូង ដែលមានអំណាច គ្រប់គ្រង លើជនជាប់ចោទ៖ «អ៊ីចឹង គឺ គាត់ មានហេតុផលច្បាប់ ច្បាស់លាស់ ដែលអាចអនុញ្ញាត ឱ្យលោកស្រី អៀង ធីរិទ្ធ ចេញទៅព្យាបាល នៅប្រទេសថៃ តាមការស្នើសុំ របស់ ក្រុមគ្រួសារ ហើយ លោកស្រី អៀង ធីរិទ្ធ ត្រូវ គោរព នូវលក្ខខណ្ឌ មួយចំនួន ដែលមានភ្ជាប់ ជាមួយ ដែលជាសេចក្ដីសម្រេច របស់ អង្គជំនុំជម្រះ តុលាការកំពូល ក៏ដូចជាលើកឡើង ដោយអង្គជំនុំជម្រះ សាលាដំបូង។ ស្ថានភាពសុខភាព វាជារឿងបុគ្គល របស់ លោកស្រី អៀង ធីរិទ្ធ។ ប៉ុន្តែ នីតិវិធី គឺ ត្រូវ គោរពទៅតាមនីតិវិធី មួយចំនួន ដូចជា ត្រូវ ជូនដំណឹង មកអង្គជំនុំជម្រះ អំពី ការធ្វើដំណើរ ក៏ដូចជា ការស្នាក់នៅ, ហើយ និងអាសយដ្ឋាន ច្បាស់លាស់ ដែលគាត់ ស្នាក់នៅ។»
ការអនុញ្ញាតនេះ ជាការឆ្លើយតបចំពោះសំណើសុំដោយអាណាព្យាបាលទូទៅ និងជាកូនស្រីបង្កើតរបស់ជនជប់ចោទ អៀង ធីរិទ្ធ គឺលោកស្រី អៀង វិជីដា។
អាណាព្យាបាលទូទៅបានជូនដំណឹងថា ជនជាប់ចោទ អៀង ធីរិទ្ធ មានស្ថានភាពដុនដាប និងឈឺខ្លាំង បន្ទាប់ពីដួលកាលថ្ងៃទី១ មីនា។ រហូតមកដល់ពេលនេះ គាត់មិនអាចដើរបានទេ ហើយគ្រូពេទ្យព្យាបាលផ្ដល់អនុសាសន៍ឱ្យបញ្ជូនទៅព្យាបាលបន្តនៅ ប្រទេសថៃ ដែលជិតជាងភ្នំពេញ។
នៅពេលនេះ ជនជាប់ចោទ អៀង ធីរិទ្ធ មានបញ្ហាកងឆ្អឹងខ្នង និងក្បាលឆ្អឹងភ្លៅ ហើយការស្កែនក្បាលមានសញ្ញាស្ទះសរសៃឈាមខួរក្បាលពីរកន្លែង។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា លោកមិនដឹងពីកាលបរិច្ឆេទពិតប្រាកដនៃការបញ្ជូនជនជាប់ចោទ អៀង ធីរិទ្ធ ទៅមន្ទីរពេទ្យប្រទេសថៃ ទេ។
សាលាក្ដីខ្មែរក្រហម កំពុងជំនុំជម្រះរឿងក្ដីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលធ្វើឱ្យពលរដ្ឋខ្មែរជិត ២លាននាក់ស្លាប់។ ប៉ុល ពត បានស្លាប់នៅកាលឆ្នាំ១៩៩៨ ដោយបន្សល់ទុកកូនស្រីម្នាក់។ មានសេចក្ដីរាយការណ៍ថា កូនស្រីរបស់គាត់នឹងរៀបការនៅថ្ងៃអាទិត្យ នេះ៕
No comments:
Post a Comment