Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

សាលាឧទ្ធរណ៍ បដិសេធ​ បណ្តឹង សុំ​នៅ​ក្រៅ​ឃុំ​ របស់​ លោក ​វ​ន់ ពៅ ជា​លើក​ទី​ពីរ​​

ប្រជាពលរដ្ឋចាំស្តាប់ការប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃនេះ (រូបថត៖ សុទ្ធ គឹមសឿន)

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ (រូបថត៖ សុទ្ធ គឹមសឿន)

សាលាឧទ្ធរណ៍ បដិសេធ​ បណ្តឹង សុំ​នៅ​ក្រៅ​ឃុំ​ របស់​ លោក ​វ​ន់ ពៅ ជា​លើក​ទី​ពីរ​​


ដោយ៖​ កាន់ វិច្ឆិកា​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014

សាលាឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បានសម្រេច​បដិសេធ​ជាថ្មី​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក វ​ន់ ពៅ និង​មិន​ប្រគល់​វត្ថុ​ដែល​ចាប់​យក ដោយ​តម្កល់​សាលក្រម​សាលាដំបូង​ទុកជាបានការ​។
កាលពី​ពាក់កណ្ដាល​ខែ​កុម្ភៈ សាលាឧទ្ធរណ៍​បាន​ច្រាន​ចោល​ពាក្យស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ​ម្ដង​ហើយ ដោយ​សំអាង​ថា ការដោះលែង​លោក វ​ន់ ពៅ និង​អ្នក​ជាប់​ឃុំ​២០​នាក់​ទៀត អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះពាល់​ដំណើរការ​សវនាការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​
​បន្ទាប់ពី​សវនាការ​អ​សាធារណៈ ដែល​ធ្វើឡើង​នៅ​ម៉ោង​ជាង​៣​រសៀល ថ្ងៃ​ចន្ទ​នេះ មេធាវី​របស់​លោក វ​ន់ ពៅ គឺ​លោក គឹម សុជាតិ បាន​ប្រាប់ VOD ថា សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ទុកជាបានការ ដោយ​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់ លោក វ​ន់ ពៅ និង​បដិសេធ​ការប្រគល់​វត្ថុ​ចាប់យក អំឡុង​ពេល​កើតមាន​ហិង្សា​រវាង​កម្មករ​ជាមួយ​កងកម្លាំង​ឆ័ត្រយោង ៩១១ កាលពី​ថ្ងៃ​ទី​០២​ខែ​មករា ទៅ​ឲ្យ​គ្រួសារ​ជនជាប់ចោ​ទ​វិញ​ ​«ខ្ញុំយល់ថា ការសម្រេចរបស់តុលាការគឺមិនត្រឹមត្រូវទេ ដោយហេតុថា វន់ ពៅ បញ្ហាសុខភាពគាត់ដែលជាមូលហេតុសុំនៅក្រៅឃុំនោះ គឺបញ្ហាសុខភាពរបស់គាត់ ហើយនិងកូនរបស់គាត់ ជាអនិតិជន ត្រូវការការបណ្តុះបណ្តាលការអប់រំ។ អ៊ីចឹងបើការឃុំខ្លួន នៅបន្តឃុំខ្លួនគាត់ នឹងប៉ះពាល់ដល់សុខភាពគាត់ ទី១។ ទី២ កូនគាត់អាចនឹងអត់អនាគត ប្រសិនជាពុំមានការបណ្តុះបណ្តាល ការផ្តល់ដំបូន្មាន អប់រំអីហ្នឹង នេះជាចំនុចសំខាន់»។
​លោក គឹម សុជាតិ បន្ថែមថា លោក​នឹង​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល នា​ចុង​សប្តាហ៍​នេះ ប្តឹង​មិន​សុខចិត្ត​លើ​សាលដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​។​
ភរិយា​របស់​លោក វ​ន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី លើកឡើងថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​មាន​ភាពអយុត្តិធម៌​សម្រាប់​ស្វាមី ក៏ដូចជា​ក្រុមគ្រួសារ​របស់​អ្នកស្រី​ទាំងមូល ខណៈ​ដែល​ការសម្រេច​នេះ​ មិន​មាន​វត្តមាន​របស់​ស្វាមី​អ្នកស្រី​ក្នុង​សវនាការ​។ អ្នកស្រី​ថា លោក​វន់ ពៅ មិន​បាន​មក​ចូលរួម​សវនាការ​ដោយសារតែ​ខាង​មន្ត្រី​ពន្ធនាគារ​ប្រាប់ថា រថយន្ត​ដែល​ដឹក​ស្វាមី​អ្នកស្រី​នោះ​ខូច មិនអាច​ធ្វើដំណើរ​ដើម្បី​ចូលរួម​សវនាការ​បាន ។ អ្នកស្រី​ចាត់ទុក​ករណីនេះ ថា​ជា​ចេតនា​មួយ ដែល​តុលាការ​មិន​ចង់​ឲ្យ​ស្វាមី​អ្នកស្រី​ចូលរួម ក៏ដូចជា​កំពុងតែ​បំបាក់ទឹកចិត្ត​ អ្នក​ដែល​ចូលរួម​គាំទ្រ​ស្វាមី​អ្នកស្រី​ដូច្នោះ​ដែរ​ «គាត់កំពុងតែជាប់នៅក្នុងពន្ធនាគារ គាត់ត្រូវការព្យាបាលជំងឺ ហេតុអ្វីគ្រាន់តែសុំមនុស្សឲ្យនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺក៏គេមិនអនុញ្ញាត វាអយុត្តិធម៌ណាស់សម្រាប់លោក វន់ ពៅ អយុត្តិធម៌ណាស់ ហេតុអីទៅ»។
មន្ត្រី​តស៊ូ​មតិ និង​ដោះស្រាយ​វិវាទ​នៅ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​លោក ឡុង វុទ្ធី បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​មិន​បាន​បញ្ជូន​លោក វ​ន់ ពៅ មក​សាលាឧទ្ធរណ៍​។ លោក​ថា សមាគម IDEA នឹង​បន្ត​ការទាមទារ​ឲ្យ​ដោះលែង លោក វ​ន់ ពៅ ដែល​មាន​ការចូលរួម​ពី​សមាគម ក៏ដូចជា​សហជីព​ផ្សេងៗ​ទៀត​។​
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា​ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺ​ហាក់​មាន​គំនាប​នយោបាយ និង​គ្មាន​ភាពយុត្តិធម៌ ដោយសារតែ​លោក វ​ន់ ពៅ មិន​មាន​កំហុស តែ​បែរជា​ត្រូវ​ចាប់​លោក​ដាក់ពន្ធនាគារ​ទៅវិញ​ «លោក វន់ ពៅ មិនមានទោសទេ ហើយម្យ៉ាងទៀត គឺអ្វីដែលគេ ចោទប្រកាន់គាត់ ដោយសារតែ គេចង់កម្លាចគាត់ចង់ធ្វើបាបគាត់ ហើយប្រសិនជាមានរឿងនយោបាយនៅពីក្រោយខ្នង បានន័យថាកាន់តែធ្វើបាបគាត់ថែមទៀត។ អ៊ីចឹងរឿង វន់ ពៅ នេះទោះបីអ្នកនយោបាយ មិនអ្នកនយោបាយក៏ដោយ ខ្ញុំគិតថា មិនគួរចោទប្រកាន់ឬក៏ចាប់ខ្លួនគាត់ទេ»។
​នៅ​ខណៈ​ដែល​សាលាឧទ្ធរណ៍ បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​វ​ន់ ពៅ នេះ ក្រុមគ្រួសារ​របស់​លោក​វ​ន់ ពៅ ក៏ដូចជា​សកម្មជន​សិទ្ធិមនុស្ស​ដែល​មកពី​បណ្តា​ស្ថាប័ន និង​សហគមន៍​ផ្សេងៗ​គ្នា ប្រមាណ ៣០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍ ដោយ​ទាមទារ​ឲ្យ​ដោះលែង​លោក​វន់ ពៅ និង​អ្នក​ជាប់​ឃុំ​២០​នាក់​ទៀត ព្រមទាំង​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ទាំង​២៣​នាក់​។ ពួកគាត់​បាន​ប្តេជ្ញា​បន្ត​ការទាមទារ​ឲ្យមាន​ការដោះលែង​អ្នក​ទាំង​២១​នាក់ ពី​ពន្ធនាគារ​បន្តទៀត​។
​លោក វ​ន់ ពៅ ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង រួម​ទាំង​កម្មករ ៩​នាក់​ផ្សេង​ទៀត នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ នៅ​ពេល​លោក​ឃ្លាំ​មើល​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​។ ហើយ​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។ លោក​វន់ ពៅ បាន​ធ្វើ​ការវះកាត់​ជំងឺ​មហា​គ្រលៀន មុនពេល​មាន​ការចាប់ខ្លួន​លោក​។ ក្រុម​វេជ្ជបណ្ឌិត​បាន​តម្រូវ​ឲ្យ​លោក​ត្រឡប់​ទៅ​ត្រួតពិនិត្យ​ស្ថានភាព ជំងឺ​លោក​នៅ​ថ្ងៃ​១៨ ខែ​កុម្ភៈ ប៉ុន្តែ​រហូត​មកដល់ពេលនេះ លោក​មិន​ទាន់​មាន​សិទ្ធិ​ចេញ​ពី​ពន្ធនាគារ​ដើម្បី​ពិគ្រោះ​ជំងឺ​នោះទេ​៕




No comments:

Post a Comment