Paris Peace Accords 23 Oct. 1991

Saturday, March 8, 2014

តំណាង​ពិសេស អង្គការ ​​សហ​ប្រជាជាតិ​ សាទរ​ ការ​វិវឌ្ឍ​ ថ្មី​ៗ នៅកម្ពុជា, ប៉ុន្តែ ជំរុញ​​រដ្ឋាភិបាល​ ឲ្យ​គោរព​ សិទ្ធិ​សម្តែង​មតិ​

តំណាង​ពិសេស អង្គការ ​​សហ​ប្រជាជាតិ​ សាទរ​ ការ​វិវឌ្ឍ​ ថ្មី​ៗ នៅកម្ពុជា, ប៉ុន្តែ ជំរុញ​​រដ្ឋាភិបាល​ ឲ្យ​គោរព​ សិទ្ធិ​សម្តែង​មតិ​

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ សិទ្ធិមនុស្ស សហប្រជាជាតិ
Siv Channa/RFI

RFI | ៧ មីនា ២០១៤

 អ្នករាយការណ៍ ​ពិសេស​ អង្គការ សហប្រជាជាតិ​ ស្តី​ពី​ បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​សាទរ​ ចំពោះ​ កិច្ចព្រមព្រៀង ពីរ​ចំណុច​ ស្តី​ពី​ កំណែទម្រង់​ បោះឆ្នោត ​កាល​ពី​ថ្ងៃ ​ទី​៣​ មីនា រវាង​ គណបក្ស​ ជាប់​ឆ្នោត​ ទាំងពីរ។  ទន្ទឹម​នឹង​នោះ លោក​ ក៏​ស្វាគម​ ផង​ដែរ​ ការ​បើក ​ឲ្យ​មាន​បាតុកម្ម​ ឡើង​វិញ ដែល​ថ្លែង ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។  យ៉ាងណាក៏ដោយ, តំណាង​ពិសេស ​អង្គការ​ សហប្រជាជាតិ​ ព្រួយ​បារម្ភ អំពី​ លទ្ធភាព ​នៃ​ការ​ធ្វើ​បាតុកម្ម​ ប្រឆាំង​គ្នា និង​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ​គោរព​សិទ្ធិមនុស្ស និង​ច្បាប់​ ស្តីពី ​សិទ្ធិ​សម្តែង​មតិ​នានា។

សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា
នៅក្នុង​សេចក្តី ថ្លែងការណ៍​ ពី​ទីក្រុង​ហ្សឺ​ណែវ កាលពី​ល្ងាច ​ថ្ងៃទី៦ មីនា លោក ស៊ូ​រិ​យា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍ ​ពិសេស ​អង្គការ សហប្រជាជាតិ​ ទទួលបន្ទុក​ សិទ្ធិមនុស្ស ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​សាទរ ​ចំពោះ ​កិច្ចព្រមព្រៀង ​ពីរ​ចំណុច ​ស្តីពី​ កំណែទម្រង់​ បោះឆ្នោត ​ដែល​គណបក្ស​ ប្រជាជន​កម្ពុជា​ និង​សង្គ្រោះ​ជាតិ​ សម្រេចបាន ​ក្នុង​កិច្ចចរចា​ កាលពី​ថ្ងៃ ទី៣ មីនា។  កិច្ចព្រមព្រៀង​ ស្តីពី​ បញ្ជី​ឈ្មោះ ​អ្នកបោះឆ្នោត​ និង​ច្បាប់​ ស្តីពី​ ហិរញ្ញវត្ថុ ​គណបក្ស នយោបាយ។


លោក ស៊ូ​ប៊ែ​ឌី ថ្លែងបន្តថា បញ្ហា​នេះ​គឺជា​ក្តីកង្វល់​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ហើយ​ដែល​ កន្លងទៅនេះ ពួកគេ​បាន​ប្រើ​សិទ្ធិ​សម្តែង​មតិ ​តាមរយៈ​ការជួបជុំ​តវ៉ា ការ​ដង្ហែ​ក្បួន​បាតុកម្ម និង​ការតវ៉ា​តាម​រូបភាពផ្សេងៗទៀត​ជាច្រើន។ អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​សម្តែង​ក្តីសង្ឃឹម​ប្រកបដោយ​សុទិដ្ឋិនិយម​ ថា ការវិវឌ្ឍ​នេះ​នឹង​ឈានទៅរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ដែល​កំពុង​កើតមាន​ ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនោះ លោក ស៊ូ​ប៊ែ​ឌី ក៏បាន​ថ្លែង​ស្វាគមន៍​ផងដែរ​ការបើក​ឲ្យ​ធ្វើបាតុកម្ម​ឡើងវិញ​ដែល​ប្រកាស​ដោយ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៥ កុម្ភៈ។ លោក​គូសបញ្ជាក់ថា ចាប់តាំងពី​អាជ្ញាធរ​កម្ពុជា​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើបាតុកម្ម​ តាំងពី​ ថ្ងៃទី៥មករា​មក លោក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លុបចោល​បម្រាម​នេះ​ ពីព្រោះថា​  វា​ផ្ទុយទៅនឹង​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល ​និង​សិទ្ធិ​ នយោបាយ​ ក៏ដូចជា​ផ្ទុយ​ពី​ រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ។

ម្យ៉ាងទៀត លោក​ក៏​ព្រួយបារម្ភ​ដែរ​ថា បាតុកម្ម​នឹងត្រូវ​គេ​រារាំង រីឯ​មនុស្ស​មួយចំនួន​អាច​ត្រូវគេ​ចាប់ឃុំខ្លួន ​ក្នុង​ហេតុ​ផលចែក​ខិតប័ណ្ណ​  ដើម្បី​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ជាដើម។ ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ក្រុមគាំទ្រ​រដ្ឋាភិបាល​ក៏មាន​សិទ្ធិ​ធ្វើបាតុកម្ម​នៅ​កន្លែង​ដែល​ ក្រុមប្រឆាំង​ធ្វើ​ដែរនោះ លោក ស៊ូ​ប៊ែ​ឌី ក៏​ព្រួយបារម្ភ​ថា បាតុកម្ម​ប្រឆាំង​អាច​នឹង​ត្រូវគេ​រៀបចំឡើង​ ដំណាលគ្នា​ដែល​នឹង​បង្ក​ឲ្យ​ មាន​បញ្ហា។ លោក​រម្លឹកថា ការធានា​សុវត្ថិភាព​ពេលធ្វើ​បាតុកម្ម​គឺ ជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋ។

ជា​ចុងក្រោយ អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​យ៉ាង​ ខ្ជាប់ខ្ជួន​នូវ​សន្ធិសញ្ញា រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​បាតុកម្មអហិង្សា៕




No comments:

Post a Comment