Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

អង្គការ​ អាមេរិក​ មួយ​ ផ្តល់​កន្លែង​ស្នាក់​នៅ​ ឥត​គិត​ថ្លៃ​ ដល់​ និស្សិត​ស្រ្តី​ខ្មែរ​ វ័យក្មេង

អង្គការ​ អាមេរិក​ មួយ​ ផ្តល់​កន្លែង​ស្នាក់​នៅ​ ឥត​គិត​ថ្លៃ​ ដល់​ និស្សិត​ស្រ្តី​ខ្មែរ​ វ័យក្មេង


សាយ មុន្នី / វីអូអេ | ១១ មីនា ២០១៤

ភ្នំពេញ — អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា មូលនិធិ​ ហាប់ស្វែល (Harpswell Foundation)​បាន​និង​កំពុង​ផ្តល់​អាហារ​ កន្លែង​ស្នាក់​នៅ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ដោយ​ឥតគិត​ថ្លៃ​ដល់​និស្សិត​ស្រី​ខ្មែរ​វ័យ​ក្មេង​រាប់​សិប​នាក់​ដែល​មក​ពី​ភូមិ​ក្រីក្រ​នានា​ទូទាំង​ប្រទេស​កម្ពុជា។​ ស្ថាបនិក​អង្គការ​នោះ​និយាយ​ថា និស្សិត​ពូកែៗទាំង​នេះ​អាច​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជានៅថ្ងៃ​អនាគត។​

កញ្ញា​គីម សុខងីម​ត្រូវ​ចំណាយ​ពេល​ប្រមាណ​កន្លះម៉ោង​ក្នុង​ការ​ជិះ​កង់​ទៅ​រៀន នៅ​ឯ​សាកល​វិទ្យាល័យ​ភ្នំពេញ។​

នាង​រៀន​មុខ​វិជ្ជា​គណិត​វិទ្យា ​ដែល​មក​ពី​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល។ នាង​យល់​ថា ​ស្ថាន​ភាព​រស់​នៅ​របស់​នាង​នៅ​ពេល​នេះ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួលជាង​មុនសម្រាប់រូប​នាង​ផ្ចង់​អារម្មណ៍​ទៅលើ​ការ​សិក្សា​ថ្នាក់​ឆ្នាំ​ចុងក្រោយ​របស់នាង។​

ពី​មុន​នាង​សុខងីម​ត្រូវ​ជួល​បន្ទប់​តូច​មួយ​ស្នាក់​នៅ​ឆ្ងាយ​ពី​សាលា ដើម្បី​បន្ត​ការ​សិក្សា​របស់​នាង​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ។ ប៉ុន្តែ​ឥឡូវ​នាង​ត្រូវ​បាន​ផ្តល់​អាហារ​ និងកន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ​ជាមួយ​និស្សិត​ស្រី​វ័យ​ក្មេង​ជាង​៤០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នេះ​ ដែល​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា។​

«អន្តេ​នេះ​វា​បាន​ជួយ​ផ្តល់​អត្ថិភាពឲ្យ​សិស្ស​នារី​ដូច​ខ្ញុំ​ បាន​មក​រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ។​ ខ្ញុំ​សង្កេត​ឃើញ​ថា គ្រួសារ​ខ្លះ​អត់​ហ៊ាន​ឲ្យ​កូន​ស្រី​របស់​គាត់​មក​រៀន​នៅ​ភ្នំពេញ​ទេ ទោះ​បី​គាត់​មាន​លុយ​គ្រប់គ្រាន់ ឬ​កូន​របស់​គាត់​មាន​សមត្ថភាព​អាច​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ក៏​ដោយ ពីព្រោះ​គាត់​ខ្លាច​ខាង​សុវត្ថិភាព»។​

ក្រៅ​ពី​អាហារ​និង​កន្លែង​ស្នាក់នៅ​ឥត​គិត​ថ្លៃ​ហើយ​នោះ អន្តេវាសិកដ្ឋាន​នារី​ហាប់ស្វែល​ក៏​ផ្តល់​ឲ្យ​សិស្ស​ស្រីៗទាំង​នេះ​ផង​ដែរ​នូវ​ការ​អប់រំ​ភាសា​អង់គ្លេស​ជំនាញ​កុំព្យូទ័រ និង​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ ហើយ​នឹង​ការ​បង្រៀនឲ្យ​ចេះ​វិភាគ​ព្រឹត្តិការណ៍​សង្គម​បច្ចុប្បន្ន ដែល​កំពុង​កើត​មាន​ឡើង​ជាដើម។

«នៅ​ទី​នេះ យើង​ត្រូវ​បាន​ផ្តល់​ មិន​ត្រឹម​តែ​កន្លែង​គេង​ទេ​គឺ​មាន​ការ​ផ្តល់​នូវ​ចំណេះ​ដឹង​បន្ថែម​ពី​លើ​ចំណេះ​ដែល​យើង​មាន​ពី​សាលារៀន​ ដោយសារ​យើង​មាន​ថ្នាក់វិភាគកាសែត និង​ថ្នាក់​ភាព​ជា​អ្នក​ដឹកនាំ​អី​អញ្ចឹង។​ វា​ជួយ​ឲ្យ​យើង​គិត​បាន​ស៊ី​ជម្រៅ​ជាង​មុន»។​

លោក Alan Lightman គឺ​ជា​ស្ថានិក​នៃ​អន្តេវាសិកដ្ឋាន​នេះ។ លោក​មាន​ប្រសាសន៍​ថា​ ទីនេះ​ប្រៀប​ដូច​ជា​សាកលវិទ្យាល័យ​ទី​២​របស់​និស្សិត​ដែរ ដោយ​សារ​ពួក​គេ​អាច​ប្រើប្រាស់​អ៊ីនធើណិតនិង​បណ្ណាល័យ​ដែល​មាន​ភ្ជាប់​ទៅនឹង​កម្រងឯកសារ​ស្រាវជ្រាវ​លើ​បណ្តាញ​អនឡាញ(on line) ​ផង​ដែរ។

«ខ្ញុំ​ជឿ​ថា រាល់​សកម្មភាព​ទាំង​អស់​នេះ​បាន​ជួយ​សិស្ស​របស់​យើង​ឲ្យ​រៀន​បាន​លេខ​១​ក្នុង​ថ្នាក់​នៅ​តាម​សាកល​វិទ្យាល័យ​របស់​ពួក​គេ​រៀងៗខ្លួន»។​

នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន​និស្សិត​ស្រី ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ចំនួន​និស្សិត​ប្រុស។​

កង្វះ​អន្តេវាសិកដ្ឋាន​ ជាពិសេស​សម្រាប់​នារី បានរារាំង​សិស្ស​ស្រី​ជា​ច្រើន​មិន​ឲ្យ​មាន​ឱកាស​បាន​ចូល​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​ក្នុង​ទីក្រុង។​

លោក Alan Lightman ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ និង​ជា​សាស្ត្រាចារ្យ​ម្នាក់នៅ​សាកល​វិទ្យាល័យ ​MIT ​ដ៏ល្បីល្បាញ​របស់​អាមេរិក​ផង​នោះ ​មាន​ប្រសាសន៍​ថា​ លោក​ចង់​ផ្តល់​ឱ​កាស​មួយ​ដល់​សិស្ស​ស្រី​ទាំង​នេះ។​

«ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​ស្រ្តី​វ័យក្មេង​ទាំង​នេះ​ណាស់។ ​ស្ទើរ​តែ​គ្រប់គ្នា​សុទ្ធតែ​មក​ពី​ភូមិដែល​គ្មាន​ភ្លើង​អគ្គិសនី​ ឬ​អណ្តូង​ទឹក​ប្រើប្រាស់។​ ពួក​គេ​គ្មាន​អនាគត​អ្វី​ឡើយ​ ក្រៅតែ​ពី​ត្រូវ​រៀបការ​ទៅ​តាម​ការ​ទុក​ដាក់​របស់​ឪពុក​ម្តាយ ឬ​ត្រូវ​ធ្វើ​ការ​នៅ​តាម​វាល​ស្រែ​នោះ។​ ប៉ុន្តែ​ពេល​នេះ ពួក​គេ​កំពុង​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ»។​

តែ​ទោះ​ជា​យ៉ាង​នេះ មិន​មែន​គ្រប់​សិស្ស​ស្រីៗទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ឱកាស​បែប​នេះ​ទេ។​

លោក Alan Lightman មាន​ប្រសាសន៍​ថា និស្សិត​ទាំង​នេះ​សុទ្ធតែ​ត្រូវ​ជ្រើសរើស​ចេញ​ពី​សិស្ស​ពូកែៗនៅ​តាម​វិទ្យាល័យ​នានា​ទូទាំង​ប្រទេស ដោយ​ផ្អែក​លើ​ភាពឆ្លាត​វ័យ ​មហិច្ឆិតា​ និង​សក្តានុពល​នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួក​គេ។​

«យើង​មិនអាច​ជួយ​ស្រ្តី​វ័យ​ក្មេង​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ​នោះទេ​ ដោយ​សារតែ​ពួក​គេ​មាន​ចំនួន​រាប់លាន​នាក់។​ យើង​ព្យាយាម​ផ្តោត​ទៅ​លើ​តែ​នារីវ័យ​ក្មេង ​ដែល​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹកនាំ​ប្រទេស​នេះ​ប៉ុណ្ណោះ»។​

ឆន រ៉ាដា​គឺ​ជា​និស្សិត​ម្នាក់​ទៀត​មក​ពី​ខេត្ត​ស្វាយរៀង។ នាង​ក៏​ជា​និស្សិត​ឆ្លើម​នៅ​ក្នុង​ថ្នាក់​ចិត្ត​វិទ្យា​របស់​នាង​នៅឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែរ។​

ជា​ប្រធាន​និស្សិត​ម្នាក់​នៅ​ទី​នេះ​ផង​នោះ  រ៉ាដា​និយាយ​ថា ​និស្សិត​ដែល​កំពុង​រៀន​មុខ​វិជ្ជា​ផ្សេងៗគ្នា​នៅ​តាម​សកល​វិទ្យាល័យ​នានា​ សុទ្ធ​តែ​ចូល​មក​ស្នាក់​នៅ​ទីនេះ​ដោយមាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​របស់​ពួកគេ។​

«ដោយសារ​តែ​ពួក​ខ្ញុំ​មាន​មហិច្ឆិតា​ខ្ពស់​គឺ​មាន​គោលដៅ​ច្បាស់​លាស់​សម្រាប់​ជីវិត​ពួក​ខ្ញុំ ថា​តើ​យើង​ចង់​ធ្វើ​អ្វី​ទៅ​ថ្ងៃ​អនាគត»។​

ការ​សិក្សាដោយ​អង្គការ​អន្តរជាតិ​ជាច្រើន​ ដូចជា​អង្គការ​សហ​ប្រជាជាតិ​និង​ធនាគារ​ពិភព​លោក​ជាដើម​ បាន​បង្ហាញ​ថា ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​គឺ​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី។​

លោក Alan Lightman មាន​ប្រសាសន៍​ថា៖​ «ពួក​គេ​កំពុង​ស្ថិត​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់ភាព​ជា​អ្នក​ដឹកនាំរបស់​ប្រទេស​កម្ពុជា»។​

នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ និស្សិត​ទាំង​នេះ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​បន្ទប់​នេះ​ ដែល​គេ​ហៅ​ឈ្មោះ​ថា សាលស្ត្រី​ដ៏​អស្ចារ្យ ឬ​ The Hall of Great Women ដោយ​មាន​ដាក់​ព្យួរ​នៅ​លើ​ជញ្ជាំងនូវ​រូប​ថត​របស់​មេ​ដឹកនាំ​ពិភព​លោកជា​នារី​ចំនួន​៣០​ផ្ទាំង​ ដោយ​រួមទាំង​រូប​ថត​របស់​ដូនជី ​Mother Teresa ​និង​លោកស្រី​ អង់សាន​ ស៊ូជី ដែល​មេ​ដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​ជាដើម។​

«យើង​ចង់​បង្ហាញ​ថា មិន​ថា​ អ្នក​មក​ពី​ទី​ណា ឬ​មាន​ស្ថានភាព​គ្រួសារ​យ៉ាង​ដូច​ម្តេច​នោះ​ទេ អ្នក​នៅ​តែ​អាច​ក្លាយ​ខ្លួន​ជា​មនុស្ស​អស្ចារ្យ​បាន»។​

ស្ថាបនិក​នៃ​អន្តេវាសិកដ្ឋាន Harpswell ​រូបនេះ បន្ថែម​ថា ​លោក​រំពឹង​ថា​ ​និស្សិត​ទាំង​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជំនាន់​មនុស្ស​ដែល​នឹង​នាំ​មក​នូវ​សិទ្ធិ​ស្មើ​គ្នា​សម្រាប់ស្រ្តី​ និង​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​នេះ​ទាំង​មូល​ ដោយ​ប្រើប្រាស់​អនុភាព​របស់​ពួក​គេ។

«ខ្ញុំ​សង្ឃឹម​ថា ​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ទៀត ពួក​គេ​នឹង​អាច​មាន​រូបថត​របស់​ពួក​គេ​ព្យួរ​នៅ​លើ​ជញ្ជាំង​នៃ​សាលស្ត្រី​ដ៏​អស្ចារ្យ​នេះ​ដែរ៕




No comments:

Post a Comment