Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

អ្នករងគ្រោះ​ ដីធ្លី​បុរី​កីឡា ​ប្តឹង​អភិបាល ខណ្ឌ​៧​មករា និង​បក្សពួក​ ពី​បទ​ប្រើ​ហិង្សា​ កាលពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​​

អ្នករងគ្រោះ​ ដីធ្លី​បុរី​កីឡា ​ប្តឹង​អភិបាល ខណ្ឌ​៧​មករា និង​បក្សពួក​ ពី​បទ​ប្រើ​ហិង្សា​ កាលពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​​


ដោយ៖​ ជន ស្រី​ណុ​ច​ / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014

ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា និង​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រមូលផ្តុំ​គ្នាដាក់ពាក្យ​ប្តឹង​អភិបាលខណ្ឌ​៧​មករា និង​បក្សពួកទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទារ​សំណង​ក្នុង​ម្នាក់​២៥០០​ដុល្លារ ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កាលពី​ថ្ងៃ​១៤​​ ខែកុម្ភៈ។​
​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​អតីត​សហគមន៍​បុរី​កីឡា ៧​នាក់​រងរបួស ដែល​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផង ក្រោយ​អាជ្ញាធរ​វាយ​បណ្តេញ​ឲ្យចេញ​ពី​អាគារ​ទី​៩ របស់​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សង់​លើដី​កំពុង​មាន​ជម្លោះ​។​
តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​មីនា​នេះ​ថា បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​៧​មករា នាំ​បក្សពួក​ទៅ​វាយ​ពលរដ្ឋ​រងគ្រោះ​នៅ​បុរី​កីឡា​កាលពី​ថ្ងៃ​ទី​១៤ ​កុម្ភៈ កន្លងមកនេះ ធ្វើឲ្យ​រូបគាត់​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ព្រម​ទាំង​មនុស្ស​៥​នាក់​ទៀត ទទួលរង​នូវ​ការឈឺចាប់​រហូត ហេតុនេះ​ហើយ​ពួកគាត់​សុំ​ប្តឹង​ក្រុម​អាជ្ញាធរ​ខណ្ឌ​៧​មករា ពី​បទ​ប្រើ​ហិង្សា។
អ្នកស្រី​បន្ត​ថា នៅ​ព្រឹក​នេះ ពលរដ្ឋ​រងគ្រោះ​នៅ​បុរី​កីឡា អ្នក​បឹងកក់ និង​អតីត​អ្នក​បឹងកក់ ប្រមាណ​ជា​៥០​នាក់ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ឲ្យ​មន្ត្រី​ទាំង​នោះ​ផ្តល់​ជា​សំណង​ក្នុង​ម្នាក់ ២៥០០​ដុល្លារ​អាមេរិក «បងមិនសង្ឃឹមថាបានទេអូន ក៏ប៉ុន្តែបងត្រូវតែដាក់ទៅ ដើម្បីឲ្យគាត់បានដឹងថា ពួកបងត្រូវរងប្រមាថ និងរងការវាយដំច្រំធាក់ពីអាជ្ញាធរ ពីក្រុមសន្តិសុខ សាលាខណ្ឌ៧មករា ព្រោះពួកបងទាំងពីរនាក់ នៅតែមានការតាមដានរហូត ដោយសារតែកូនគាត់ត្រូវតែតាមដាន តែចំពោះបងគឺតាមដាន សរសៃឆ្អឹងខ្នង ដែលគាត់បានវាយពួកបងហ្នឹង អ៊ីចឹងវានៅតែធ្វើទុក្ខ មកដល់ក្បាលពួកបងរហូត។ ពេលណា ដែលវាធ្វើទុក្ខខ្លាំង ពួកបងយំ ដោយសារតែវាឈឺខ្លាំងពេក វាដោតម្តងៗយើងធ្វើអីអត់កើតទេ»។
អ្នកស្រី​ឆាយ គឹម​ហ៊​ន បានឲ្យដឹងថា ពលរដ្ឋ​ប្តឹង នឹង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​នោះ​រួមមាន អភិបាលខណ្ឌ ៧​មករា លោក​សោម សុវណ្ណ លោក​លឹម  សុភា អភិបាលរងខណ្ឌ​៧​មករា និង​លោក ប្រាក់ ហាក់ ជា​ប្រធាន​សន្តិសុខ​ខណ្ឌ​៧​មករា និង​បក្សពួក ពី​បទ​ប្រើ​ហិង្សា។​
អភិបាលខណ្ឌ​៧​មករា លោក សោម សុវណ្ណ មានប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងនោះ​ទេ ហើយ​លោក​ទុកឲ្យ​តុលាការ​ជា​អ្នកចាត់ការ​ «ដូចអត់មានអីត្រូវឆ្លើយតបជាមួយពួកគាត់ទេ រឿងសិទ្ធិរបស់គាត់ គាត់ប្តឹងទៅ ហើយតុលាការគេចាត់ការ តាមផ្លូវតុលាការទៅ»។
​ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​នៃ​សិទ្ធិ​លំនៅឋានលោក សៀ​រ ភារម្យ មានប្រសាសន៍ថា ការប្តឹង​ទាមទារ​នេះ​ជា​រឿង​ត្រឹមត្រូវ ខណៈ​ដែល​ប្រជាពលរដ្ឋ​រង​នូវ​ការគាបសង្កត់​ពី​អាជ្ញាធរ ហើយ​ពួកគេ​ខំ​ប្រឹងប្រែង​ស្វែងរក​យុត្តិធម៌។ លោក​បន្តថា ទោះជា​យ៉ាងណា​លោក​មិន​មាន​សង្ឃឹម​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ទេ «ប្រព័ន្ធតុលាការនៅស្រុកយើងហ្នឹង គឺមិនមានភាពឯករាជ្យទេ គឺគាត់ធ្វើការបម្រើតែបក្សនយោបាយ ហើយប្រសិនជា មេបក្សរបស់គាត់ចង់បានកិត្តិយសនោះ ទាល់តែមានបញ្ហាពីបក្ស មេបក្ស របស់គាត់ នោះបានតុលាការហ្នឹងអាចផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ»។
​នៅ​ពេល​កម្លាំង​ចម្រុះ របស់​រដ្ឋាភិបាល​ចុះបង្ក្រាប និង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ក៏​បាន​ចុះ​អន្តរាគមន៍​ដែរ តែ​មិន​អាច​ឃាត់ កម្លាំង​ចម្រុះ​ដែល​មាន​ខែល និង​ដំបង​មិន​ឲ្យ​វាយ​ពលរដ្ឋ​រងគ្រោះ​បានទេ។​
ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​បញ្ជា​ឲ្យកម្លាំង​សន្តិសុខ ធ្វើ​របង​ដែក​ផ្សារ​បិទ​ផ្លូវ​ចេញចូល​អគារ​ទី​៩​នោះ​ភ្លាមៗ បន្ទាប់​ពី​បណ្តេញ​ពលរដ្ឋ​ដោយ​ហិង្សា​បាន​ជោគជ័យ​៕




No comments:

Post a Comment