លោក សម រង្ស៊ី និងលោក Suthichai Yoon អ្នកសារព័ត៌មានឌឹណេសិនរបស់ថៃ/រូបភាពពីThe Nation
សម រង្ស៊ី៖ ហ៊ុន សែន និងខ្ញុំ ត្រូវតែ ស្វែងរក ដំណោះស្រាយ ពិតប្រាកដ និងយូរអង្វែង សម្រាប់កម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបលោក ត្រូវតែស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងសម្រាប់កម្ពុជា ដើម្បីកម្ពុជា ឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក សម រង្ស៊ី ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតឌឹណេសិនរបស់ថៃ ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ខែមីនា ដោយលើកឡើងថា លោក មានឆន្ទៈក្នុងការសហការជាមួយលោក ហ៊ុន សែន ដើម្បីកសាងកម្ពុជាថ្មី និងលើកលែងទោសលោក ហ៊ុន សែន ។
លោក សម រង្ស៊ី ប្រាប់កាសែតឌឹណេសិនរបស់ថៃថា លោក ហ៊ុន សែន បានស្នើច្បាប់លើកលែងទោស រូបលោក លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។ លោកបន្តថា លោកនឹងមិនចូលធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែនទេ។
នៅពេលសាកសួរថាតើលោក ហ៊ុន សែន រំពឹងថាលោក សម រង្ស៊ី នឹងធ្វើជានាយករដ្ឋមន្ត្រី លោក សម រង្ស៊ី ឆ្លើយថា «ទេ មិនទាន់ច្បាស់ទេ» តែលោក ហ៊ុន សែន យល់ថា គាត់មិនអាចរក្សាអំណាចរបស់គាត់ បានរហូតទេ។ លោកបន្តថា«គាត់[ហ៊ុន សែន] ត្រូវការគិតពីការផ្លាស់ប្តូររលូនមួយ។ ដូច្នេះគាត់ស្នើឲ្យមានច្បាប់លើកលែងទោស ដែលនឹងការពារមនុស្ស៣នាក់ គឺប្រធានព្រឹទ្ធសភា លោក ជាស៊ីម ប្រធានរដ្ឋសភា លោក ហេង សំរិន និងរូបលោកជានាយករដ្ឋមន្ត្រី»។ លោក សម រង្ស៊ី ឲ្យដឹងទៀតថា លោកហ៊ុន សែន ប្រាប់ថា លោកជាគណបក្សកាន់អំណាច មិនអាចផ្តួចផ្តើមច្បាប់បែបនេះទេ តែប្រសិនបើអ្នក គណបក្សប្រឆាំង ផ្តួចផ្តើមច្បាប់បែបនេះ គណបក្ស កាន់ អំណាច នឹងគាំទ្រ។
លោក សម រង្ស៊ី បញ្ជាក់ថា ការចង់បានរបស់លោក ហ៊ុន សែន សម្រាប់សែស្រឡាយក្នុងការដឹកនាំប្រទេស គឺមិនអាចទៅរួច។ លោកថា លោក ហ៊ុន សែន មិនអាចដូចគីម អ៊ីលសុង អតីតមេដឹកនាំកូរ៉េខាងជើងទេ ព្រោះថានៅក្នុងពិភពលោកទំនើប វាមិនអាចទៅរួចទេ ក្នុងការដាក់សែស្រឡាយមេដឹកនាំ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បញ្ជាក់ថា លោក ហ៊ុន សែន និងរូបលោក ត្រូវតែស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងសម្រាប់កម្ពុជា។
នៅពេលសាកសួរថាតើ លោកត្រូវតែនាយករដ្ឋមន្ត្រី ឬអ្នកដឹកនាំប្រទេស លោក សម រង្ស៊ី បញ្ជាក់ថា« វាមិនចាំបាច់ថា នាយករដ្ឋមន្ត្រី ត្រូវតែរូបលោក។អ្នកណាក៏ដោយ អាចត្រូវបានជំនួស ប៉ុន្តែប្រទេសអ្នក មិនអាចត្រូវបានជំនួសទេ មានប្រទេសតែមួយប៉ុណ្ណោះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានជួបជាមួយលោក ហ៊ុន សែន ជាលើកដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីដោះស្រាយបញ្ហានយោបាយ ក្រោយពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា៕
No comments:
Post a Comment