២១-កុម្ភៈ-២០១៤៖ បុប្ឆា (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) អង្គុយនៅតាមសួនច្បារមាត់ទន្លេ រង់ចាំភ្ញៀវមករកសេវាផ្លូវភេទ។
RFA/Tep Soravy
|
ស្ត្រីបុរីកីឡាខ្លះ ក្លាយជាអ្នករកស៊ី ផ្លូវភេទ ក្រោយការបណ្ដេញចេញ
RFA | 5 March 2014
ជម្លោះដីធ្លីរវាងអ្នកភូមិសហគមន៍បុរីកីឡា ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) មានរយៈពេលជាង ២ឆ្នាំហើយ។
អ្នកបុរីកីឡាខ្លះ ដែលត្រូវក្រុមហ៊ុននិងអាជ្ញាធរបណ្ដេញចេញដោយបង្ខំកាលពីដើមឆ្នាំ ២០១២ អោយទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភាគច្រើនបានត្រឡប់មកជួលផ្ទះនៅលើទីតាំងចាស់ ដើម្បីអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន។
អ្វីដែលចាប់អារម្មណ៍នោះ ក្រោយការបណ្ដេញចេញជាង ២ឆ្នាំ ស្ត្រីអ្នកបុរីកីឡាខ្លះ បានធ្លាក់ខ្លួនជាស្ត្រីរកស៊ីផ្លូវភេទ។ ស្ត្រីម្នាក់ដែលធ្លាប់មានប្ដីនិងកូនពីរនាក់ ធ្លាប់ជាអ្នកដេរខោអាវ និងជាអ្នកបោសសម្អាតនៅតាមផ្សារ សាលារៀនឯកជន បានធ្លាក់ទៅធ្វើជាស្រីលក់ខ្លួននៅតាមសួនច្បារ ដើម្បីដូរប្រាក់យកមកផ្គត់ផ្គង់គ្រួសារ និងសងបំណុលគេ ក្រោយពីផ្ទះរបស់នាងត្រូវក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញចោល។
បុប្ឆា គឺជាឈ្មោះអ្នកនិពន្ធដាក់ឲ្យ។ នាងតែងអង្គុយលើបង់ជាមួយស្ត្រីឯទៀតនៅសួនច្បារមាត់ទន្លេ ក្បែរភោជនីយដ្ឋានទន្លេសាប។ ក្រោមពន្លឺភ្លើងពណ៌ក្រហមព្រាលៗ ដាក់លំអសួនច្បារ បុប្ឆា បានចំណាយពេលពេញមួយយប់ដើម្បីចាំភ្ញៀវហៅយកទៅរួមភេទ។
(សំឡេងបុប្ផាសួរភ្ញៀវ៖ បងមករកស្រីយកទៅគេងមែន?)
ម៉ោងជិត ៩យប់ហើយ បុប្ឆា នៅមិនទាន់បានភ្ញៀវម្នាក់នៅឡើយ។ ថ្មើរណេះកាលពីជាង ២ឆ្នាំមុន បុប្ឆា តែងនៅផ្ទះគេងឱបប្ដីនិងកូនតូចៗ ២នាក់នៅក្នុងដៃ ក្រោមដំបូលផ្ទះឈើមួយក្នុងប្លុកបុរីកីឡា៖ «បើគ្មានការបណ្ដេញ ចេញពីក្រុមហ៊ុនផានអ៊ីម៉ិច ក៏ជីវិតខ្ញុំមិនធ្លាក់រណ្ដៅដល់ថ្នាក់ហ្នឹងដែរ ប្តីប្រពន្ធខ្ញុំក៏មិនព្រាត់ប្រាសគ្នាអ៊ីចឹងដែរ កូនខ្ញុំក៏នៅដេកឱបទ្រូងបាន។ ពេលខ្ញុំមកធ្វើស្រីបារ ស្រីខូចរាល់ថ្ងៃហ្នឹង ក្រុមហ៊ុនផានអ៊ីម៉ិច បំផ្លិចបំផ្លាញជីវិតរបស់ខ្ញុំ។»
កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២ ដំបូលផ្ទះដែលធ្លាប់ផ្ដល់សេចក្ដីសុខត្រូវដួលរាបដល់ដីដោយកម្លាំង រុញរបស់គ្រឿងចក្រក្រុមហ៊ុនផានអ៊ីម៉ិច។ បុប្ឆា រំលឹកថា គ្រឿងចក្រដែលប្រៀបដូចជាសត្វដាយណូស័រនោះ បានច្បាមផ្ទះនាងកម្ទេចចោល។
ចាប់ពីពេលនោះមក ជីវិតរបស់នាងបានផ្លាស់ប្ដូរទាំងស្រុង។ មុនការបណ្ដេញចេញ បុប្ឆា ប្រកបរបរជាអ្នកដេរខោអាវបានប្រាក់ខ្លះផ្សែផ្សំនឹងប្រាក់ខែប្តី សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែថ្ងៃបណ្ដេញចេញនោះ ក្រុមហ៊ុនផានអ៊ីម៉ិច បានដឹកសម្ភារៈ ទ្រព្យសម្បត្តិអ្នកបុរីកីឡាជាច្រើនទៅចាក់ចោលនៅទួលសំបូរ និងភ្នំបាត។ ពេលនោះហើយដែលនាងបាត់បង់ម៉ាស៊ីនដេររបស់នាងដែលជាទ្រព្យសំខាន់តែ មួយមុខគត់ដែលនាងមានសម្រាប់ប្រើប្រាស់រកចំណូលចិញ្ចឹមគ្រួសារ។
បុប្ឆា បាត់បង់អាជីពជាអ្នកដេរខោអាវពីពេលនោះមក។ កូន ៤ខែក្នុងផ្ទៃក៏ត្រូវស្លាប់ក្នុងពោះពេលដែលប៉ូលិសធាក់នាងមួយ ជើង។ និយាយត្រឹមនេះ បុប្ឆា បានសើយអាវឡើងលើ និងទាញខោខោវប៊យនាងចុះក្រោមបន្តិច ឲ្យមើលស្នាមវះពោះរបស់នាង ពេលដែលនាងវះយកកូនដែលស្លាប់នោះ។
សាក្សីម្នាក់ជាអ្នកភូមិបុរីកីឡា ដែលឃើញហេតុការណ៍នោះប្រាប់ថា បុប្ឆា បានស្ទុះទៅជួយបងស្រីនាងដែលសមត្ថកិច្ចវាយបែកក្បាលនៅថ្ងៃដែល ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរដាក់កម្លាំងច្រើនរយនាក់បណ្ដេញចេញ។ នាងត្រូវសមត្ថកិច្ចធាក់ជាច្រើនជើងចំពោះ។ នៅយប់នោះហើយដែល បុប្ឆា ធ្លាក់ឈាមច្រើនទៅលើដី៖ «ពេលហ្នឹងខ្ញុំដឹងថា ពេលគាត់ត្រឡប់ទៅមន្ទីរពេទ្យ គឺពេទ្យឲ្យគាត់សម្រេចចិត្តថា ឲ្យគាត់វះ បើមិនអ៊ីចឹងទេ គឺអាចទាំងខ្លួនគាត់និងកូនអត់រស់ដូចគ្នា។»
ក្រោយចេញពីមន្ទីរពេទ្យ បុប្ឆា បានព្យាយាមចាប់ផ្ដើមជីវិតជាថ្មីនៅលើដីដែលក្រុមហ៊ុនចែកឲ្យនៅ ភ្នំបាត ដោយបានប្រមែប្រមូលលុយដែលសន្សំទុកឲ្យកូនរៀនទៅសង់ផ្ទះឈើតូចមួយ ទំហំជាង ៣ម៉ែត្រ បណ្តោយ ៦ម៉ែត្រនៅទីនោះ។ ទីបំផុតផ្ទះនោះបានត្រឹមតែសង់ទុកចោល បន្ទាប់ពីនាងនិងប្តីបានបែកបាក់គ្នាក្រោយមានជម្លោះប្ដីប្រពន្ធ រឿងព្រមយកដីធ្លីនៅភ្នំបាត។
បុប្ផា៖ «ដីភ្នំបាត នេះគ្មាននរណាអាចរស់បានទេ ព្រោះរកតែស្អីហូបគ្មានផង។ ពួកបងៗនៅហ្នឹងគាត់នៅបានដោយសារគាត់អត់មានមុខរបរអីឲ្យធ្វើ បើគាត់ទៅរកមានធ្វើអី មានតែធ្វើស្រីបារដូចជាខ្ញុំទេ ហើយគេមានគ្រួសារ ធ្វើដូចខ្ញុំម៉េចបាន? នោះផ្ទះខ្ញុំ បើអាចចូលខាងក្រោយបាន ព្រោះទ្វារមុខបើកមិនបាន។ នេះផ្ទះខ្ញុំ តែឥឡូវបាក់បែកអស់ហើយ ព្រោះខ្ញុំបែកបាក់គ្រួសារខ្ញុំ ខ្ញុំទុកចោល។»
នាងសម្រេចត្រឡប់មករស់នៅបុរីកីឡាវិញជាមួយម្ដាយនិងបងប្អូន ៩នាក់ ដោយជួលផ្ទះគេស្នាក់នៅបណ្ដោះអាសន្ន។ ក្រោយពីលែងលះប្តី បុប្ឆា បានចាប់អាជីពជាអ្នករកស៊ីផ្លូវភេទដើម្បីរកលុយមកមើលជំងឺម្ដាយ ដែលឈឺសន្លាក់ជើង ពេលដែលដួលលើដីនៅថ្ងៃក្រុមហ៊ុនបណ្ដេញចេញ។ នាងនៅមានអម្រែកធ្ងន់មួយទៀត គឺត្រូវសងបំណុលជាង ២ពាន់ដុល្លារជួសម្ដាយ និងមានភារៈឧបត្ថម្ភកូន ២នាក់ឲ្យទៅរៀន។
បុប្ផា៖ «ក្រុមហ៊ុនផានអ៊ីម៉ិច ឈូសផ្ទះម៉ែខ្ញុំ ម៉ែខ្ញុំមានបញ្ហាជំពាក់លុយគេ។ ខ្ញុំបិទភ្នែកដេក គេមកទារលុយៗ។ ខ្ញុំអង្គុយគិតខ្លួនឯងថា បើខ្ញុំមិនធ្វើអ៊ីចឹង ខ្ញុំគ្មានលុយសងគេទេ អ៊ីចឹងខ្ញុំអង្គុយជុំគ្នា ៣នាក់បងប្អូន ប្រាប់ប្អូនថា ទៅធ្វើការទៅ បងទៅធ្វើ (រកស៊ីផ្លូវភេទ) តែឯងទេ ហ្អែងមិនបាច់ធ្វើទេ ស៊ីតែប្រាក់ខែទៅ។ ខ្ញុំដាក់ចិត្តទៅគេងជាមួយភ្ញៀវរាល់ថ្ងៃហ្នឹង មិនមែនបានលុយ ៥០ ឬ ១០០ដុល្លារទេ បានតែ ១៥ ឬ ២០ទេ អ៊ីចឹងខ្ញុំប្រាប់ម្ចាស់បំណុលថា មួយអាទិត្យមកយក ២០ដុល្លារទៅខ្ញុំអោយ តែឥឡូវខ្ញុំសងគេបានពាក់កណ្ដាលហើយ។ ប្អួនៗខ្ញុំវាឃើញអ៊ីចឹង វាសួរថា ចែនៅដេកជាមួយភ្ញៀវមែន? ខ្ញុំថាបើមិនទៅមានលុយពីណា តែហ្អែងមិនបាច់ទៅទេ។ ប្អូនខ្ញុំតូចៗណាស់អត់ចេះគិតអីទេ។»
ក្រៅពីអាជីពរកស៊ីតាមសួនច្បារនៅពេលរាត្រី បុប្ឆា ក្នុងវ័យ ២៦ឆ្នាំ ដែលមានរូបសម្រស់មិនចាញ់តារាសម្ដែងប៉ុន្មាននោះ ក៏មានសមត្ថភាពច្រៀងកំដរក្នុងពិធីមង្គលការ ជប់លៀងផ្សេងៗដែរ ដោយមានក្រុមតន្ត្រីមួយជួលនាងទៅច្រៀង។
(សំឡេង បុប្ឆា ច្រៀងចម្រៀង)
ចំណូលនេះហាក់បានតិចជាងរបរនៅតាមសួនច្បារ ដោយច្រៀងមួយកម្មវិធីនៅភ្នំពេញ ទទួលបាន ១៥ដុល្លារ ហើយបើចុះទៅខេត្តវិញបាន ២០ ទៅ ២៥ដុល្លារតាមខេត្តជិត ឬខេត្តឆ្ងាយ។ ត្បិតនាងមានដុង ឬទេពកោសល្យច្រៀងតាំងពីតូច តែនាងមិនអាចចាប់អាជីពច្រៀងបានជាប់លាប់ ដោយសារតែរកលុយបានតិចមិនគ្រប់សងបំណុល ម្យ៉ាងរបរនេះរកបានតាមពេល។
បុប្ឆា មានប្អូនស្រី ២នាក់ធ្វើការនៅហាងខារ៉ាអូខេ។ ម្នាក់ជាអ្នកកំដរភ្ញៀវ ហើយម្នាក់ទៀតជាអ្នកចាប់ទឹកកក ដែលទទួលកម្រៃបាន ៣៥ដុល្លារក្នុងមួយខែ។ ប្អូនស្រីរបស់នាងម្នាក់ធ្លោយទៅរួមភេទជាមួយភ្ញៀវម្ដងម្កាល ពេលដែលភ្ញៀវឲ្យកម្រៃខ្ពស់។ រីឯម្នាក់ទៀត ទើបតែចាប់ផ្ដើមការងារនេះប៉ុន្មានខែប៉ុណ្ណោះ ដោយសារខ្វះខាតជីវភាព។
បុប្ផា៖ «ខ្ញុំទាន់ម្ដងឃើញប្អូនខ្ញុំទៅដេកជាមួយគេ ខ្ញុំអត់ឲ្យទៅទេ ខ្ញុំគិតថា មនុស្សប្រុសគេមើលងាយយើងណាស់ ខ្ញុំដឹង ព្រោះខ្ញុំធ្លាប់ឆ្លងកាត់។ ខ្ញុំហៅបងប្អូន ៣នាក់ទៅនិយាយនៅមុខវាំង ថាធ្វើអីក៏ដោយ កុំឲ្យម៉ែដឹង ទៅដេកជាមួយគេទៅតែបងមួយបានហើយ ហ្អែងមិនបាច់ទៅទេ តែប្អូនខ្ញុំវាអាណិតខ្ញុំ។ អ្នកធ្វើការទាំងអស់គេទៅម៉ោង ៧យប់ តែចំពោះខ្ញុំ ម៉ោង ៨យប់ទើបចេញពីផ្ទះទៅ ព្រោះខ្ញុំអង្គុយតាមសួន ខ្ញុំខ្មាសគេណាស់ ភ្លើងភ្លឺ គេជិះមកឃើញយើងបានយកយើងទៅ។»
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ ដែលជាស្ថាប័នរដ្ឋមួយដែលបានជួយអោយក្រុមហ៊ុនផានអ៊ីម៉ិច បំពានច្បាប់កិច្ចសន្យាបានជោគជ័យនោះ មានប្រសាសន៍ថា ស្ត្រីរកស៊ីផ្លូវភេទមានច្រើនស្ទើរគ្រប់កន្លែង ដែលពិបាកសិក្សាឲ្យស៊ីជម្រៅថា មកពីមូលហេតុអ្វីឲ្យច្បាស់។
មន្ត្រីរូបនេះអះអាងបន្តថា ជួនកាលលក្ខខណ្ឌរស់នៅល្អក៏មានស្ត្រីស្ម័គ្រទៅប្រកបរបរនេះដែរ៖ «យើងមិនអាចដឹងថា ស្ថានភាពពួកគាត់យ៉ាងម៉េចទេ ខ្ញុំអត់មានអ្វីអត្ថាធិប្បាយលើសនេះទេ។»
តំណាងអ្នកភូមិបុរីកីឡា លោកស្រី ឆាយ គឹមហ៊ន បញ្ជាក់ថា ពីមុន បុប្ឆា មានរបរត្រឹមត្រូវ ជាអ្នកបោសសម្អាតនៅតាមសាលារៀនមួយ និងជួយដេរខោអាវជាមួយម្ដាយក្នុងផ្ទះនៅសហគមន៍បុរីកីឡា។ ការបណ្ដេញចេញពីលំនៅឋានជាដើមចមធ្វើឲ្យ បុប្ឆា ធ្លាក់ដាបទៅចាប់អាជីពជាស្ត្រីរកស៊ីផ្លូវភេទ។
លោកស្រី ឆាយ គឹមហ៊ន៖ «អ្វីដែលជំរុញឲ្យគាត់ធ្វើ គឺមិនមែនជាទឹកចិត្តរបស់គាត់ខ្លួនគាត់ផ្ទាល់ទេ គឺក្នុងគ្រួសាររបស់គាត់អត់មានរកអីបាន អ៊ីចឹងហើយគាត់ក៏ជំរុញចិត្តទៅធ្វើ។ ជាក់ស្ដែងបំផុតគាត់តែងតែត្អូញត្អែរប្រាប់ខ្ញុំដែរ អ្នកដែលមិនទាន់ចាកចេញ គាត់ថា កុំយកសំណងដែលមិនសមរម្យពីក្រុមហ៊ុនផានអ៊ីម៉ិច ព្រោះធ្វើឲ្យពួកគាត់បាត់បង់ប្តី បាត់បង់គ្រួសារដ៏ធំល្វឹងល្វើយរបស់គាត់។»
តំណាង អ្នកភូមិភ្នំបាត លោក ទូច ខន ប្រាប់ថា អ្នករស់នៅ ភ្នំបាត សព្វថ្ងៃ រស់នៅ ពឹងទាំងស្រុង លើជំនួយ សប្បុរសធម៌។ ពួកគេ គ្មានដីស្រែ សម្រាប់ បង្កបង្កើនផល, ភ្លើង ក៏គ្មានប្រើ, មណ្ឌលសុខភាព ក៏គ្មាន, សាលារៀន ក៏នៅឆ្ងាយ, ទឹក ក៏ប្រើមិនគ្រប់។ លោក បន្តថា ស្ត្រីខ្លះ ទាល់តម្រិះ តែងកាត់សក់ ខ្លួនឯង លក់ ដើម្បី បានចំណូល ខ្លះៗ, ហើយ ស្ត្រីខ្លះ ត្រឡប់ ទៅបុរីកីឡាវិញ រកស៊ីផ្លូវភេទ។ រីឯ ប្រុសខ្លះ ពេញកម្លាំង ទៅភ្នំពេញ ធ្វើការសំណង់ រកលុយ មកចិញ្ចឹម ប្រពន្ធកូន ដែលរស់នៅ ភ្នំបាត។
ស្ត្រីមេម៉ាយកូន ២ម្នាក់រស់នៅភ្នំបាត ប្រាប់ថា ២ឆ្នាំហើយដែលអ្នកស្រីនិងកូនរស់នៅពឹងលើជំនួយពីអង្គការក្រៅ រដ្ឋាភិបាល។ ប្រសិនបើគ្មានជំនួយអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ដែលផ្គត់ផ្គង់រាល់ខែទេនោះ ពួកគាត់នឹងស្លាប់៖ «បាត់អស់ហើយ, អត្តសញ្ញាណប័ណ្ណ, ប័ណ្ណគ្រួសារអី ពេលរុះរើ បុរីកីឡានោះ, បាត់អស់ហើយ។ បើ មានទៅ, យើង ចេះតែ ធ្វើការ រោងចក្រ ប្រកបរបរ រកស៊ីបាន។ ដល់ពេលបាត់អស់, មិនដឹង ជាទៅធ្វើអី។»
សព្វថ្ងៃអ្នកភ្នំបាត ស៊ូរស់នៅមានជាង ១០០នាក់ ភាគច្រើនជាកុមារតូចៗ ដែលម្ដាយឪពុកផ្ញើនឹងជីដូន។ ក្មេងៗទាំងនោះខ្លះទ្រាំដើរជាង ៦គីឡូម៉ែត្រ ទៅសាលារៀននៅជើងភ្នំឧត្តុង្គ។ ក្មេងជាង ១ខួបខ្លះ បៅដោះស្វិតជីដូនជំនួសការបៅដោះម្ដាយ។ ក្មេងខ្លះរាងកាយស្គមស្គាំង ស្លេកស្លាំងខ្វះអាហារ ហើយខ្លះខ្លួនឡើងស្រមកដូចមិនដែលងូតទឹក។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភិរម្យ សិក្សារកឃើញថា អ្នកបុរីកីឡា បានបាត់បង់ផ្ទះសម្បែង គ្រួសារនិងមុខរបរពីការអភិវឌ្ឍដែលគ្មានយុត្តិធម៌ មិនមានតម្លាភាព និងការអភិវឌ្ឍដែលគ្មានការទទួលខុសត្រូវពីរដ្ឋាភិបាល។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់ថា អភិបាលរាជធានីភ្នំពេញថ្មី លោក ប៉ា សុជាតិវង្ស ត្រូវការពេលយូរដើម្បីដោះស្រាយរឿងនេះ។ តែជាដំបូងលោកស្នើឲ្យអ្នកបុរីកីឡា ជាង ១០០គ្រួសារ កំពុងរស់នៅក្បែរគំនរសំរាមក្រោមសំពត់តង់កៅស៊ូក្ដៅហែង និងក្រោមជណ្ដើរអាគារ យល់ព្រមទទួលយកកន្លែងស្នាក់នៅបណ្ដោះអាសន្នសិន។
ក្តីសង្ឃឹមតែមួយគត់លើអភិបាលថ្មីដែលធ្លាប់សន្យាថា នឹងដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា ឲ្យលែងមាននៅលើទំព័រកាសែតនោះ ត្រូវបានអ្នកបុរីកីឡា ដកទំនុកចិត្ត បន្ទាប់ពីអាជ្ញាធរដាក់កម្លាំងទៅវាយបណ្ដេញពួកគេម្ដងទៀត កាលពីថ្ងៃទី១៤ កុម្ភៈ ចំថ្ងៃនៃក្តីស្រលាញ់ នៅពេលដែលពួកគេព្យាយាមទៅតាំងទីលំនៅលើអាគារទី៩ ក្នុងតំបន់បុរីកីឡា របស់ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច គឺលោកស្រី ស៊ុយ សុផាន ដែលស្និទ្ធនឹងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមផ្លូវច្បាប់ ពលរដ្ឋសហគមន៍បុរីកីឡា គឺជាអ្នកមានប្រៀបស្របច្បាប់ក្នុងជម្លោះនោះ ដោយសារតែពួកគេមានកិច្ចសន្យាជាភស្តុតាងយ៉ាងរឹងមាំជាមួយក្រុមហ៊ុន ដោយមានការដឹងឮពីអតីតអភិបាលរាជធានីភ្នំពេញចាស់ លោក កែប ជុតិមា អំពីការសាងសង់អាគារ ១០ សម្រាប់អ្នកបុរីកីឡា ចំនួន ១.៧៧៦គ្រួសារ គឺមិនមែនសង់ ៨អាគារ ហើយប្រកាសថា ខាតបង់យករួចខ្លួននោះទេ។
វិលទៅរក បុប្ឆា វិញ នាងបានទម្លាក់កំហុសទាំងស្រុងទៅលើក្រុមហ៊ុនផានអ៊ីម៉ិច ចំពោះការបំផ្លាញគ្រួសារនាងឲ្យបែកបាក់ រហូតធ្វើឲ្យនាងធ្លាក់ខ្លួនក្លាយជាស្ត្រីរកស៊ីផ្លូវភេទ។
នាងទទូចឲ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ គប្បីដោះស្រាយបញ្ហានេះជូនដល់អ្នកភូមិបុរីកីឡា ដែលមិនទាន់បានសំណង ចៀសវាងកុំឲ្យស្ត្រីឯទៀតប្រកបរបរដូចជានាង៖ «សូម ក្រុមហ៊ុន និងអាជ្ញាធរ ជួយដោះស្រាយ ឲ្យពួកគាត់ទៅ, កុំទុក ឲ្យពួកគាត់ រហេមរហាម, ប្រយ័ត្នគេ ធ្វើសំផឹង ដូចជាខ្ញុំ, ព្រោះ អ្នកនៅក្រោមតង់ ទាំងអស់ សុទ្ធតែ ស្រីស្អាត, កូនគេស្អាតៗ គេ មិនចង់ ឲ្យគេ ធ្វើការងារ ដូចជាខ្ញុំទេ៕»
No comments:
Post a Comment