អ្នកមានជម្លោះដីធ្លី តវ៉ានៅខាងមុខសហភាពអឺរ៉ុប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (រូបថត៖ ញឹម សុខន)
សកម្មជន ដីធ្លី ស្នើសហភាពអឺរុប ជំរុញ រដ្ឋាភិបាល ដោះលែងមនុស្ស ២១នាក់ និងបញ្ចប់ វិវាទដី
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី27 ខែមិនា ឆ្នាំ2014
អ្នកមានជម្លោះដីធ្លី ប្រមាណ ៧០នាក់ មកពីសហគមន៍ផ្សេងៗគ្នានៅភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បន្តរកអន្តរាគមន៍ ពីសហគមន៍ អន្តរជាតិ ប្រចាំកម្ពុជា ដើម្បីជំរុញ ឲ្យរដ្ឋាភិបាល រកដំណោះស្រាយ បញ្ចប់ ជម្លោះដីធ្លី និងដោះលែង មនុស្ស ២១នាក់ ជាប់ឃុំ នៅពន្ធនាការត្រពាំងផ្លុង ឲ្យមានសេរីភាពវិញ។
សកម្មជនដីធ្លីទាំងនោះមកពីតំបន់បឹងកក់ បុរីកីឡា សហគមន៍ថ្មគោល និងសហគមន៍មួយចំនួនទៀត ពួកគេបានលុតជង្គង់ ស្រែកតាមឧបករណ៍បំពងសម្លេង មុខការការិយាល័យសហភាអឺរុបប្រចាំកម្ពុជា ដែលមានទីតាំងជាប់ផ្លូវនរោត្តម ចម្ងាយជាង១០ម៉ែត្រ ពីផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជិតវិមានឯករជ្យ។
ស្ត្រីរូបនោះ បន្តថា ការដាក់ញត្តិរកអន្តរាគមន៍ពីសហភាពអឺរុបនៅថ្ងៃនេះ ទំនងជាធ្វើឲ្យលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តថ្មីរកដំណោះស្រាយ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលបានបណ្តេញចេញ ដើម្បីបានសហការល្អ ជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍អន្តរជាតិ ដែលគោរពលិទ្ធិប្រជាធិបតេយ្យមួយនេះ «ប្រសិនជាគាត់មិនដោះស្រាយ ជូនសហគមន៍ជូនសហគមន៍ផ្សេងៗ ឬមួយក៏ដោះលែង សកម្មជនទាំង២១រូបនេះទេ សូមឲ្យសភាអឺរ៉ុប បង្កកជំនួយដែលគាត់ត្រូវការនេះ ត្រូវតែបង្កកឲ្យបានឆាប់បំផុត»។
ការដាក់ញត្តិរបស់អ្នកមានជម្លោះដីធ្លីនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងចំពេលដែលលោក Werner Langen ប្រធានក្រុមសមាជិកសភាសហគមន៍អឺរ៉ុបមកបំពេញការងារនៅកម្ពុជា និងមានគម្រោងជួបមន្ត្រីរដ្ឋាភិបាលផងដែរ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រីទេព វន្នី យល់ថា តាមរយៈការដាក់ញត្តិនេះ សហភាពអឺរុបដែលមាន ប្រទេស២៨ផ្សេងទៀតជាសមាជិកនោះ ទំនងជារំលឹករដ្ឋាភិបាល ពិចារណារឿងអយុត្តិធម៌សង្គម ដែលរដ្ឋាភិបាលខកខានមិនបានដោះស្រាយកន្លងមក ដើម្បីបានជំនួយបន្ថែមទៀត «ក្នុងនាមយើងជាប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ពីសំណាក់រដ្ឋាភិបាល ពួកខ្ញុំជឿជាក់ថា សហភាពអឺរ៉ុបគាត់មានឥទ្ធិពលជួយជំរុញដល់រដ្ឋាភិបាល ឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជូនពួកយើង»។
សហរដ្ឋអាមេរិក បានសម្រេចបង្កកជំនួយ ៨០លានដុល្លារក្នុងមួយឆ្នាំ ដល់រដ្ឋាភិបាល ក្រោយពីមានការខ្វែងគំនិតគ្នា របស់អ្នកនយោបាយខ្មែរ រឿងរៀបចំរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត។
យ៉ាងណាក៏ដោយ ក្រោយមានសម្លេងស្រែករកអន្តរាគមន៍ ប្រមាណជិត២០នាទី ឯកអគ្គរដ្ឋទូតរបស់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា លោក Jean Francois Cautain បានចេញមកទទូលញត្តិអ្នកភូមិ តែមិនបានសន្យាពីការជួយរកដំណោះស្រាយទេ។
No comments:
Post a Comment