Paris Peace Accords 23 Oct. 1991

Sunday, March 9, 2014

អ្នកឃ្លាំមើល​៖ ការរារាំង​វេទិកា​ របស់​ កម្មករ​ ពី​សំណាក់​ អាជ្ញាធរ បង្ហាញ​ពី ​រូប​ភាពអវិជ្ជមាន​ ទៅ​សហគមន៍​អន្តរជាតិ​​

សមត្ថកិច្ចដាក់របាំងហាមមិនឲ្យបាតុករចូលទីលានប្រជាធិបតេយ្យ នៅព្រឹកមិញ (រូបថត៖ ណាត សុភាព)

អ្នកឃ្លាំមើល​៖ ការរារាំង​វេទិកា​ របស់​ កម្មករ​ ពី​សំណាក់​ អាជ្ញាធរ បង្ហាញ​ពី ​រូប​ភាពអវិជ្ជមាន​ ទៅ​សហគមន៍​អន្តរជាតិ​​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​ទង្វើ​រារាំង​របស់​សមត្ថកិច្ច ទៅ​លើ​កម្មករ​ថា​ជា​រូប​ភាពអវិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅកាន់​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ​ជា​ជំហាន​វិជ្ជមាន​មួយ​ជួយ​ឲ្យ​កម្មករ ឲ្យមាន​ភាពក្លាហាន​ក្នុង​ការសម្តែង​មតិ​នៅ​ទី​សាធារណៈ បើទោះបីជា​ប្រឈម​នឹង​ការរា​រាំងក្តី​។​
​បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បិទ​ច្រកចេញ​ចូល​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រារាំង​កម្មករ​ប្រមូលផ្តុំ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍ ដែល​ជា​ទិវា​នារី​អន្តរជាតិ ៨​មីនា​នេះ សហព័ន្ធ​សហជីព និង​សមាគម​ទាំង​១៨ បាន​សម្រេច​យក​សួនច្បារ​ទល់មុខ​ទីលាន​ប្រជាធិបតេយ្យ រៀបចំ​វេទិកា​សាធារណៈ​ជា​បណ្តុំៗ ដោយ​មាន​ការ​ថ្លែង​សារ​ទាក់ទង​នឹង​សិទ្ធិ​នារី​អន្តរជាតិ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​។ ក្នុង​វេទិកា​នេះ កម្មការិនី​ជាច្រើន​នាក់ បាន​ឡើង​ថ្លែង​ពី​ទុក្ខលំបាក​របស់​ពួកគេ នៅពេល​បំពេញ​ការងារ ព្រម​ទាំង​ការទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ចាត់ទុក​ទង្វើ​រារាំង​របស់​សមត្ថកិច្ច ទៅ​លើ​កម្មករ​ថា រូប​ភាពអវិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល ទៅកាន់​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​បំពារបំពាន​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស​ថ្ងៃ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ផ្ទាល់​។​
​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត សង្កេតឃើញថា ទោះបីជា កម្មករ​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ មាន​ចំនួន​តិច​តួចក្តី ប៉ុន្តែ​អ្នកចូលរួម​វេទិកា​សាធារណៈ​នេះ ជាពិសេស​កម្មករ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​ខ្លួន​ក្នុង​ការទាមទារ តាមរយៈ​ការសម្តែង​មតិ​នៅ​ទីសាធារណៈ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។
​សម្រាប់ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ គិតថា វេទិកាសាធារណៈ​របស់​សហជីព ដែល​លេច​ចេញ​រូបរាង​ជា​បណ្តុំៗ​នេះ គឺ​នៅ​មាន​ភាពខ្វះ​ចន្លោះ​ខ្លះ ដោយសារ​ការដឹកនាំ ប៉ុន្តែ​លោក​យល់ថា លទ្ធផល​នៃ​វេទិកា​នេះ គឺជា​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​មួយ បង្ហាញថា ការប្រមូលផ្តុំ​សម្តែង​មតិ​ដោយ​ស្របច្បាប់ គឺ​មិន​ខ្លាច​រង​ការបង្ក្រាប​ឡើយ​។​
តាម​គម្រោង​នៃ​ការជួបជុំ នៅ​ទិវា​នារី​អន្តរជាតិ ៨​មីនា​នេះ ថ្នាក់ដឹកនាំ​សហជីព​ទាំង​១៨ បាន​អញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចូលរួម​វេទិកាសាធារណៈ​របស់​ខ្លួន ដើម្បី​ឆ្លើយបំភ្លឺ​នៅ​ចំពោះ​មុខ​កម្មករ ពី​បញ្ហា​ប្រាក់​ឈ្នួល ការបាញ់​បង្ក្រាប និង​ការឃុំ​ខ្លួន​សកម្មជន​ស​ហ​ជីព​។ ប៉ុន្តែ​សមត្ថកិច្ច បាន​អះអាង​ថា ការអញ្ជើញ​នោះ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​។​
​ក្រុម​មេដឹកនាំ​សហជីព ក៏​បាន​ព្រមាន​ថា​បើ​វេទិកា​នៅ​ថ្ងៃ​ទី​៨ ខែ​មិនា​នេះ នៅតែ​មិន​មាន​ការឆ្លើយតប ឬ​ដំណោះស្រាយ តាម​ការទាមទារ ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ដោះលែង​អ្នកជាប់ចោទ​ទាំង​២៣​នាក់​ទេ កម្មករ​នៅ​គ្រប់​វិស័យ នឹង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែ​មិនា ហើយ​មន្ត្រី​រាជការ មិន​ទៅ​ធ្វើការ​ឡើយ​៕





1 comment:

  1. Anonymous2:09 AM

    ប្រជាជន ថ្វើបាតុកម្ម ចាប់ វ៉ៃ បាញ់ ថាខុសច្បាប់ តែដល់គេទៅសុំច្បាប់ បែរជាមិនឱ្យ ដូចច្នេះធ្វើអ្វក៍មិនបានដែរ គឺវាខុសច្បាប់ ហ៊ុន សែន ទាំងអស់ ឯសង្រ្គោះជាតិថាដំឡើងប្រាក់ខែ ពូលីស ទាហ៊ាន ១លានរៀល ពូលីស ទាហានទាំងនោះ គេមិនចង់បានទេ ប្រោះពួកគេថាប្រាក់ខែ ហ៊ុន សែន បើកឱ្យ នោះវាគ្រប់គ្រាន់ ហើយ បើ ហ៊ុន សែន មិនបើកក៍ពួកគេនៅតែការពារ ហ៊ុន សែន ដែរ គេថាយួនយកដីខ្មែរក៍យកទៅមិនមែនដីម៉ែវាទេ ឯយួនមកនៅស្រុកខ្មែរក៍ពូកវាមិនខ្វល់ដែរ ប្រោះយួនទាំងនោះមិនទាន់ដណ្ដើមផ្ទះវាឯណា អញ់ទម្រំបានធ្វើ ពូលីស ទាហ៊ាន អញ៉ខំរៀនចង់ងាប់ទៅហើយ ទៅរៀនដល់ស្រុកយួនឯណោះកុំច្រឡំវើយ ។ហា ហា ហា នេះហើយ ពូលីសទាហានខ្មែរ ចង់ថាឱ្យប្រាកខែរ៥លាន ក៍ ពួកគេមិនខ្វល់ដែរ ព្រោះបុណ្យពួកគេវាពិបាករកណាស់ ធ្វើយ៉ាងណាក៍គេមិនរត់ចោលហ៊ុន សែន ដែរ ឃើញទែ ពួក គេបាញ់ វ៉ៃ សម្លាប់ខ្មែរមិនត្រាប្រណីទេ។

    ReplyDelete