កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឹរ៉ុប នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១០ ដល់ ១៣មីនា នៅបែលហ្ស៊ិក
ដោយ៖ ដួង សុខា / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014
កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-សហភាពអឺរ៉ុប នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនានេះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។
សេចក្តីជូនព័ត៌មានក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៦ ខែមីនា ឲ្យដឹងថា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ និងប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនៃសហភាពអឺរ៉ុប លោក អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO) នឹងធ្វើជាសហប្រធានកិច្ចប្រជុំនេះ។
សេចក្តីជូនព័ត៌មាន បន្តថា កិច្ចប្រជុំនឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ សន្តិសុខ ច្បាប់ ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងសកលលោក។ នៅទីបញ្ចប់នៃកិច្ចប្រជុំ នឹងមានការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៨នេះ និងសេចក្តីប្រកាសព័ត៌មានរួម៕
No comments:
Post a Comment