គណបក្ស សង្គ្រោះជាតិ ថ្កោលទោស ចំពោះ ការប្រើ ហិង្សា ទៅអ្នកគាំទ្រ ប្រធាន វិទ្យុសំបុកឃ្មុំ
ដោយ៖ ឡេង ចាន់រតនា / វីអូឌី | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ ថ្កោលទោស ចំពោះ ការបង្ក្រាប ដោយហិង្សា ពីសំណាក់ អាជ្ញាធរ ទៅលើ ការជួបជុំ របស់ ប្រជាពលរដ្ឋ ដឹកនាំដោយ ប្រធាន វិទ្យុសំបុកឃ្មុំ ដែលទាមទារសិទ្ធិ ក្នុងការប្រើប្រាស់ ហ្រេ្វកង់វិទ្យុ និងទូរទស្សន៍ ពី ក្រសួងពត៌មាន នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមីនានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ លើកឡើងថា រាល់ការទាមទារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការជួបជុំ ឬសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ឬសាធារណៈនានា តែងរងនូវការគំរាមកំហែង និងការទប់ស្កាត់ ពីសំណាក់អាជា្ញធរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែល ចាត់ទុកទង្វើនេះ ថាជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពក្នុងការជួបជុំ ការសម្តែងមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្ដរជាតិ។
ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់កម្លាំងសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទនេះ បានប្រើហិង្សាបំបែកប្រជាពលរដ្ឋជាង ១០០នាក់ ដែលជាអ្នកគាំទ្រប្រធានវិទ្យុសំបុកឃ្មុំ បណ្តាលឲ្យបុរសពីរនាក់រងរបួលក្បាល នៅក្បែរស្ពាននាគ ខណៈដែលពួកគេព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារជាថ្មីម្តងទៀត សុំដំឡើងហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត៕
No comments:
Post a Comment