Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

រដ្ឋមន្ត្រី ក្រសួង​ការងារ​៖ បាតុកម្ម ​របស់​ កម្មក​រ កើតឡើង​ ដោយសារ​គណបក្ស ​ប្រឆាំង និង​សហជីព ​ទុច្ចរិត​

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក្នុងពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​របាយការណ៍​ពីរ កាលពីព្រឹកមិញ (រូបថត៖ តាំង វីដា)


រដ្ឋមន្ត្រី ក្រសួង​ការងារ​៖ បាតុកម្ម ​របស់​ កម្មក​រ កើតឡើង​ ដោយសារ​គណបក្ស ​ប្រឆាំង និង​សហជីព ​ទុច្ចរិត​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃពុធ ទី12 ខែមិនា ឆ្នាំ2014

រដ្ឋមន្ត្រីក្រសួង​ការងារ នៅ​ថ្ងៃ​ពុធ​នេះ ចាត់ទុកថា ការធ្វើ​កូដកម្ម និង​បាតុកម្ម ដែល​កំពុង​បង្អាក់​ប្រតិបត្តិការ​ពាណិជ្ជកម្ម បង្ក​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្កើតឡើង​ដោយ​គណបក្ស​ប្រឆាំង និង​សហជីព​មួយចំនួន ដែល​ស្ថិតក្រោម​ការបញ្ជា​របស់​អ្នកនយោបាយ​។​
​ថ្លែង​បន្ទាប់ពី​ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​របាយការណ៍​ពីរ ដែលជា​ឯកសារ​គោលនយោបាយរ​បស់ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​របាយការណ៍​របស់​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO) រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង ឲ្យដឹងថា បើទោះបីជា រដ្ឋាភិបាល បាន​កំពុង​រៀបចំ​កិច្ចសន្ទនា​ត្រីភាគី ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ក្តី តែ​បាតុកម្ម​បិទផ្លូវ ការ​រាំងខ្ទប់​ច្រកចេញ​ចូល​ក្រុមហ៊ុន និង​ការបង្ខំ​កម្មករ ឲ្យ​ឈប់​ធ្វើការ ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ភាគច្រើន​កើតឡើង​ខុសច្បាប់ បង្ក​ដោយ​ក្រុម​ឱកាសនិយម និង​សហជីព​មួយចំនួន​តូច ដែល​មាន​និន្នាការ​គាំទ្រ​បក្សប្រឆាំង​ «​វា​មិនមែន​ជា​កូដកម្ម បាតុកម្ម រឿង​លក្ខ័ណ ការងារ​ដាច់​ដោយ​លែ​ក​ទេ វា​ជា​កញ្ចប់​នយោបាយ ដោយ​បង្កើត​ឡើង ដោយ​គណបក្ស​ប្រឆាំង ហើយ​និង​សហជីព របស់​ពួកគេ បញ្ហា​នេះ គឺ​មិន​អាច​ដោះស្រាយ​បាន​ឆាប់​ទេ ហើយ​វា​ត្រូវតែ​យក​ច្បាប់ មក​អនុវត្ត​ឲ្យបាន​ត្រូវ ហើយ​កុំទៅ​គំរាម ធ្វើ​កូដកម្ម​ស្អី នេះ​វា​ជា​រឿង​មួយ​ដែល​មិន​សមរម្យ​ទេ ហើយ​ការ​គំរាម​បែបនេះ ខ្ញុំ​មើល​ទៅ​វា​មាន​ចរិក​នយោបាយ​ទេ ដើម្បី​ផល​ប្រយោជរប​ស់​ក្រុមខ្លួន ដើម្បី​គណបក្ស​នយោបាយ​របស់​ខ្លួន »
លោក អ៊ិត សំហេង ក៏បាន​អំពាវនាវ​ដល់​សហជីព ដែល​មាន​គម្រោង​ធ្វើ​បាតុកម្ម ត្រូវ​ផ្តាច់ខ្លួន​ចេញពី​គណបក្ស​នយោបាយ និង​រង់ចាំ​យន្តការ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​នេះ ពី​រដ្ឋាភិបាល ដើម្បី​ជៀសវាង​បង្ក​អសន្តិសុខ​ដល់​វិនិយោគិន នាំ​ឲ្យ​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​លើ​វិស័យ​នេះ​។​
​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង ចាត់ទុកថា ការ​ញុះញង់​កម្មករ​ធ្វើបាតុកម្ម រហូត​ឈានដល់​ហិង្សា គឺ​បណ្តាល​មក​ពី​សហជីព​ទុច្ចរិត ដែល​មាន​បក្ស​ប្រឆាំង​ជា​បង្អែក ហើយ​ជាក់ស្តែង​គឺ​កម្មករ​រង​ការ​គំរាម ពី​សហជីព​ទាំងនោះ «១៥​ឆ្នាំ​មក​និង​កូដកម្ម​ខុសច្បាប់​រហូត​ឥតមាន violence មិច​អញ្ចិង​គិត​មើល ១៥​ឆ្នាំ​មុន​មួយ​ថ្ងៃ​មាន​កូដកម្ម​ផ្តេសផ្តាស កូដកម្ម​ខុសច្បាប់​ហើយ​មាន​ហិង្សា​ណាស់ មាន​រដ្ឋ​ចេញ​កម្លាំង​ទៅ​ធ្វើ​អី​ណា មក​ពី​អា​ខែ​១២​និង ជាពិសេស​គាត់​ប្រើ​កម្លាំង​នៅក្រោយ​មាន​នយោបាយ​»​
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​គ្រោង​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ និង​ការដោះលែង​ជន​ជាប់​ឃុំ​២១​នាក់ អះអាងថា ការទាមទារ​របស់​ខ្លួន គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿន​នយោបាយ​ឡើយ​។ លោក​ថា រដ្ឋាភិបាល អាច​ពិសោធន៍​បាន​លើ​ករណី​នេះ ដោយ​ឆ្លើយតប​នឹង​តម្រូវ​របស់​កម្មករ​ជាមុន និង​រង់ចាំ​សង្កេត​មើលថា​តើ​សហជីព​ខ្លះ​ណា ដែល​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​។​
​អ្នកនាំពាក្យ​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់ទុក​ការចោទប្រកាន់​នេះ ថា​ជា​ការ​មិន​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅលើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​រោងចក្រ​។ លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​លទ្ធភាព​បង្គាប់បញ្ជា​ដល់​សហជីព ឬ​កម្មករ ធ្វើបាតុកម្ម​នោះ​ទេ «​កុំ​ចង្អុលមុខ​ទៅ​គណបក្សប្រឆាំង គណបក្សប្រឆាំង​គ្មាន​ឥទ្ធិពល គ្មាន​អី​ទៅ​ប្រមែ​ល​ប្រមូល​កម្មករ​ឲ្យទៅ​ធ្វើបាតុកម្ម រាប់​មឹន​នាក់ ដរាបណា មិន​គណបក្ស​ប្រជាជន មិនបាន​ធ្វើ​អ្វី​ខុស​ចំពោះ​កម្មករ ហើយ​សំខាន់​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​និង​សំលឹងមើល​ពិភពលោក​រាប់រយ​ប្រទេស​ទៅ កាលណា​តែ​ប្រាក់ខែ​គេ​ហូប​គ្រាប់​គ្រាន់​ហើយ​ទោះជា ទេវតា​ទៅ​ញុះញង់​កម្មករ​ឲ្យទៅ​ធ្វើ​បាតុកម្មក៏​ធ្វើ​មិន​ចេញ​ដែរ »​​។
​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ក្នុង​ទិវា​នារី​អន្តរជាតិ កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រារាំង​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ រៀបចំ​វេទិកា​សាធារណៈ នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​អះអាង​ថា ការទាមទារ​នោះ មិនមែន​ជា​ឆន្ទៈ​ពិត​របស់​កម្មករ​ឡើយ ដោយសារ​មាន​អ្នក​នយោបាយ​នៅ​ពីក្រោយ​។ ការលើក​ឡើង​នោះ ស្របពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ទៅ​កាន់​បរិវេណ​ជិត​ទីលាន​ប្រជាធិបតេយ្យ និង​ប្រកាស​ជំហរ​គាំទ្រ​ការតវ៉ា​របស់​កម្មករ និង​ថ្កោលទោស​ការ​រ​រាំង​របស់​អាជ្ញាធរ​ផងដែរ​៕




No comments:

Post a Comment