Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

អាជ្ញាធរ​ ស្រុក​ខេត្ដ​ព្រះវិហារ រង​ការ​ចោទ ថា ហាមឃាត់​ ជនជាតិ​គួ​យ ធ្វើស្រែ ​លើដី​​ ពួកគេ​

អាជ្ញាធរ​ ស្រុក​ខេត្ដ​ព្រះវិហារ រង​ការ​ចោទ ថា ហាមឃាត់​ ជនជាតិ​គួ​យ ធ្វើស្រែ ​លើដី​​ ពួកគេ​


ដោយ៖​ បូ សា​វី​ / វីអូឌី | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014 

ប្រជា​សហគមន៍​ជនជាតិដើម​ភាគ​តិចគួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ ចោទប្រកាន់​អាជ្ញាធរ​ខេត្ដ​នេះ​ថា ហាមឃាត់​ពួកគេ​មិនឲ្យ​ធ្វើ​ស្រែលើ​ដី​របស់​ខ្លួន ដែល​ធ្លាប់​អាស្រ័យ​ផល​កន្លងមក​។
សមាជិក​សហគមន៍ នៅ​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ អ្នកស្រី សឹង សាំ ប្រាប់​ VOD​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ដីស្រែ​នៅ​ចំណុច​អូរ​ព្រា​ល ជាប់​ព្រំប្រទល់​ស្រុក ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ត្រូវបាន​អាជ្ញាធរ​ស្រុក​ទាំង​ពីរ​នេះ រារាំង​ប្រជា​សហគមន៍​មិនឲ្យ​ធ្វើ​ស្រែ ដោយ​អះអាង​ថា ជា​ដី​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង និង​ជា​ដី​ស្រុក​ឆែ​ប។ អ្នកស្រី​បន្ដ​ថា អាជ្ញាធរ​បាន​ព្រមាន​ចាប់ខ្លួន អ្នកភូមិ​ណា ដែល​ហ៊ាន​ធ្វើស្រែ​លើដី​នោះ​។
អ្នក​ភូមិ​មួយ​រូប​ទៀត អ្នកស្រី រឿង ខាន់ ឲ្យដឹងថា ដី​នៅ​តំបន់​នោះ ពួកគាត់​ធ្វើ​ស្រែ​ជា​រៀងរាល់ឆ្នាំ ប៉ុន្ដែ​នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​ចិន​ឡាន ហ្វេ​ង បាន​ឈូស​ដើមឈើ​សង្កត់​នៅលើ​ដី ដែល​ធ្វើឲ្យ​ពួកគាត់​អាក់ខាន​ធ្វើស្រែ​មួយឆ្នាំ​។
លោកស្រី​បន្ថែមថា ពេល​អ្នក​ភូមិ​ចូល​ទៅ​ធ្វើស្រែ​លើ​ដី​នោះ គេ​ប្រាប់​អ្នកភូមិ​ថា អាជ្ញាធរ​ខេត្ដ បាន​កាត់​ដី​នោះ​ពី​ស្រុក​ត្បែងមានជ័យ​បញ្ចូល​ទៅ​ឲ្យ​ខាង​ស្រុក​ឆែប​នៅ​ឆ្នាំ​២០១៣ ហើយ​។ អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​ចិន​កំពុង​ដាំ​ស្រូវ និង​អំពៅ​បួនដប់​ដើម ដោយ​លើក​ហេតុផល​ថា ជា​ដី​នៅក្នុង​ស្រុក​ឆែប​។
​ករណីនេះ អភិបាលស្រុក ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ លោក ប៉ាង យា​ត មានប្រសាសន៍​ខ្លី​ថា អាជ្ញាធរ​មិន​បាន​ហាមឃាត់​ពលរដ្ឋ​ទេ ប៉ុន្ដែ​ដី​នៅ​តំបន់​នោះ​ជា​ដី​ក្រុមហ៊ុន​ចិន​ឡាន ហេ្វង​។​
​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាស៍ថា តាម​ការស៊ើបអង្កេត​កន្លងមក ដី​នៅ​តំបន់​អូរ​ព្រាល​នោះ ជា​ដី​នៅ​ស្រុក​ត្បែងមានជ័យ ក្នុង​សហគមន៍​ឃុំ​ប្រមេរ ព្រោះ​មិន​ទាន់​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​។
លោក​ថា ការ​រាំង​មិន​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​បែបនេះ ជា​ករណី​ខុសច្បាប់ ដោយ​លោក​យល់ថា ប៉ះពាល់​សិទ្ធិ​សេដ្ឋកិច្ច​របស់​ពួកគាត់ ខណៈ​ដែល​រដូវ​ធ្វើស្រែ​ជិត​មក​ដល់ ផ្ទុយ​ពី​គោល​ការណ៏កាត់បន្ថយ​ភាពក្រីក្រ​។​
បើ​តាម​របាយការណ៍​ស្ដីពី វិវាទ​ដីធ្លី នៅក្នុង​ឃុំ​ប្រមេ​រ នៅ​ចុងឆ្នាំ​២០១៣ បង្ហាញថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សប្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចិន ឡាន ហ្វេ​ង ដើម្បី​វិនីយោគ​ដំណាំ​អំពៅ កៅស៊ូ និង​ដើម​អាកាស្យា លើ​ផ្ទៃដី ៩០១៥​ហិកតា ដែល​ដី​នោះ​ស្ថិតនៅក្នុង​សហគមន៍​ជនជាតិដើម​ភាគ​តិចគួយ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ឈូសឆាយ​ចំនួន​៥០%​លើ​ផ្ទៃដី​សរុប​។
ជាមួយគ្នា​នោះ​មាន​ក្រុមហ៊ុន​ចំនួន​៤​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ភូមិសាស្ដ្រ​ជាប់ៗ​គ្នា នៅលើ​ផ្ទៃដី​សរុប​ជាង​៤​ម៉ឺន​ហិកតា ស្ថិតនៅ​ស្រុក​បី មាន​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន​៕



No comments:

Post a Comment