CNRP ច្រានចោលអនុសាសន៍ សម្តេចក្រុមព្រះដែលស្នើឲ្យបក្សប្រឆាំងចូលសភា
ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
គណបក្សសង្គ្រោះនៅថ្ងៃចន្ទនេច្រានចោលអនុសាសន៍ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលស្នើឲ្យប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ដឹកនាំបេក្ខជនជាប់ឆ្នោតរបស់ខ្លួនចូលប្រជុំសភាដើម្បីដោះស្រាយបញ្ហាដែលកើតមាន ដូចជាការជាប់គាំងនយោបាយ និងបញ្ហារបស់ជាតិផ្សេងទៀត។
ក្នុងពីធីសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ទ្រង់ដើម្បីបង្កើតបក្សថ្មី កាលពីថ្ងៃអាទិត្យម្សិលមិញ សម្តេចក្រុមព្រះ មានបន្ទូលថា ប្រសិនបើរូបទ្រង់ជាប្រធានគណបក្សសង្គ្រោះជាតិ ជាលោកសម រង្ស៊ី ឬអនុប្រធានគណបក្ស លោក កឹម សុខា វិញទ្រង់នឹងចូលសភា ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ។ សម្តេចក្រុមព្រះ បន្តថាក្របខណ្ឌនៃការដោះស្រាយបញ្ហានានា មានតែនៅក្នុងរដ្ឋសភាតែប៉ុណ្ណោះ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច សរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សម្តេចក្រុមព្រះផ្តល់យោបល់ឲ្យគណបក្សង្គ្រោះជាតិចូលសភា គឺបទពិសោធន៍នេះព្រះអង្គបានទទួលចំនួនបីដងហើយ ចុងក្រោយព្រះអង្គយាងទៅម៉ាឡេស៊ី។ លោកបន្តថាការចូលសភារបស់គណបក្សសង្គ្រោះជាតិ ត្រូវតែចូល ប៉ុន្តែត្រូវតែមានលក្ខខណ្ឌឲ្យបានច្បាស់លាស់ជាមុនសិន បើមិនដូចនោះទេច្បាស់ជាដូចសម្តេចក្រុមព្រះបីដងកន្លងមក។
លោក សុខ ទូច មានប្រសាសន៍ បន្ថែមថា គណបក្សសង្គ្រោះជាតិមិនមានសមាជិកចំនួនគ្រប់គ្រាន់ ក្នុងការវិសោធនកម្មរដ្ឋធម្មនុញទេ គឺមានតែបក្សប្រជាជនដែលមានចំនួនគ្រប់គ្រាន់ក្នុងការធ្វើវិសោធនកម្មបាន ហេតុនេះលោកថា ការចូលសភាត្រូវធ្វើឲ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត បើពុំដូចនេះទេ គណបក្សប្រឆាំងមួយនេះ នឹងបាត់បង់ប្រជាប្រិយភាព។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្លាប់ព្រមានផ្អាកការចរចាបើសិនជាគណបក្សប្រជាជនកម្ពុជា មិនឆ្លើយតបជាវិជ្ជមាន ក្នុងការដាក់ គជប ជាស្ថាប័នធម្មនុញ្ញដែលជ្រើសតាំង ដោយរដ្ឋសភាតាមសំឡេងពីរភាគបី។ ប៉ុន្តែនៅព្រឹកថ្ងៃចន្ទនេះ ជំនួបលើកទី៣ នៃគណៈកម្មការចម្រុះបក្សទាំងពីរ បានពិភាក្សាលើការកែទម្រង់ការបោះឆ្នោត គជប និងបញ្ហាផ្សេងៗទៀត៕
No comments:
Post a Comment