សិក្ខាសាលាស្តីពី ក្របខ័ណ្ឌកំណែទម្រង់កិច្ចការបោះឆ្នោត ដែលមានការចូលរួមសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ (រូបភាព៖ តាំង វីដា)
ERA ផ្តល់អនុសាសន៍ឲ្យ CNRP ជំរុញកំណែទម្រង់ ប្រព័ន្ធបោះឆ្នោត បែបទំនើប និងធានា តម្លាភាពហិរញ្ញវត្ថុ គណបក្ស
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014
សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត (ERA) ផ្តល់អនុសាសន៍ ដល់ គណបក្ស សង្គ្រោះជាតិ (CNRP) ឲ្យលើកឡើង អំពី ការកែទម្រង់ ប្រព័ន្ធចុះឈ្មោះ បោះឆ្នោត បែបទំនើប និងបង្ហាញ តម្លាភាពហិរញ្ញវត្ថុ របស់ គណបក្ស នយោបាយ ដើម្បីដាក់ជារបៀបវារៈ ក្នុងការចរចា ជាមួយ គណបក្សប្រជាជនកម្ពុជា នៅដើមសប្តាហ៍ក្រោយ ។
អនុសាសន៍នេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ក្រោមការចូលរួមពីអង្គការសង្គមស៊ីវិលជាង២០ ធ្វើការលើវិស័យបោះឆ្នោត។
តាមបទបង្ហាញរបាយការណ៍អនុសាសន៍ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឲ្យដឹងថា ការកែទម្រង់ការចុះ ឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត គឺទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលខុសត្រូវក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធទំនើប ដើម្បីធានាការបោះឆ្នោត កុំឲ្យមានភាពស្មុគស្មាញ ហើយការប្រើប្រាស់សំបុត្រកំណើត និងអត្តសញ្ញាប័ណ្ណ ដើម្បីចុះឈ្មោះបោះឆ្នោត មានបច្ចេកទេសគ្រប់គ្រងទិន្នន័យ និងត្រូវផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក៏ជំរុញការគ្រប់គ្រងហិរញ្ញវត្ថុគណបក្ស តាមសេចក្តីព្រាងច្បាប់ ដែល មានកំណត់ពីចំណាយរបស់គណបក្ស និងបេក្ខជន ការបើកចំហរ ចំណូល និងចំណាយ ប៉ុន្តែរក្សាការសម្ងាត់ចំពោះប្រភពចំណូល ហើយមានការឧបត្តម្ភថវិកាពីរដ្ឋទៅគណបក្ស ដែលមានអាសនៈក្នុងសភា ដែលយកចេញពីថវិការដ្ឋ ចម្លោះពី ០,៥% ទៅ ១%។
ករណីនេះ នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែល លោក គល់ បញ្ញា ពន្យល់ថា តាមគោលការណ៍ សម ធម៌ ការអនុវត្តឧបត្តម្ភថវិកាពីរដ្ឋទៅគណបក្ស ដែលមានអាសនៈក្នុងសភា អាចជួយទប់ស្កាត់ការបង្កើតគណបក្សនយោបាយច្រើន ហើយមិនបម្រើដល់ផលប្រយោជន៍សាធារណៈ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា ប្រទេសជាច្រើន បានកំពុងអនុវត្តរូបមន្តកំណត់ការឧបត្តម្ភថវិការដ្ឋ ទៅកាន់គណបក្សនយោបាយជាប់ឆ្នោត ដែលត្រូវបានហៅថាជាផ្នែកមួយនៃប្រាក់វិភាគដើម្បីបញ្ចៀសការបង្កើតគណបក្សច្រើន ហើយសំណើនេះ គណបក្សសង្គ្រោះជាតិ នឹង ពិចារណាដាក់ក្នុងក្របខណ្ឌកំណែទម្រង់ផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា តាមការអនុវត្តច្បាប់កន្លង មក គឺគណបក្សនយោបាយ មានសិទ្ធិខ្ចីថវិការដ្ឋអំឡុងពេលឃោសនា តែត្រូវសងវិញ ប្រសិនបើលទ្ធផលឆ្នោត បង្ហាញថាបក្សនោះ មិនទទួលបានអាសនៈ ឬបានសំឡេងគាំទ្រតិចជាង ៣% នៃសំឡេងបានការ។ យ៉ាងណានេះ លោកថា គណៈកម្មកាចម្រុះបក្សទាំងពីរ នឹងពិភាក្សាលម្អិតលើបញ្ហានេះ នៅជំនួបក្រោយៗទៀត។
អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ យល់ថា ការធ្វើបែបនេះ គឺមិនអាចផ្តល់តម្លាភាពដល់គណបក្សនយោបាយដែលមិនជាប់ឆ្នោត ក្នុងដំណើរការរបស់គណបក្សខ្លួន ដើម្បីស្តារបក្សវិញឡើយ។
ដោយឡែក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមិនទទួលបានអាសនៈ ក្នុងអាណត្តិទី៥នេះរ យល់ថា ការកំណត់នេះ ជារឿងល្អ ដើម្បីទប់ស្កាត់ភាពខិលខូចរបស់គណបក្សមួយចំនួន ដែលមានចេតនាអាក្រក់។ តែលោកថា រដ្ឋគប្បីផ្តល់ប្រាក់ឧបត្តម្ភដល់គណបក្សមិនជាប់ឆ្នោត ដោយភ្ជាប់លក្ខខណ្ឌ ដើម្បីឲ្យគណបក្សទាំងនោះ អាចដំណើរការ ប្រកួតប្រជែងទៅថ្ងៃខាងមុខ។
ក្រោយបញ្ចប់ការធ្វើបទបង្ហាញ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា អះអាងថានឹងពិចារណាលើចំណុចទាំងនេះ ដើម្បីដាក់ជារបៀបវារៈក្នុងជំនួប រវាងគណៈកម្មការចម្រុះគណបក្សទាំងពីរ នៅថ្ងៃទី១០ ខែមីនា សប្តាហ៍ក្រោយនេះ។
ក្នុងជំនួបដំបូងរបស់គណៈកម្មការចម្រុះគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា គណបក្សទាំងពីរ បានឯកភាពគ្នាទៅលើពីរចំណុច គឺការធ្វើកំណែទម្រង់ការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត រួមនឹងសំណើបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្ស។ គណៈកម្មការចម្រុះបក្ស គ្រោងជួបគ្នា នៅដើមសប្តាហ៍ក្រោយ ពិភាក្សាលម្អិតលើចំណុចពីរនេះ រួមនឹងរបៀបវារៈពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័នបោះឆ្នោត យន្តការដោះស្រាយវិវាទ និងការធានាភាពស្មើគ្នា លើប្រព័ន្ធផ្សព្វផ្សាយជាដើម៕
No comments:
Post a Comment