Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

UNICEF ៖ ប្រជាជន​ខ្មែរ ជាង​ ៦​ លាន​នាក់ ខ្វះ​ទឹក​ស្អាត​ ប្រើ​ប្រាស់​

UNICEF ៖ ប្រជាជន​ខ្មែរ ជាង​ ៦​ លាន​នាក់ ខ្វះ​ទឹក​ស្អាត​ ប្រើ​ប្រាស់​

ដោយ សួង សុភារី / RFI | ២១ មីនា ២០១៤
ប្រជាជន​កម្ពុជា ៦​លាន​ ៣​សែន​នាក់ កំពុង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។  នេះ​បើ​តាម ​របាយការណ៍​​ របស់​ អង្គការ ​យូនីសេហ្វ ( Unicef ) នៅ​ក្នុង​ឱកាស​ ទិវា​ទឹក​ពិភពលោក ឆ្នាំ ២០១៤។ ​ ការ​បញ្ចេញ​របាយការណ៍​នេះ គឺ​ស្រប​ពេល​ ដែល​រដ្ឋាភិបាល ​កម្ពុជា ចាត់​ទុក​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ​ជា​អាទិភាព​មួយ ក្នុង​យុទ្ធសាស្ត្រ​របស់​ខ្លួន។ យោង​តាម​របាយការណ៍ ​របស់​ រដ្ឋាភិបាល ការ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រេច​បាន ៤៤​ភាគរយ នៃ​គ្រួសារ​ នៅ​ទី​ជនបទ និង ៧៦ភាគរយ នៃ​គ្រួសារ​នៅ​ទី​ប្រជុំជន។

អង្គការ​យូនីសេហ្វ បាន​និយាយ​ថា ប្រជាជនកម្ពុជា ៦លាន ៣សែន​នាក់ កំពុងតែ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ក្នុងចំណោមនោះ ​មានមនុស្ស ៣លាន៩សែននាក់គឺ​ជាប្រជាជន​ក្រីក្រ ដែលរស់នៅ​ក្នុងតំបន់ជនបទ។ យោងតាម​​អង្គការ​យូនីសេហ្វ​ដែល​ផ្សព្វផ្សាយ ក្នុង​ ឱកាស​ទិវា​ទឹកពិភពលោកថ្ងៃទី ២១ មីនានេះ បញ្ហា​កង្វះទឹកស្អាតនេះ បាន​ធ្វើឲ្យកុមារ​ ដែល​មាន​ចំនួន ៤១ភាគរយនៃ​ប្រជាជន​សរុប ប្រឈម​នឹង​ការ​ឆ្លងជំងឺផ្សេងៗ តាម​រយៈទឹក ដូច​ជា​ជំងឺ​រាគ​ជាដើម។ ជំងឺរាគ ដែល​អង្គការ​អន្តរជាតិមួយនេះ បាន​អះអាងថា ជាជំងឺចម្បងទី២ ដែល​បាន​សម្លាប់កុមារអាយុក្រោម ប្រាំឆ្នាំជាច្រើននាក់​ ហើយ​ថែម​ទាំងបាន​ធ្វើឲ្យ​ខាតបង់​ទឹក​ប្រាក់​ប្រមាណ ១៤៦លាន​ដុល្លា នៃផលិតផល​សរុប​ក្នុង​ស្រុក​ GDP របស់កម្ពុជា។
 
អង្គការ​យូនីសេហ្វ បាន​លើកឡើង​បន្តថា ដើម្បី​ធានាថា ប្រជាជន​កម្ពុជា អាចទទួល​បាន​ទឹក​ស្អាតប្រើប្រាស់ ល្គឹក​ណា​មាន​ការ​បង្កើន​ការ​បេ្តជ្ញាចិត្ត​ និង​ការវិនិយោគ លើការ​បង្កើន​គុណភាព​​ទឹក​នៅជន​បទ។ មួយ​វិញ​ទៀត កម្ពុជា​ត្រូវ​តែពន្លឿន​ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​បន្ថែមទៀត។ ​ដើម្បីលើកកម្ពស់​សុខភាពនៅ​កម្ពុជា អង្គការយូនីសេហ្វ​បានជំរុញឲ្យស្ថាប័ន​សាធារណៈ និង​ប្រជាពលរដ្ឋតាម​គ្រួសារ ត្រូវ​តែជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់ទឹក​ស្អាត បូករួម​ទាំងអនាម័យ​ផង ប្រយោជន៍គឺដើម្បី កាត់បន្ថយ​អត្រាស្លាប់​ និង​អត្រា​ចំនាយ​ថវិកាជាតិ។

របាយការណ៍ដដែលបង្ហាញថា បច្ចប្បន្ន​នេះ មាន​សាលាបឋម​សិក្សា ប្រមាណ ៤០ភាគរយ និង​មណ្ឌល​សុខភាព​ប្រមាណ ៣៥ភាគរយ ពុំ​មាន​បរិក្ខា​ផ្គត់ផ្គង់​ទឹកស្អាតបរិភោគឡើយ។ យ៉ាងណាក៏ដោយ​ អង្គការយូនីសេហ្វ​ សហការជាមួយ​នឹងរាជរដ្ឋាភិបាលកម្ពុជា និង​ដៃ​គូ​អភិវឌ្ឍ​នានា បាននឹងកំពុង​តែ​បន្តគោល​ដៅរៀបចំ​ និង​អនុវត្ត​គោល​នយោបាជាតិ ស្តីពី​ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​សេវាអនាម័យ។​

សូម​រម្លឹកជូន​ថា នៅ​ក្នុង​​យុទ្ធសាស្ត្រចតុកោណ នីតិកាលទី៤ របស់រដ្ឋាភិបាល​កម្ពុជា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រេចបាន ៤៤ភាគរយ នៃគ្រួសារនៅទីជនបទ និង ៧៦ភាគរយ នៃ​គ្រួសារ​នៅទីប្រជុំជន។ យ៉ាងណាក៏ដោយ នៅ​ក្នុងយុទ្ធសាស្ត្រចតុកោណ នីតិកាលទី៥នេះ រដ្ឋាភិបាលកម្ពុជា បាន​បេ្តជ្ញាថានឹង​បន្តពង្រីក​វិសាលភាពនៃ​ការ​ផ្គត់ផ្គង់​ទឹកស្អាត នៅតំបន់ជន​បទ និង​ទីប្រជុំជន។ ការពង្រីកវិលាសភាពទឹកស្អាតធ្វើឡើងតាមរយៈ «យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​វិស័យ​​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ជនបទ ២០១១-២០២៥» ព្រម​ទាំងការ​រៀបចំ​ផែនការ​ជាក់​លាក់ និង​ការលើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ ពីវិស័យ​ឯកជន។

អង្គការ​យូនីសេហ្វ បាន​បន្ថែម​ថា កម្ពុជា នៅ​ពុំ​ទាន់មាន​ទឹកស្អាត​ប្រើប្រាស់ និង​អនាម័យ​មូលដ្ឋាន​នៅ​ឡើយទេ បើ​ទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ បាន​ប្រកាស​រយៈពេល​ជិត​​៤​ឆ្នាំ មក​ហើយថា ការទទួល​បាន​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន គឺ​ជា​សិទ្ធ​របស់មនុស្ស​គ្រប់រូប​គួរទទួលបានក៏ដោយ៕




No comments:

Post a Comment