Paris Peace Accords 23 Oct. 1991

Friday, April 4, 2014

តារា​ភាពយន្ត​ អង់គ្លេស​ មក​កម្ពុជា​ ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​ រៃអង្គាស​ប្រាក់ ជួយ​កុមារ​ខ្មែរ​ ក្រីក្រ

តារា​ភាពយន្ត​ អង់គ្លេស​ មក​កម្ពុជា​ ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​ រៃអង្គាស​ប្រាក់ ជួយ​កុមារ​ខ្មែរ​ ក្រីក្រ

ដោយ យន់ សាមៀន / RFA | 3 April 2014
Listen

រ៉ូស៊ី ហាន ធិងថន វាយលី (Rosie Huntington-Whiteley) ៦១០
តារា​ភាពយន្ត និង​ជា​តារា​បង្ហាញ​ម៉ូត​ សម្លៀកបំពាក់​ ជនជាតិ​អង់គ្លេស អ្នកនាង រ៉ូស៊ី ហាន ធិងថន វាយលី (Rosie Huntington-Whiteley) ជួប​កុមារ​ ក្រីក្រ​ កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​មេសា ឆ្នាំ​២០១៤។  Photo/ Rosie Huntington-Whiteley INSTAGRAM

តារា​ភាពយន្ត និង​ជា​តារា​បង្ហាញ​ម៉ូត​ សម្លៀកបំពាក់​ ជនជាតិ​អង់គ្លេស អ្នកនាង រ៉ូស៊ី ហាន ធិងថន វាយលី (Rosie Huntington-Whiteley) បាន​មក​កម្ពុជា ដើម្បី​ ផលិត ឯកសារ​ភាពយន្ត​ ខ្លី​មួយ ស្តី​អំពើ​ ស្ថានភាព​រស់​នៅ ​របស់​ កុមារ​ក្រីក្រ​កម្ពុជា ដើម្បី ​រៃអង្គាស​ថវិកា​ ជួយ​កុមារ​ក្រីក្រ​ ទាំង​នោះ។  ភាពយន្ត​ ឯកសារ​នេះ នឹង​ចាក់​បញ្ចាំង​ តាម​ស្ថានីយ​ទូរទស្សន៍​ នៃ​ប្រទេស​អង់គ្លេស ក្នុង​ការ​ប្រកួត​ កីឡា​បាល់ទាត់ ​រៃអង្គាស​ ថវិកា​មួយ​ នៅ​ខែ​មិថុនា ខាង​មុខ។

តារា​សម្ដែង​ភាពយន្ត​ដ៏​មាន​ប្រជាប្រិយភាព​របស់​អង់គ្លេស អ្នកនាង រ៉ូស៊ី ហាន ធិងថន វាយលី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មេសា បាន​សម្ដែង​ការ​ឈឺ​ចាប់ និង​ខ្លោចផ្សា នៅ​ពេល​អ្នក​នាង​បាន​ជួប​នឹង​កុមារ​ក្រីក្រ​កម្ពុជា មួយ​ចំនួន និង​បាន​សាកសួរ​ឪពុក​ម្តាយ​ពួក​គេ។ អ្នកនាង រ៉ូស៊ី មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​នាង​ឈឺ​ចាប់​បំផុត​នោះ គឺ​នៅ​ពេល​បាន​ស្តាប់​រឿងរ៉ាវ​ឈឺ​ចាប់​មួយ អំពី​កុមារ​អាយុ ៦​ខែ​ម្នាក់​បាន​ស្លាប់ ដោយសារ​ឪពុក​ម្តាយ​គ្មាន​ថវិកា​ទិញ​ថ្នាំ​ពេទ្យ និង​ទឹក​ស្អាត សម្រាប់​ព្យាបាល​ជំងឺ។

អ្នកនាង​បន្ត​ថា នេះ​ជា​បញ្ហា​ថវិកា​បន្តិចបន្តួច​សោះ ប៉ុន្តែ​បណ្ដាល​ឲ្យ​កុមារ​ម្នាក់​នោះ​បាន​បាត់​បង់​ជីវិត។ កត្តា​នេះ​ហើយ​ដែល​បាន​ជំរុញ​ឲ្យ​អ្នកនាង​គាំទ្រ​យុទ្ធនាការ​ប្រកួត​កីឡា​ បាល់ទាត់ ដើម្បី​ប្រមូល​ថវិកា​ជួយ​កុមារ​ក្រីក្រ​ដែល​មាន​ឈ្មោះ​ថា Soccer Aid។

មន្ត្រី​នាំ​ពាក្យ​អង្គការ​យូនីសេហ្វ (UNICEF) អ្នកស្រី ដេនីស សេហ្វឺដ ចនសាន់ (Denise Shepherd Johnson) មាន​ប្រសាសន៍​ថា តារា​ភាពយន្ត និង​ជា​តារា​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​អង់គ្លេស រូប​នេះ នឹង​ផលិត​ភាពយន្ត​ឯកសារ​ស្តី​អំពី​បញ្ហា​សុខភាព​របស់​កុមារ​ក្រីក្រ​នៅ​តាម​ តំបន់​ជនបទ​កម្ពុជា ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ទឹក​ស្អាត អនាម័យ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត។ អ្នកស្រី​បន្ថែម​ទៀត​ថា អង្គការ​យូនីសេហ្វ ចង់​ឲ្យ អ្នកនាង រ៉ូស៊ី ហាន ធិងថន វាយលី ស្វែង​យល់​ពី​ផល​វិបាក​របស់​កុមារ​រស់​នៅ​តាម​តំបន់​ជនបទ ដែល​មិន​ទាន់​ទទួល​បាន​សេវា​សង្គម ហើយ​ចង់​ប្រែ​ក្លាយ​ស្ថានភាព​របស់​កុមារ​នៅ​តាម​ជនបទ ឲ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ដូច​កុមារ​នៅ​ទីក្រុង។

អ្នកស្រី ដេនីស សេហ្វឺដ ចនសាន់៖ «អ្វី​ដែល​យើង​ចាប់​អារម្មណ៍​នោះ គឺ​យើង​ចង់​ផ្តល់​សេវា​សង្គម​ទាំង​ឡាយ​ណា​ដែល​កុមារ​ត្រូវ​ការ​ចាំបាច់​ទៅ​ ឲ្យ​ពួក​គេ។ យើង​ចង់​ធានា​ថា កុមារ​ទាំង​នោះ​អាច​ទៅ​សាលា​រៀន ទទួល​សេវាកម្ម​សុខភាព ឬ​ក៏​លិខិត​សំបុត្រ​កំណើត។ យើង​ចង់​ឃើញ​សុបិន​កុមារ​ទាំង​នោះ​ក្លាយ​ជា​ការ​ពិត។ យើង​ក៏​ចង់​ឃើញ​ថា សិទ្ធិ​កុមារ​ទាំង​នោះ​ត្រូវ​បាន​គោរព ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។»

អ្នកស្រី​បន្ត​ថា ដំណើរ​តារា​ភាពយន្ត​អង់គ្លេស អ្នកនាង រ៉ូស៊ី ហាន ធិងថន វាយលី មក​កម្ពុជា នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​អង់គ្លេស ចំពោះ​បញ្ហា​ទាំង​ឡាយ​ដែល​កុមារ​កម្ពុជា កំពុង​ជួប​ប្រទះ ហើយ​ពួក​គេ​អាច​ផ្តល់​ថវិកា​ជួយ​ដល់​កុមារ​ទាំង​នោះ៖ «ដោយសារ​តែ​អ្នកនាង ​មាន​អ្នក​គាំទ្រ​នៅ​លើ​ទំព័រ​ថ្វីតធឺ (twitter) ប្រមាណ ១​លាន ៩​សែន​នាក់។ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​លើក​កម្ពស់​ការ​ស្វែង​យល់​ពី​ផល​វិបាក​មួយ​ ចំនួន ដែល​កម្ពុជា កំពុង​ជួប​ប្រទះ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ដើម្បី​ផ្តល់​មធ្យោបាយ​ដល់​សប្បុរសជន ឲ្យ​ជួយ​ដល់​កុមារ​កម្ពុជា ដើម្បី​ធានា​សិទ្ធិ​កុមារ​ត្រូវ​បាន​គោរព។»

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣ មេសា ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​កែលំអ​បញ្ហា​ខ្វះខាត​មួយ​ចំនួន ដែល​កុមារ​នៅ​តាម​តំបន់​ជនបទ​កំពុង​ជួប​ប្រទះ។ ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក​បដិសេធ​ការ​លើក​ឡើង​របស់​តារា​ភាពយន្ត​អង់គ្លេស អ្នកនាង រ៉ូស៊ី ដែល​ថា កុមារ​កម្ពុជា ស្លាប់​ដោយសារ​គ្មាន​ថវិកា​ព្យាបាល​ជំងឺ៖ «រាជ​រដ្ឋាភិបាល ​បាន​ធ្វើ​ជា​បណ្ដើរៗ ដូច​ជា​ចំណាត់​ការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដូច​ជា​ពលរដ្ឋ​ដែល​ក្រ​ទទួល​បាន​សេវា​សុខភាព​ដោយ​ឥត​គិត​ថ្លៃ។»

ក្នុង​ទិវា​ទឹក​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៤ កាល​ពី​ខែ​មីនា អង្គការ​យូនីសេហ្វ បាន​ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ៦​លាន ៣​សែន​នាក់ នៅ​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​ជា​មូលដ្ឋាន​នៅ​ឡើយ បើ​ទោះ​ជា​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី ៤​ឆ្នាំ​មុន​បាន​កំណត់​ថា ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​មូលដ្ឋាន ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ​ក៏ដោយ។

អង្គការ​យូនីសេហ្វ បន្ត​ថា ប្រជាពលរដ្ឋ​នៅ​កម្ពុជា ប្រមាណ ៣​លាន ៩​សែន​នាក់ ដែល​ខ្វះ​ទឹក​ស្អាត​សម្រាប់​បរិភោគ គឺ​ជា​ប្រជាជន​ក្រីក្រ​រស់​នៅ​តាម​តំបន់​ជនបទ។ ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​មូលដ្ឋាន​នេះ បាន​ធ្វើ​ឲ្យ​កុមារ​ដែល​មាន​ចំនួន ៤១​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប ប្រឈម​នឹង​ការ​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​ដែល​ចម្លង​តាម​ទឹក។ ការ​ខ្វះ​ទឹក​ស្អាត និង​អនាម័យ ជា​បញ្ហា​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស និង​ប្រាក់​កាស។ បញ្ហា​នេះ បណ្ដាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ១៤៦​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ៕




No comments:

Post a Comment