អង្គការ អន្តរជាតិ ជំរុញ ឲ្យអាមេរិក ស៊ើបអង្កេត ការបោះឆ្នោត នៅកម្ពុជា
ដោយ តាំង សារ៉ាដា / RFA | 9 April 2014
របាយការណ៍របស់អង្គការមូលនិធិបេតិកភណ្ឌពិភពលោក ចំនួន ១១ទំព័រ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ បានជំរុញឲ្យសហរដ្ឋអាមេរិក បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើការបោះឆ្នោតឆ្នាំ២០១៣។ ម្យ៉ាងទៀត សហរដ្ឋអាមេរិក ត្រូវចេញមុខរិះគន់ជាសាធារណៈនូវការរំលោភសិទ្ធិមនុស្សរបស់ លោក ហ៊ុន សែន។
របាយការណ៍នោះសរសេរថា បើទោះបីកម្ពុជា តូច និងមានសេដ្ឋកិច្ចកំពុងស្ថិតក្រោមការអភិវឌ្ឍយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជា តែងតែជាចំណុចកណ្ដាលនៃនយោបាយពិភពលោក។
ប្រធានមូលនិធិសង្គ្រោះជាតិដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ទូច វិបុល អះអាងថា របាយការណ៍របស់អង្គការមូលនិធិពិភពលោក គឺជាមូលដ្ឋានសំខាន់មួយសម្រាប់ពលរដ្ឋខ្មែរអាមេរិកាំង ទាំងអស់ ក្នុងការដាក់សម្ពាធដល់តំណាងរាស្ត្ររបស់ខ្លួនឲ្យយកចិត្តទុកដាក់ បន្ថែមទៀតដល់ប្រទេសកម្ពុជា៖ «អ្វីដែលយើងអាចក្រេបជញ្ជក់ពី របាយការណ៍នោះបាន គឺថាក្នុងនាមយើងជាពលរដ្ឋខ្មែរអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាប្រទេសនានាយកនូវខ្លឹមសារ ដ៏សំខាន់ៗនៃរបាយការណ៍នេះ ផ្ញើជូនតំណាងរាស្ត្ររបស់យើង តំណាងព្រឹទ្ធសភារបស់យើងឲ្យបានយល់ជ្រួតជ្រាបអំពីសារសំខាន់នៃ ប្រទេសកម្ពុជា ពីព្រោះក្នុងរបាយការណ៍នេះគេបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ជាប្រទេសមួយដ៏សំខាន់ ដែលជាផលប្រយោជន៍សំខាន់របស់សហរដ្ឋអាមេរិក ពីព្រោះថាខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារមួយចំនួន ដែលបានទៅជួបជាមួយតំណាងរាស្ត្រក៏ដោយ ឬព្រឹទ្ធសភាអាមេរិក ក៏ដោយ គឺថាសំណួរដែលតែងតែដិតជាប់នឹងខួរក្បាលរបស់យើង គឺថា តើកម្ពុជា មានអ្វីសម្រាប់សហរដ្ឋអាមេរិក? ដូចយើងបានដឹងហើយថា សហរដ្ឋអាមេរិក ដែលចុះជួយបណ្ដាប្រទេសនានា ដូចជា នៅប្រទេសអ៊ីរ៉ាក់ (Iraq) អាហ្វហ្គានីស្ថាន (Afghanistan) និងបណ្ដាប្រទេសដទៃទៀត គឺគេសម្លឹងឃើញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាធំ។»
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងភ្នំពេញ លោក សន ម៉ាឃីនថូស្ស (Sean Macintosh) បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃពុធ នេះថា សហរដ្ឋអាមេរិក តែងយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់បញ្ហាកម្ពុជា ជាពិសេសការព្រួយបារម្ភអំពីតម្លាភាពនៃការបោះឆ្នោត៖ «សហរដ្ឋនៅ តែបន្តបង្កើនទំនាក់ទំនងល្អរបស់ខ្លួនជាមួយពលរដ្ឋខ្មែរ ហើយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាអត្ថិភាពខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការយកចិត្តដាក់ដល់កម្ពុជា។»
របាយការណ៍របស់អង្គការបេតិកភណ្ឌក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីសង្គ្រាមវៀតណាម ឈានដល់របបខ្មែរក្រហមរហូតដល់ការឈ្លានពានរបស់វៀតណាម និងសង្គ្រាមដទៃទៀតដែលតែងមានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅពីមហា អំណាចនានា ហើយថាបញ្ហារបស់កម្ពុជា គឺតែងនៅជាចំណុចកណ្ដាលរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ដូច្នេះហើយ ស្ថិរភាព និងការវិវឌ្ឍនយោបាយរបស់កម្ពុជា គឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
អង្គការមូលនិធិបេតិកភណ្ឌលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងជួយបង្កើតនូវការផ្សារភ្ជាប់ផលប្រយោជន៍ និងតម្លៃនយោបាយក្នុងតំបន់របស់សហរដ្ឋអាមេរិក ហើយដែលវាក៏ជាប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាមេរិក។
លើសពីនេះ កម្ពុជា ជាផ្នែកមួយរបស់អាស៊ាន (ASEAN) ដែលក្នុងលក្ខន្តិកៈរបស់ខ្លួនចែងថា ទោះបីជាប្រទេសនេះតូច ឬធំ គឺមានសំឡេងស្មើគ្នា ហើយថា នេះក៏ជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ផងដែរក្នុងការទំនាក់ទំនងជិតស្និទ្ធជាមួយអាស៊ាន។
សហរដ្ឋអាមេរិក ជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ផងដែរ ដូច្នេះនេះជាឱកាសដ៏ល្អសម្រាប់សហរដ្ឋអាមេរិក នាំមុខគេក្នុងការពង្រីក និងពង្រឹងសិទ្ធិមនុស្ស និងសេរីភាពនានានៅកម្ពុជា។ ហើយនយោបាយរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យកម្ពុជា មានការប្រែប្រួល៕
No comments:
Post a Comment