Paris Peace Accords 23 Oct. 1991

Saturday, April 12, 2014

សមាជិក ​ព្រឹទ្ធសភា​ ១១​រូប ​របស់​ បក្ស​ សម រង្ស៊ី​ មិន​ចូល​រួម ​ប្រជុំ​វិសាមញ្ញ ​នៅ​ថ្ងៃ ១១ ​មេសា

សមាជិក ​ព្រឹទ្ធសភា​ ១១​រូប ​របស់​ បក្ស ​សម រង្ស៊ី​ មិន​ចូល​រួម​ ប្រជុំ​វិសាមញ្ញ ​នៅ​ថ្ងៃ ១១ ​មេសា

ដោយ ដែន អយុធ្យា / RFA | 11 April 2014

គង់ គាំ ៦១០
លោក គង់ គាំ ប្រធាន ​គណបក្ស សម រង្ស៊ី ថ្លែង​ ក្នុង​មហា​បាតុកម្ម ដើម្បី ​ទាមទារ ​ឲ្យ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) កែ​ទម្រង់​ ការ​បោះ​ឆ្នោត ​ជ្រើស​រើស ​តំណាង​រាស្ត្រ​ អាណត្តិ​ ទី​៥ កាល​ពី​ថ្ងៃ ​ទី​២៥ មេសា ឆ្នាំ​២០១៣។  RFA/Den Ayuthyea

សមាជិក​ ព្រឹទ្ធសភា​ ចំនួន ១១​រូប ​របស់ ​គណបក្ស សម រង្ស៊ី ធ្វើ​ពហិការ ​មិន​ចូល​​រួម ​ប្រជុំ​វិសាមញ្ញ ដើម្បី​ ពិនិត្យ​​ផ្តល់​យោបល់ ​ទៅ​លើ​ច្បាប់​ មួយ​ចំនួន ដែល​បញ្ជូន ​ដោយ​រដ្ឋសភា​ ឯក​បក្ស ​នីតិកាល​ ទី​៥ ​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា។  ប៉ុន្តែ មន្ត្រី​ គណបក្ស ​ប្រជាជន​កម្ពុជា ថ្លែង​ថា, ការ​មិន​ចូល​រួម ​ប្រជុំ​ របស់​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស សម រង្ស៊ី មិន​រាំង​ស្ទះ ​ដល់​ដំណើរ​ការ ​ព្រឹទ្ធសភា​ទេ។


លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ទាំង ១១​រូប មិន​ចូល​រួម​ប្រជុំ​វិសាមញ្ញ ព្រោះ​យល់​ថា ច្បាប់​ដែល​រដ្ឋសភា​បញ្ជូន​មក​​ព្រឹទ្ធសភា​ពិនិត្យ និង​ផ្តល់​​យោបល់​ពេល​នេះ​មិន​ត្រឹមត្រូវ​ទេ។ លោក​ស្នើ​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​សម្រេច​កិច្ចការ ឬ​បញ្ហា​ប្រទេស​ជាតិ​ធំៗ ដោយ​មិន​ស្រប​ច្បាប់ ឬ​ឯក​បក្ស​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត៖ «ដូច្នេះ​យើង ​គ្រាន់​តែ​សោកស្ដាយ​ថា ការ​សម្រេច​អនុម័ត​ច្បាប់​ក្នុង​រយៈពេល​ដែល​គ្មាន​ក្រុម​តំណាង​រាស្ត្រ​ គណបក្ស​ប្រឆាំង សង្គ្រោះ​ជាតិ ស្នើ​តែ​ពាក់​កណ្ដាល​រដ្ឋសភា​អ៊ីចឹង​ហ្នឹង គឺ​វា​ខ្វះ​តម្លាភាព វា​ខ្វះ​គណនេយ្យ​ភាព វា​ខ្វះ​ការ​ចូល​រួម។ ដូច្នេះ វា​មិន​ត្រឹមត្រូវ វា​មិន​ធានា​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ។»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មាន​ចុះ​ហត្ថលេខា​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១​រូប ដោយ​បាន​ទទូច​ដល់​គណបក្ស​ឈ្នះ​​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ត្រូវ​ពិភាក្សា​គ្នា​កែ​សម្រួល​ស្ថាប័ន​បោះ​ឆ្នោត ឬ គ.ជ.ប និង​ឈាន​ដល់​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌ និង​ផ្តល់​​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រាថ្នា​ចង់​បាន​ការ​បោះ​ឆ្នោត​ដ៏​ ត្រឹមត្រូវ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់។

​បញ្ហា​នេះ​ដែរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា បាន​ចេញ​សេចក្តី​​ថ្លែងការណ៍​ដោយ​ចាត់​ទុក​ការ​មិន​ចូល​រួម​ប្រជុំ​​របស់​ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី ថា​មិន​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ព្រឹទ្ធសភា​ទេ ព្រោះ​ព្រឹទ្ធសភា​មាន​កូរ៉ុម​គ្រប់​ចំនួន។ របៀបវារៈ​ដែល​ព្រឹទ្ធសភា​បាន​លើក​យក​មក​ពិនិត្យ និង​ផ្តល់​យោបល់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា រួម​មាន ពិនិត្យ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​​ រដ្ឋ​សម្រាប់​​ការ​គ្រប់គ្រង​ឆ្នាំ​​២០១២ ពិនិត្យ​ផ្តល់​យោបល់​​លើ​​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម ​​លើ​​ពិធីសារ​ស្ដីពី​​វិសោធនកម្ម លើ​កិច្ច​ព្រមព្រៀង​រវាង​​កម្ពុជា និង​វៀតណាម ស្ដីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ និង​​ពិនិត្យ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់។

ទោះ​យ៉ាង​ណា សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស សម រង្ស៊ី បាន​ស្នើ​ដល់​គណបក្ស​នយោបាយ​ដែល​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥ ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ ឲ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ធ្វើ​ជា​គន្លឹះ​ដើម្បី​រក្សា​ស្ថិរភាព និង​មាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ​នៅ​កម្ពុជា៕


No comments:

Post a Comment