Paris Peace Accords 23 Oct. 1991

Sunday, April 13, 2014

អាជីវកម្ម ​ខ្នាត​តូច​ កំពុង​ជួយ​ លើក​ស្ទួយ ​ជីវភាព​រស់​នៅ ​របស់ ​ជន​ចំណាក​ស្រុក

អាជីវកម្ម ​ខ្នាត​តូច​ កំពុង​ជួយ​ លើក​ស្ទួយ ​ជីវភាព​រស់​នៅ ​របស់ ​ជន​ចំណាក​ស្រុក

ដោយ អ៊ុក សាវបូរី / RFA | 12 April 2014
ស្ងោរ​ពោត ៦១០
សកម្មភាព​ អាជីវករ ​ស្ងោរ​ពោត​ ក្បែរ​ប្រឡាយ ​ទឹក​ស្អុយ ​បឹង​សាឡាង ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។  RFA/Ouk Savborey

អាជីវកម្ម​ ខ្នាត​តូច​ បាន​ជួយ​ លើក​តម្កើង ​ជីវភាព​ ជន​ចំណាក​ស្រុក ព្រោះ ​របរ​នោះ​ កំពុង​តែ​ មាន​សង្វាក់​ ផលិតកម្ម ​រស់​រវើក ​ក្នុង​ទីផ្សារ ​នៅ​ក្រុង​ភ្នំពេញ។  អាជីវកម្ម​ ខ្នាត​តូច ​នេះ​ដែរ កំពុង​តែ​ ទាក់ទាញ ​អ្នក​ទំនេរ​ ពី​ការ​ធ្វើ​ស្រែ​ចម្ការ សម្រុក ​ចូល​មក​ភ្នំពេញ​ ដើម្បី​ រក​កម្រៃ​ សម្រាប់​ចាយ​ នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ជន​ចំណាក​ស្រុក ​ជាច្រើន ​រស់​នៅ ​ក្បែរ​ប្រឡាយ​ ទឹក​ស្អុយ ​បឹង​សាឡាង ក្នុង​ខណ្ឌ​ ទួលគោក និង​ចំការមន រាជធានី​ភ្នំពេញ កំពុង​កាក់កប​ នឹង​របរ​លក់​ដូរ ​តិចតួច, ហើយ ​ទទួល​ប្រាក់​ចំណូល​ ប្រចាំ​ថ្ងៃ​ ទៀង​ទាត់។

លោក ជា សុភ័គ្រ មក​ពី​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ស្រែ​រួច​រាល់ គាត់​ចេញ​ពី​ភូមិ​ស្រុក​មក​ស្វែង​រក​ចំណូល​បន្ថែម ដើម្បី​ទុក​ចាយ​នា​ពេល​ចូល​ឆ្នាំ​ខ្មែរ។ លោក​ថា របរ​លក់​ដូរ​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដូច​ជា​លក់​ដូង ពោត​ស្ងោរ ពោត​អាំង ដំឡូង​អាំង អន្សម​អាំង ស្លាប​មាន់​អាំង ជើង​មាន់​ចៀន សាច់​គោ​ចង្កាក់​អាំង ប្រហិត​ចៀន ពង​មាន់​អាំង ផ្លែ​ឈើ​ចម្រុះ គុយទាវ បបរ នំ​បញ្ចុក នំ​ដុត ជាដើម គឺ​ជា​របរ​ខ្នាត​តូច ដែល​បាន​ចំណូល​រាល់​ថ្ងៃ និង​អាច​សន្សំ​លុយ​ទុក​បាន​ទៀត​ផង។ របរ​នោះ​វា​បាន​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​គាត់ បាន​ប្រសើរ​ជាង​ធ្វើ​ការ​យក​ប្រាក់​ខែ៖ «ឧស​យើង​ទិញ​គេ​មួយ​ឆ្អិត ៣​ពាន់ គេ​ឲ្យ​យើង​ដុត​ម៉ា​ឆ្អិត។ ពួក​ខ្ញុំ​លក់​មាត់​ទន្លេ ពេល​យប់​បាន​មក​វិញ ជួន​ទៅ​ដល់​ម៉ោង​១០ ១១​យប់​ក៏​មាន តែ​ចេញ​ទៅ​ក៏​ល្ងាច​ដែរ​ហ្នឹង។ ការ​ស្នាក់​នៅ​ថ្លៃ​ផ្ទះ​គេ​១​ខែ ១០​ម៉ឺន ហើយ​ថ្លៃ​ភ្លើង​ផ្សេង​មួយ​បន្ទប់ តែ​យើង​នៅ​គ្នា​ច្រើន ៤ ទៅ ៥​នាក់​អស់​ម្នាក់​បន្តិចៗ។»

លោកស្រី សាយ យ័ន្ត មក​ពី​ភូមិ​ត្រពាំងត្រាវ ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ឲ្យ​ដឹង​ថា របរ​លក់​ដូរ​តិចតួច​នៅ​ភ្នំពេញ បាន​ជួយ​ស្ដារ​ជីវភាព​គាត់​ពី​មិន​មាន​ផ្ទះ​នៅ​សមរម្យ ទៅ​ជា​មាន​ផ្ទះ​នៅ និង​មាន​ប្រាក់​សល់​អាច​សង​ទៅ​ម្ចាស់​បំណុល​លុយ​ដែល​គាត់​បាន​ខ្ចី ៥​ពាន់​ដុល្លារ ដើម្បី​ព្យាបាល​ប្ដី​វះ​កាត់​ពោះវៀន​កន្លង​មក។ លោកស្រី​បន្ត​ថា របរ​លក់​ដូរ​តិចតួច​នេះ ឲ្យ​តែ​អ្នក​ចំណាក​ស្រុក​ព្យាយាម​លក់ គឺ​អាច​សល់​ប្រាក់​ចំណេញ​ក្នុង​១​ថ្ងៃ​យ៉ាង​ហោច ៥​ម៉ឺន​រៀល​ដែរ។ លោកស្រី​អះអាង​ថា គាត់​ចេញ​ពី​ស្រុក​មក​រក​ស៊ី​លក់​ដូរ​លើក​ដាក់​ឥវ៉ាន់ និង​លក់​ពោត លក់​នំ​កំប៉ិកកំប៉ុក​តែ​រយៈពេល ៨​ឆ្នាំ គាត់​សល់​ប្រាក់​ទិញ​ឈើ និង​ស័ង្កសី​មក​ផ្គុំ​គ្នា​សង់​បាន​ផ្ទះ​មួយ​ខ្នង​ឲ្យ​កូន និង​ម្តាយ​គាត់​រស់​នៅ​សមរម្យ ហើយ​លុយ​ក៏​មាន​សល់​ខ្លះ​ផ្ញើ​ឲ្យ​កូន​ទៅ​រៀន។ លោកស្រី​ថា នៅ​ពេល​ចូល​ឆ្នាំ គាត់​នឹង​ទៅ​ផ្ទះ​ជួប​ជុំ​កូន​ចៅ គាត់​នឹង​ចំណាយ​ច្រើន ទើប​គាត់​គិត​ថា​គាត់​លក់​ពោត​ស្ងោរ​ពេល​ព្រឹក និង​ពេល​ល្ងាច​លក់​ផ្សេង​ទៀត៖ «ចំណេញ​បាន​១​ថ្ងៃ ចាយ​ហើយ​អី​អ៊ីចឹង​សល់ ៣​ម៉ឺន ខ្ញុំ​លក់​ពោត ៣​ផ្លូន ប្អូន​ខ្ញុំ​ហៅ​មក​លក់​ពោត​១​ថ្ងៃ​បាន ២-៣​ម៉ឺន​អ៊ីចឹង ផ្សំ​សង​គេ ៥​ពាន់​ដុល្លារ ទម្រាំ​សង​រួច ៥​ឆ្នាំ សង​រួច​ហើយ ឥឡូវ​ទើប​តែ​មក​លក់​សល់​លុយ​សល់​កាក់​បាន​ធ្វើ​ផ្ទះ​នៅ។»

យុវជន​ឈ្មោះ សឿង ប៉េះ អាយុ ២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា គ្រួសារ​គាត់​ទីទ័ល ទើប​គាត់​ចេញ​ពី​ស្រុក​កំណើត​ចូល​មក​រស់​នៅ​តំបន់​ទឹក​ស្អុយ​បឹង​សាឡាង​នេះ ដើម្បី​ស៊ី​ឈ្នួល​លក់​គុយទាវ​ពេល​យប់។ យុវជន​ថា មុខ​របរ​លក់​គុយទាវ​ពេល​យប់ គឺ​មាន​អ្នក​លក់​ច្រើន​គ្នា ដែល​នាំ​គ្នា​ចេញ​ទៅ​លក់​នៅ​ពេល​រសៀល រហូត​ដល់​ពេល​យប់ ទើប​ត្រឡប់​មក​វិញ​ទាំងអស់​គ្នា។ លោក​ថា ថៅកែ​ឲ្យ​គាត់​លក់​ក្នុង​មួយ​ចាន ៣​ពាន់ ទៅ ៤​ពាន់​រៀល។ គាត់​លក់​១​យប់​អាច​លក់​ដាច់ ១០០​ចាន ទៅ​ជាង ១០០​ចាន​ដែរ កម្រ​នឹង​លក់​មិន​ដាច់​ណាស់៖ «មុន​ដំបូង​ខ្ញុំ​ចាប់​របរ​ដើរ​ធ្វើ​រោង​ ការ​នៅ​កៀនស្វាយ ដល់​ហើយ​ខ្ញុំ​មក​តាម​គេ​មក​ដល់​ភ្នំពេញ មក​លក់​គុយទាវ យើង​ដើរ​គោះ​ធម្មតា​ពេល​យប់។ លក់​គ្រប់​កន្លែង ផ្សារ​កណ្ដាល តាម​អូរឫស្សី ផ្សារ​ថ្មី ផ្សារ​ចាស់ មាត់​ទន្លេ​ក៏​មាន​ដែរ ថ្ងៃ​ណា​អត់​ដាច់ កាល​ពី​មុន​លក់​តែ ៣​ពាន់ ឥឡូវ​ឡើង​ដល់ ៤​ពាន់ មូលហេតុ​អីវ៉ាន់​គេ​ឡើង​ថ្លៃ​ដែរ យើង​ឡើង​ថ្លៃ​តាម​សាច់​អី​ដែរ។»

លោកស្រី គឹម ហេង អាយុ ៤៦​ឆ្នាំ មក​ពី​ស្រុក​រកាកោង ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា គាត់​លក់​តែ​គុយទាវ​ទេ។ គាត់​មាន​ធុង​គុយទាវ​២ ត​ភ្ជាប់​ម៉ូតូ​២​គ្រឿង ហើយ​មាន​កម្មករ ៨​នាក់​ជួយ​លក់។ លោកស្រី​ថា គាត់​ចាប់​អាជីព​លក់​គុយទាវ​ពេល​យប់​ជិត ១០​ឆ្នាំ​ហើយ ពេល​ថ្ងៃ​រំងាស់​ទឹក​ស៊ុប ពេល​យប់​គាត់​លក់​គុយទាវ។ លោកស្រី​អះអាង​ថា បាន​ជា​គាត់​រើស​ពេល​លក់​គុយទាវ​យប់ ព្រោះ​មនុស្ស​ត្រូវ​ការ​ហូប​ច្រើន ឯ​អ្នក​លក់​នៅ​ពេល​យប់ គឺ​ខ្សត់​ជាង​ពេល​ថ្ងៃ៖ «កម្មករ ៨​នាក់ ខ្ញុំ​អត់​ដែល​ទៅ​ទេ ក្មេងៗ​ទៅ​លក់​ក្នុង​ភ្នំពេញ​នេះ​តែ​ម្តង ចេះ​តែ​ដើរ​ចល័ត​រហូត​អ៊ីចឹង​ទៅ ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៅ​ចេញ​ម៉ោង ៤​កន្លះ ហើយ​មក​វិញ​ម៉ោង​២ ម៉ោង​៣ អ៊ីចឹង​ទៅ។ លុយ​សរុប​ទាំង​ដើម ទាំងអស់​តែ​ម្តង មួយ​ធុង​បាន ៤០​ម៉ឺន ៣០​ម៉ឺន ក្នុង​១​ធុង។»

ស្ត្រី​ឈ្មោះ ណារ៉ា មក​ពី​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង អះអាង​ថា រដូវ​ប្រាំង​ស្រុក​គាត់​ខ្វះ​ទឹក​មិន​អាច​ធ្វើ​ស្រែ​ប្រាំង​បាន ទើប​អ្នក​ភូមិ​នាំ​គ្នា​មក​រក​ស៊ី​នៅ​ភ្នំពេញ ដើម្បី​យក​លុយ​ទៅ​ចូល​ឆ្នាំ​ខ្មែរ។ លោកស្រី​ថា គាត់​ទិញ​ពោត​នៅ​កន្លែង​បោះ​ដុំ​ក្នុង​ផ្សារ​នាគ​មាស ជា​ផ្លែ​ពោត​ប្រភេទ​លេខ​១ ទិញ​ក្នុង​១​ផ្លូន​ផ្លែ​ថ្លៃ ១​ម៉ឺន ៨​ពាន់​រៀល បើ​ផ្លែ​ពោត​ប្រភេទ​លេខ​២ ថ្លៃ​តែ ១​ម៉ឺន ៥​ពាន់​រៀល​ទេ។ គាត់​លក់​មួយ​ផ្លែ ១​ពាន់​រៀល ហើយ​មួយ​ផ្លូន ៥២​ផ្លែ ទូទាត់​ថ្លៃ​ស្ងោរ​ថ្លៃ​ទឹក គាត់​ចំណេញ​បាន ៣​ម៉ឺន​រៀល​ដែរ ក្នុង​ការ​លក់​មួយ​ជើង ឯ​ក្នុង​១​ថ្ងៃ គាត់​លក់ ២​ជើង គឺ​លក់​ពេល​ព្រឹក និង​ពេល​ល្ងាច។
លោកស្រី​ថា នៅ​ក្នុង​តំបន់​បឹង​សាឡាង​នេះ មាន​អ្នក​ជួយ​គ្នា​ដែរ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដូច​ជា អ្នក​ខ្លះ​ជួញ​ឧស​យក​មក​លក់​ឲ្យ​ពួក​គាត់​សម្រាប់​ស្ងោរ​ពោត។ គេ​គិត​តម្លៃ​ឧស​ក្នុង​ពេល​ស្ងោរ​ពោត​១​ឆ្នាំង​ចំនួន​ពោត​១​ផ្លូន គឺ​៣​ពាន់​រៀល។ លោកស្រី​ថា ពោត​ស្ងោរ​ឆ្អិត​ល្អ ទាល់​តែ​ដុត​ភ្លើង​ដល់​២​ម៉ោង។ ស្ងោរ​ឆ្អិន​រួច គាត់​ស្រង់​វា​រៀប​ដាក់​ថង់ ហើយ​ដឹក​យក​ទៅ​លក់​នៅ​ម៉ោង ៣​ល្ងាច៖ «លេខ​១ មួយ​ម៉ឺន​ប្រាំបី លេខ​២ មួយ​ម៉ឺន​ប្រាំ លក់​វិញ​មួយ ១.០០០ អា​លេខ​១ បើ​លេខ​២ ពីរ ១៥០០ ចុង​ក្រោយ ៥០០​អី​ទៅ យក​ទៅ​លក់​ដល់​រោងចក្រ​អី​ទៅ ៥០០។ លក់​ឥឡូវ​ពិបាក​លក់ លំបាក​រក​ណាស់ ព្រោះ​មនុស្ស​វា​ច្រើន ហើយ​ណា​មួយ​គេ​ជិត​បុណ្យ​ទាន​ផង គេ​មិន​សូវ​ចំណាយ​លុយ​កាក់​ផ្សេងៗ​ដែល​អត់​ហេតុផល​ទេ គឺ​លក់​ដល់​ម៉ោង​៨ ៩​យប់​នោះ ថ្ងៃ​ណា​មិន​ដាច់​ទៅ លក់​ដល់​ម៉ោង ១០ ១១​ឯណោះ។»

ចៅ​សង្កាត់​រង​នៃ​សង្កាត់​បឹង​សាឡាង លោក ខៀវ ថៃសារៈមុន្នី បាន​ឲ្យ​ដឹង​ថា ជន​ចំណាក​ស្រុក​មក​រស់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​សង្កាត់​បឹង​សាឡាង ប្រមាណ​ជាង ១០០​គ្រួសារ។ លោក​ថា ពួក​គេ​ប្រកប​របរ​រក​ស៊ី​បាន​លុយ​ចូល​ប្រចាំ​ថ្ងៃ។ អ្នក​ចំណូល​ថ្មី​ទាំង​នោះ ច្រើន​មក​ទាំង​គ្រួសារ ហើយ​ពួក​គេ​រស់​នៅ​មាន​សណ្ដាប់​ធ្នាប់ មិន​សូវ​បង្ក​បញ្ហា​ហិង្សា ឬ​ចោរកម្ម​នាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លំបាក​ធ្វើ​ការ​ទេ។
កាល​ពី​ថ្ងៃ​ចុង​ខែ​មីនា មន្ត្រី​ក្រសួង​កសិកម្ម និង​បណ្ដាញ​កសិករ និង​ធម្មជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជុំ​គ្នា​២​ថ្ងៃ​ជាប់​គ្នា​ក្នុង​បំណង​ស្វែង​រក​វិធី​ពង្រឹង​សមត្ថភាព​ ដល់​អ្នក​ប្រកប​របរ​ខ្នាត​តូច​ជា​កសិកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ការពារ​មិន​ឲ្យ​មាន​អ្នក​ចំណាក​ស្រុក។ អង្គ​ប្រជុំ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់ ​យុវជន ដើម្បី​ឲ្យ​ពួក​គេ​ចេះ​កែលំអ​ដី​កសិកម្ម ទាញ​យក​ផល​ពី​ដី​វិញ ជា​ជាង​ការ​ដើរ​ចោល​ភូមិ​ស្រុក និង​ដើរ​ចោល​ក្រុម​គ្រួសារ ហើយ​ទុក​ដី​កសិកម្ម​ទំនេរ​ចោល។ ម្យ៉ាង​ទៀត ការ​ចេញ​ពី​ភូមិ​ស្រុក ធ្វើ​ឲ្យ​ជនបទ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ការ​ប្រមូល​ផល​កសិកម្ម ហើយ​ការ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​បរទេស មិន​សូវ​បាន​ជោគជ័យ​នោះ​ទេ។
ប្រធាន​ការិយាល័យ​អង្គការ​កសិករ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក អ៊ុក សារឿន មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ ស្ដីពី​កសិកម្ម​លក្ខណៈ​គ្រួសារ គឺ​ជា​ការ​រួម​ចំណែក​សំខាន់​ដល់​កសិករ​ខ្នាត​តូច ក្នុង​ការ​រួម​គ្នា​ផលិត​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដល់​ពិភពលោក​ទាំង​មូល និង​ការ​ជួយ​ថែ​រក្សា​ស្រទាប់​ផែនដី ព្រម​ទាំង​បង្កើន​ការងារ​ច្នៃ​ប្រឌិត​ដល់​កសិករ​វ័យ​ក្មេង ឲ្យ​គេ​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក ងាក​មក​ទាញ​យក​ផល​ពី​ដី​កសិកម្ម។

ប្រធាន​បណ្ដាញ​កសិករ​អាស៊ី និង​ជា​ប្រធាន​បណ្ដាញ​កសិករ និង​ធម្មជាតិ លោក អ៊ួន សុផល ថ្លែង​ថា យុវជន​ជាច្រើន​បាន​ចំណាក​ស្រុក ព្រោះ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​កន្លែង​គេ​រស់​នៅ។ លោក​ថា ឆ្នាំ​២០១៤ ក៏​ជា​ឆ្នាំ​អន្តរជាតិ​ស្ដីពី​ផលិតកម្ម​កសិកម្ម​ខ្នាត​តូច និង​ប្រកប​ដោយ​និរន្តរភាព​ស្បៀង។ បញ្ហា​នេះ បណ្ដាញ​កសិករ និង​ធម្មជាតិ រៀប​ចំ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​សម្រាប់​ពង្រឹង​កសិកម្ម​លក្ខណៈ​ គ្រួសារ។ គណៈកម្មការ​ថ្នាក់​ជាតិ​នោះ នឹង​ជួយ​បណ្ដុះ​កសិករ​វ័យ​ក្មេង ឲ្យ​ពួក​គេ​មាន​ជំនាញ និង​ចេះ​ស្ទាត់​នូវ​បច្ចេកទេស​កសិកម្ម ហើយ​មិន​ចំណាក​ស្រុក ដើម្បី​ឲ្យ​យុវជន​នៅ​ជាមួយ​គ្រួសារ ហើយ​ធ្វើ​ការងារ​កសិកម្ម​ធានា​ដល់​និរន្តរភាព​ស្បៀង នៅ​ឆ្នាំ​២០១៤ ត​ទៅ។

អង្គ​ប្រជុំ​ក៏​សំដែង​នូវ​ក្តី​បារម្ភ អំពី​ការ​ខិត​ជិត​មក​ដល់​នៃ​ឆ្នាំ​២០១៥ ដែល​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​ទាំង​១០ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា ដែរ នឹង​មាន​ការ​រួម​បញ្ចូល​គ្នា​ទាំង​សេដ្ឋកិច្ច ទាំង​ទំនិញ ទាំង​ពលកម្ម ទាំង​ធនធាន​មនុស្ស ហើយ​ប្រទេស​កម្ពុជា មិន​ដឹង​ថា​អាច​ទប់ស្កាត់​លំហូរ​ចូល​មក​នោះ​បាន​ដែរ​ឬ​ទេ៕



No comments:

Post a Comment