Paris Peace Accords 23 Oct. 1991

Sunday, April 6, 2014

អាដហុក​ បង្ហាញ ​របាយការណ៍​​​ ស្ដីពី​ បទល្មើស​ ព្រៃ​ឈើ

អាដហុក​ បង្ហាញ ​របាយការណ៍​​​ ស្ដីពី​ បទល្មើស​ ព្រៃ​ឈើ

RFA | 6 April 2014  (listen to story)
កាប់​ឈើ ព្រះវិហារ ៦១០
ឈើ​មូល ត្រូវ ​បាន​គេ ​កាប់ ​រួច​ដឹក​ជញ្ជូន​ តាម​គោយន្ត ​នៅ​ក្នុង​ស្រុក​ ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤។   RFA/Mom Sophon

អង្គការ​ សង្គម​ស៊ីវិល ​ដែល​ធ្វើការ​ លើ​ការ​ការពារ ​ធនធាន​ធម្មជាតិ បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​ មួយ ​ព្រួយ​បារម្ភ ចំពោះ​ ការ​កាប់​បំផ្លាញ​ ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន ​ឈើ​ខុស​ច្បាប់​ ច្រើន​ ជាង​បណ្ដា​ប្រទេស​នានា​ ក្នុង​តំបន់ ​អាស៊ាន។

សេចក្ដី​ថ្លែងការណ៍​នេះ បាន​បង្ហាញ​ ទីតាំង​ ​កាប់​ឈើ​ប្រណិត, ឈ្មួញ ​ដែល​បាន​កាប់​បំផ្លាញ, និង​មូលហេតុ ​ដែល​នាំ ​ឲ្យ​ព្រៃឈើ​ ហិន​ហោច។


សមាគម​ ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) បាន​រិះគន់​ ភ្នាក់ងារ ​រដ្ឋាភិបាល​ថា មិន​បាន ​យក​ចិត្ត​ទុកដាក់ ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ ទាន់​ពេល ចំពោះ​ ជន​ប្រព្រឹត្ត បទល្មើស​ ព្រៃឈើ, បើ​ ទោះ​ជា​មាន​ សេចក្ដី​រាយការណ៍​ ពី​ការ​កាប់​បំផ្លាញ​ យ៉ាង​ណា​ ក៏​ដោយ។


អនុ​ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ មេសា ថា មូលហេតុ​នៃ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​ថែ​រក្សា​ព្រៃឈើ​ដែល​នៅ​សេស​សល់​ចុង​ ក្រោយ ក្នុង​គ្រា​ដែល​ប្រទេស​កំពុង​បោះឆ្នោត​និង​ជាប់​គាំង​នយោបាយ ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់​តែ​មាន​ភាព​គគ្រឹកគគ្រេង​ដឹក​ចេញ​យ៉ាង​ អនាធិបតេយ្យ។
លោក​បន្ត​ថា ប្រទេស​កម្ពុជា មាន​ចរាចរណ៍​ឈើ​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។ ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន​ក្រោម​រូបភាព​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ ដោយ​កាប់​បំផ្លាញ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច គ្មាន​ការ​ត្រួត​ពិនិត្យ​ចរាចរ​ជួញដូរ​គ្រឿង​សង្ហារិម និង​តាម​រយៈ​ការ​ជួល ឬ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​ព្រៃឈើ​នៅ​តាម​បណ្ដា​តំបន់​ មួយ​ចំនួន​ដែល​មាន​ព្រៃឈើ​នៅ​សេសសល់។

លោក ចាន់ សុវ៉េត បញ្ជាក់​ថា ការ​កាប់​ទន្ទ្រាន​ធនធាន​ធម្មជាតិ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋ​បង់ខាត​ប្រជាពលរដ្ឋ​ជា​អ្នក​រងគ្រោះ ហើយ​ឈ្មួញ​ជា​អ្នក​បាន​ផល​ចំណេញ​យក​លុយ​ដាក់​ក្នុង​ហោប៉ៅ​ដែល​ជា​រឿង​មួយ​ អយុត្តិធម៌​បំផុត៖ «បញ្ហា​ឈើ​នេះ​វា​កើត​ឡើង​យូរ​ហើយ​ដែរ គ្រាន់​តែ​នយោបាយ​នៃ​ការ​ទប់ស្កាត់​ព្រៃឈើ​គឺ​ទប់​បាន​តែ​ត្រឹម​ចាប់​ឈើ​នៅ​ ក្នុង​ឡាន ចាប់​ឈើ​នៅ​ក្នុង​ស្ដុក​ហ្នឹង​ជា​នយោបាយ​មួយ​ដែល​យើង​ឃើញ​មាន​ការ​អបអរ​សាទរ ​ពី​មន្ត្រី​រដ្ឋាភិបាល។ ប៉ុន្តែ​ទស្សនៈ​របស់​សង្គម​ស៊ីវិល ដូចជា អាដហុក ឬ​ក៏​សហគមន៍​ការពារ​ព្រៃឈើ គឺ​គេ​អត់​មាន​អបអរសាទរ​ដោយសារ​តែ​រឿង​ចាប់​ឈើ​បាន​ក្នុង​ស្តុក ឬ​ក្នុង​ឡាន​នោះ​ទេ។ គេ​ចង់​ឲ្យ​មាន​វិធានការ​ដ៏​មុត​មាំ​មួយ​ក្នុង​ការ​ដែល​រដ្ឋាភិបាល​បញ្ចេញ​ ស្នាដៃ​កន្លែង​កាប់​រាន​ក្នុង​តំបន់​ព្រៃ​តែ​ម្ដង។ ទោះ​យ៉ាង​យើង​ឃើញ​កន្លង​ផុត​មក ប្រទេស​អ្នក​នៅ​ក្នុង​ពិភពលោក​គេ​មក​ធ្វើ​របាយការណ៍ Global witness គេ​ធ្លាប់​បាន​សរសេរ​របាយការណ៍​ជា​ច្រើន​ជាមួយ​នឹង​ការ​បំផ្លិចបំផ្លាញ​ ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​អ្នក​មាន​អំណាច។»

សេចក្ដី​ថ្លែង​ការណ៍​របស់​សមាគម​អាដហុក បាន​សរសេរ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​កើត​ឡើង​ពេញ​បន្ទុក គឺ​ធ្វើ​ឡើង​ក្រោម​ក្រសែ​ភ្នែក​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​មួយ​ចំនួន​ ឃុបឃិត​ជាមួយ​ឈ្មួញ កង្វះ​ខាត​នៃ​ការ​អនុវត្ត​ច្បាប់​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ជា​ខ្នង​បង្អែក​សម្រាប់​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​សកម្មភាព​បទល្មើស​រីក​រាលដាល​ពេញ​ ផ្ទៃ​ប្រទេស។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​សរសេរ​ថា ប្រជាពលរដ្ឋ​អ្នក​ប្រកបរបរ​ដង​ជ័រ​នៅ​ក្នុង​ជម្រក​សត្វព្រៃ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគីរី អះអាង​ថា មាន​ឈ្មួញ​ឈើ​មាន​ឋានៈ​ជា​ឧកញ៉ា ២​នាក់ កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស ហើយ​បោះ​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​ដែន​ជម្រក​សត្វ នៅ​ស្រុក​លំផាត់ ដែល​អ្នក​ភូមិ​ស្គាល់​ថា ឧកញ៉ា​ថៃ និង​ឧកញ៉ា​ពិសី។ ក្រុមហ៊ុន ៧២ វៀតណាម បាន​ចូល​ព្រៃ​ការពារ​របស់​សហគមន៍ អារ​រលំ និង​ដឹក​ឈើ​ចូល​រោងចក្រ​ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​រដ្ឋបាល​ ព្រៃឈើ​ឡើយ។ ក្រុមហ៊ុន​នេះ បាន​ដំឡើង​ម៉ាស៊ីន​អារ​ឈើ​ជា​ច្រើន​គ្រឿង​នៅ​ក្បែរ​ព្រៃ​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ថែម​ទាំង​មាន​កម្មករ​វៀតណាម អារ​រលំ​ឈើ​ថ្មី​តាម​ទំនើង​ចិត្ត។

ចំណែក​នៅ​ព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ ដែល​ជា​ព្រៃឈើ​ធំ​ទី​២ បន្ទាប់​ពី​ព្រៃ​ឡង់ មាន​ឈើ​ជា​ច្រើន​កំណាត់​បាន​បន្សល់​ទុក​នៅ​កណ្ដាល​ព្រៃ​អម​សង​ខាង​ផ្លូវ​លំ​ ចូល​ក្នុង​ព្រៃ ដែល​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ទាំង​ថ្ងៃ​ទាំង​យប់ ឋិត​នៅ​ចំណុច​ប្រសព្វ​នៃ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​រវាង នៃ​ខេត្ត​ព្រះវិហារ។

ការ​សិក្សា​រក​ឃើញ​ថា បទល្មើស​ព្រៃឈើ​គឺ​សុទ្ធ​សឹង​មាន​អ្នក​មាន​អំណាច​ឥទ្ធិពល​ឈរ​នៅ​ពី​ក្រោយ​ បទល្មើស​ព្រៃឈើ ភាគច្រើន​គឺ​ជា​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ ប៉ូលិស កង​រាជ​អាវុធហត្ថ និង​មន្ត្រី​យោធា​ជាដើម។

ទាក់ទង​នឹង​របាយការណ៍​របស់​សមាគម​អាដហុក នេះ​ដែរ លោក ផាន់ ភឺន នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​មួយ​ល្បី​ខាង​មាន​បទល្មើស​ព្រៃឈើ​ដែរ​នោះ បាន​ច្រាន​ចោល​របាយការណ៍​នេះ។ លោក​ថា អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​កំពុង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ។ ក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បាន​ចាប់​ជនល្មើស​និង​បាន​កសាង​សុំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ជាង ៣០​ករណី។ ក្នុង​ចំណោម​ជាង ៣០​ករណី​នោះ​ភាគ​ច្រើន​ជន​ល្មើស​ជា​ប្រជាពលរដ្ឋ ពុំ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ។
លោក ផាន់ ភឺន៖ «យើង​ត្រូវ​តែ​សកម្ម​ហើយ​យើង​ធ្វើ​លេងៗ​ម៉េច​កើត ឥឡូវ​គេ​គ្មាន​យោគយល់​ទេ​ឲ្យ​តែ​នេះ​ដាក់​ទៅ​តុលាការ​ហើយ​អ្នកណា​ធ្វើ​អ្នក​នោះ​ជាប់។»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​នៅ​បទ​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ ម៉ត់ចត់ រាល់​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ដើម្បី​រាន​ដី​យក​ធ្វើ​ជា​ កម្មសិទ្ធិ និង​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​ដែល​រដ្ឋាភិបាល បាន​ជួល​ក្នុង​រយៈ ៩៩​ឆ្នាំ ហើយ​ខកខាន​ពុំ​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទេ ត្រូវ​ចាត់​វិធានការ​ដោយ​ដាក់​វិន័យ ឬ​លុប​ចោល​កិច្ច​សន្យា​សម្បទាន​ក្នុង​ករណី​ធ្ងន់ធ្ងរ។
លោក ហ៊ុន សែន៖ «ត្រូវ​បញ្ចប់​ដាច់​ខាត​ការ​កាប់​រាន​ហ៊ុមព័ទ្ធ​ដុត​ រំលោភ​យក​ដី​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​បាន​កើត​ឡើង​ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។ ទន្ទឹម​នឹង​នេះ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បទ​បញ្ជា​ដែល​ ខ្ញុំ​បាន​ដាក់​នានា​ពេល​ថ្មីៗ​នេះ អំពី​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។»

របាយការណ៍​របស់​សមាគម​អាដហុក បង្ហាញ​ទៀត​ថា តំបន់​ព្រៃឈើ​ដែល​ត្រូវ​បំផ្លិចបំផ្លាញ​នោះ គឺ​ដូចជា​តំបន់​ព្រៃ​ការពារ​តំបន់​ព្រៃឈើ​សម្រាប់​អភិរក្ស​សត្វព្រៃ តំបន់​ព្រៃ​ស្នូល សម្រាប់​ការពារ​ជីវចម្រុះ និង​តំបន់​ព្រៃ​សួន​ឧទ្យានជាតិ​ជាដើម។ យ៉ាង​ហោច​មាន​ការ​កត់សម្គាល់​ក្រុមហ៊ុន​ឯកជន​ចំនួន ១៨ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល និង​លេចធ្លោ​ជាងគេ​ខាង​អាជីវកម្ម​ឈើ នៅ​ក្នុង​ខេត្ត​ចំនួន ១១ ដូចជា​តំបន់​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ តំបន់​ព្រៃឈើ​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ តំបន់​ព្រៃ​បឹងពែរ ខេត្ត​ព្រះវិហារ ខេត្ត​សៀមរាប ខេត្ត​ឧត្តរមានជ័យ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​កំពង់ស្ពឺ ជាដើម។ ស្រប​គ្នា​នោះ​ដែរ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ជាច្រើន​កន្លែង​នៅ​ខេត្ត​កោះកុង ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី តាម​ជួរ​ដង​ទន្លេ​បី ក៏​ជា​ប្រភព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ខ្លាំង​ដែរ៕



No comments:

Post a Comment