Paris Peace Accords 23 Oct. 1991

Wednesday, April 16, 2014

ភ្នំពេញ មាន​សភាព​ ស្ងប់ស្ងាត់ ​នៅ​ថ្ងៃ ​​ទី​២ ​នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ

ភ្នំពេញ មាន​សភាព​ ស្ងប់ស្ងាត់ ​នៅ​ថ្ងៃ ​​ទី​២ ​នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ

RFA | 15 April 2014

ចូល​ឆ្នាំ មមី ៦១០
១៥-មេសា-២០១៤៖ ស្ថានភាព​ តាម​ដង​ផ្លូវ ​ក្នុង​រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ចូល​ឆ្នាំ ថ្ងៃ​ទី​២។   RFA/Tin Zakariya 
 
ពិធី​ចូល​ឆ្នាំ​ ថ្ងៃ​ទី​២​នេះ នៅ​ក្នុង​រាជធានី ​ភ្នំពេញ មាន​សភាព​ ស្ងប់ស្ងាត់​ ខុស​ប្លែក​ ពី​ថ្ងៃ​ធម្មតា, ហើយ ​រយៈ​ពេល​ ពីរ​ថ្ងៃ​ កន្លង​មក​នេះ ពុំ​មាន​បញ្ហា​ អសន្តិសុខ ​ធំដុំ​ កើត​មាន​ឡើង ​នៅ​រាជធានី​ ភ្នំពេញ នោះ​ទេ។


ពិធី​ចូល​ឆ្នាំ ​ប្រពៃណី​ខ្មែរ​ ១​ឆ្នាំ ​មាន​តែម្ដង ដែល​បុគ្គលិក​ក្រុមហ៊ុន កម្មករ​រោងចក្រ និង​មន្ត្រី​រាជការ​បាន​ឈប់​សម្រាក​ក្ដី តែ​អាជីវករ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ មិន​ឈប់​សម្រាក​ពេញ​បី​ថ្ងៃ​នេះ​ទេ ដោយ​ពួក​គាត់​មួយ​ចំនួន​ឆ្លៀត​បន្ត​លក់​ដូរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២ នេះ ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​ជា​ធំដុំ​ទេ បញ្ហា​សន្តិសុខ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ។
មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​ថា ពិធី​ចូល​ឆ្នាំ​ថ្ងៃ​ទី​២​នេះ សន្តិសុខ​សុវត្ថិភាព​មាន​លក្ខណៈ​ល្អ​ប្រសើរ។ លោក​បញ្ជាក់​ថា បញ្ហា​ឆក់​ប្លន់ ឬ​បញ្ហា​អគ្គីភ័យ​ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ ពីព្រោះ​ថា កងកម្លាំង​ចម្រុះ​មាន​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ណា​មួយ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន។ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​កើត​មាន​ឥត​ឈប់​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ ធំៗ​នេះ គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។

លោក គៀត ច័ន្ទថារិទ្ធ៖ «មុន​ចូល​ឆ្នាំ​នេះ យើង​បាន​ធ្វើ​ការ​ណែនាំ​តាម​រយៈ​ការ​ណែនាំ​តាម​លិខិត​របស់​អគ្គស្នងការ​ នគរបាល​ជាតិ​បាន​ណែនាំ​ដល់​គ្រប់​ស្នងការ​ទាំង​អស់ គ្រប់​អធិការ​ទាំង​អស់ ឲ្យ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​គ្រប់​ទីកន្លែង។»

ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ថ្ងៃ​ធម្មតា ពីព្រោះ​ថា នៅ​មុន​ពិធី​ចូល​ឆ្នាំ ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​មួយ​ចំនួន​បាន​សម្រុក​ចេញ​ទៅ​លេង​ស្រុក​ កំណើត និង​ទៅ​លេង​នៅ​តំបន់​កម្សាន្ត​តាម​ខែត្រ​មួយ​ចំនួន ដូចជា​នៅ​ខែត្រ​ព្រះសីហនុ និង​ខែត្រ​សៀមរាប ជាដើម។ ម្យ៉ាង​វិញ​ទៀត ចំពោះ​ផ្សារ​ស្ទើរ​តែ​ទាំង​អស់​បាន​បិទ លើកលែង​តែ​ផ្សារ​ទំនើប​មួយ​ចំនួន​បាន​បើក​ដំណើរ​ការ ដូចជា​ផ្សារ​ឡាក់គី (Lucky) ជាដើម។

ក្រៅ​ពី​នេះ​ទៀត អ្នក​លក់​ដូរ និង​ដូរ​លុយ​មួយ​ចំនួន​នៅ​លក់​ដូរ​ធម្មតា ដូចជា​អ្នក​លក់​អីវ៉ាន់​ចាប់ហួយ នៅ​ក្បែរ​ដង​ផ្លូវ​មួយ​ចំនួន។ រី​ឯ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​វិញ មាន​សភាព​ស្ងាត់​ពុំ​ស្ទះ​ចរាចរណ៍​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ។

អ្នក​លក់​ដូរ​នៅ​ម្ដុំ​ផ្សារ​ដើមគរ បាន​លើក​ឡើង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​បុណ្យ​ជាតិ​ដែល​អ្នក​ធ្វើការ​ទាំង​អស់​បាន​ ឈប់​សម្រាក។ តែ​ចំពោះ​លោក​វិញ ជា​អ្នក​លក់​ដូរ​មិន​ឈប់​សម្រាក​នោះ​ទេ ពីព្រោះ​ថា ការ​លក់​ដូរ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ឱកាស​មួយ​ដែល​លក់​ដាច់​ ជាង​ថ្ងៃ​ធម្មតា។ ម្យ៉ាង​ទៀត​លោក​បញ្ជាក់​ថា មុខ​របរ​លក់​ដូរ​រក​មិន​សូវ​បាន​ដូច​កាល​ពី​មុន​ទេ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​នេះ ដូច្នេះ​លោក​ត្រូវ​បង្ខំ​ចិត្ត​លក់​ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ ជីវភាព៖ «ឥឡូវ យើង​កំពុង​តែ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ចូល​ឆ្នាំ​មិន​មែន​ចូល​រាល់​ថ្ងៃ​ទេ តែ​សេដ្ឋកិច្ច​យើង​ដើរ​រាល់​ថ្ងៃ។ ធម្មតា​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គ្រួសារ​យើង​ធ្លាក់​ចុះ​ដុនដាប​ដូច​គ្នា ដូច្នេះ​យក​ការ​រក​ស៊ី​ជា​ធំ។»

ក្រៅ​ពី​អ្នក​លក់​ដូរ​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ក៏​មាន​អ្នក​ខ្លះ​លក់​ អាហារ​ពេល​ព្រឹក និង​លក់​បង្អែម​ផ្លែ​ឈើ​ពេល​យប់​ដែរ ដោយ​ពួកគាត់​លើក​ឡើង​ដូច​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគាត់​ក៏​ចង់​ជួប​ជុំ​គ្រួសារ នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ ក៏​ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព​ចាំបាច់​ពួកគាត់​ត្រូវ​លក់​ដូរ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​បាន​ចេញ​ពី​ទីក្រុង​ហើយ​ក្ដី៖ «វា​ខុស​ពី​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង​វា​ពិបាក​លក់​មិន​ដាច់ ព្រោះ​គ្មាន​អ្នក​ដំណើរ​ដើរ ដល់​អ៊ីចឹង​យើង​លក់​អត់​សូវ​បាន។»

បន្ថែម​ពី​នេះ​ទៀត មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​ថា ការពារ​សន្តិសុខ​នៅ​ទីក្រុង​ភ្នំពេញ ជា​រឿង​មួយ​សំខាន់ សម្រាប់​ការពារ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ និង​ការពារ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ ក៏​ដូច​ជា​អ្នក​លក់​ដូរ។ លោក​អះអាង​ថា បញ្ហា​សំខាន់​ដែល​ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​ជា​ធំដុំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​ឆ្នាំ​មុនៗ។

លោក គៀត ច័ន្ទថារិទ្ធ៖ «អ៊ីចឹង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ អស់​រួម​គ្នា​បន្ត​ទៀត ទី​១ ពេល​ធ្វើ​ដំណើរ​សូម​ធ្វើ​ដំណើរ​ឲ្យ​ប្រុង​ប្រយ័ត្ន ទី​២ សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ទ្រព្យ​សម្បត្តិ ប្រហែស​បាត់​ប្រយ័ត្ន​គង់ និង​ទី​៣ សូម​ឲ្យ​យុវជន​នៅ​តាម​ភូមិ​ទាំង​អស់ ឬ​អ្នក​មក​ពី​ឆ្ងាយ​ទាស់​សម្ដី ប៉ះ​សម្ដី ប៉ះ​ដៃ​ជើង​ពេល​រាំ ត្រូវ​អត់​ឱន​ឲ្យ​គ្នា។»

លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា កងកម្លាំង​ចម្រុះ​បាន​ពង្រាយ​ការពារ​សន្តិសុខ​នៅ​តាម​ទីកន្លែង​សំខាន់ៗ​មួយ​ ចំនួន ដូចជា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជា​ទីកន្លែង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​ទៅ​លេង​ល្បែង​ប្រជាប្រិយ និង​ការ​រាំ​លេង​កម្សាន្ត និង​ទៅ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ការពារ​សន្ដិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល ២៤​ម៉ោង៕


No comments:

Post a Comment