កម្ពុជា ឡាវ និងភូមាត្រូវបានចាត់ទុកថា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយកែទម្រង់ជាច្រើនទៀតដើម្បីអាចពន្លឿនសមត្ថភាពឲ្យដើរទាន់ប្រទេសដទៃ។
អ្នកសេដ្ឋកិច្ច ថា សមាហរណកម្ម សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ មិនអាចទៅរួច
ស៊ុយ ហ៊ាមខេមរា / វីអូអេ | ២៤ មេសា ២០១៤
ភ្នំពេញ — គម្រោងបង្កើត សហគមន៍សេដ្ឋកិច្ចរួម នៅឆ្នាំ២០១៥ របស់ បណ្តាប្រទេស ទាំង១០ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ថា អាស៊ាន ទំនងមិនអាចចាប់ផ្តើម ដូចការគ្រោងទុកបានទេ។ នេះ បើតាមការព្យាករណ៍ របស់ មន្ត្រីជំនាញ ផ្នែកសេដ្ឋកិច្ច របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធនេះ។ មូលហេតុ ដោយសារ តែគម្លាតសេដ្ឋកិច្ច នៃប្រទេសជាសមាជិក។
លោក ចាយាន មេនុន (Jayant Menon) មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអ្នកនិពន្ធសៀវភៅស្តីពីសមាគមសេដ្ឋកិច្ចអាស៊ាន «ស្តីពីការងារដែលកំពុងធ្វើ» បានថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញថា សមាហរណកម្មតំបន់អាស៊ីអាគេ្នយ៍ទំនងអាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៥។
«គ្មានប្រទេសណាមួយនឹងអាចគោរពតាមគម្រោងឆ្នាំ២០១៥បានទេ។ មិនមែនមានតែកម្ពុជានោះទេ។ អ្នកទាំងអស់គ្នាហ្នឹង។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាគម្រោងមួយដែលធំ។ ខ្ញុំគិតថា យ៉ាងហោចណាស់ក៏ឆ្នាំ២០២៥ដែរ។ ប្រទេសទាំងអស់ត្រូវពន្លឿនកំណែទម្រង់របស់ខ្លួន»។
លោក ចាយាន មេនុន (Jayant Menon) ចាត់ទុកថា គម្រោងនៃការច្របាច់បញ្ចូលគ្នារវាងប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា ថៃ សិង្ហបុរី ហ្វ៊ីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូណេស៊ី ឲ្យទៅជាសហគមន៍សេដ្ឋកិច្ចតែមួយនៅឆ្នាំក្រោយនេះទាមទារឲ្យប្រទេសទាំងអស់ចូលរួមនិងកំណែទម្រង់ស្របគ្នា។
សៀវភៅស្តីពីសមាគមសេដ្ឋកិច្ចអាស៊ាន «ស្តីពីការដែលកំពុងធ្វើ» បានឲ្យដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនមិនទាន់បានត្រៀមខ្លួននិងមិនទាន់បានបង្ហាញការខិតខំប្រឹងប្រែងដើម្បីគោរពតាមកាលកំណត់នៅឆ្នាំ២០១៥នៅឡើយ។ សៀវភៅកម្រាសជាង៥០០ទំព័រដែលសិក្សាលម្អិតថាភាពយឺតយ៉ាវដើម្បីសម្រេចឲ្យបានសហគមន៍សេដ្ឋកិច្ចអាស៊ានបណ្តាលមកពីភាពរីកចម្រីនមិនស្នើរភាពគ្នារបស់ប្រទេសក្នុងតំបន់។
កម្ពុជា ឡាវ និងភូមាត្រូវបានចាត់ទុកថា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយកែទម្រង់ជាច្រើនទៀតដើម្បីអាចពន្លឿនសមត្ថភាពឲ្យដើរទាន់ប្រទេសដទៃ។ សម្រាប់ប្រទេសទាំងបី បញ្ហាធំៗដែលត្រូវដោះស្រាយជាអទិភាពមានដូចជាអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធពន្ធគយ ពង្រឹងការអនុវត្តច្បាប់ជាដើម។
លោក ប៉ាន សួរស័ក្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មថ្លែងក្នុងសន្និសីទព័ត៌មាននោះដែរដោយទទួលស្គាល់ថា កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍតិចនៅឡើយ។
«យើងបានធ្វើកិច្ចការមួយចំនួន។ ប៉ុន្តែមានកិច្ចការមួយចំនួនដែលប្រទេសយើងនៅកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសម្រាប់សមាហរណកម្មអាស៊ាននេះ។ ចំពោះខ្ញុំ ឃើញមានការអភិវឌ្ឍច្រើនសាធារណៈជន និងស្ថាប័នបានខិតខំប្រឹងប្រែង។»
លោកឈាង វណ្ណារិទ្ធិ អ្នកស្រាវជ្រាវម្នាក់ថ្លែងថាយ៉ាងហោចណាស់ប្រទេសដែលមានការអភិវឌ្ឍតិចដូចជាកម្ពុជា ឡាវ និងភូមាត្រូវការពេលវេលាយ៉ាងតិចពីបីទៅបួនឆ្នាំទៀតដើម្បីតាមឲ្យទាន់ប្រទេសដទៃទៀត៕
No comments:
Post a Comment