Paris Peace Accords 23 Oct. 1991

Friday, April 18, 2014

ពលរដ្ឋ​ខ្មែរ​ អាមេរិកាំង​ ប្ដេជ្ញា​ថែ​រក្សា កេរ​ដំណែល, ​វប្បធម៌, ​ប្រពៃណី, ​និង​ទំនៀមទម្លាប់​ ខ្មែរ

ពលរដ្ឋ​ខ្មែរ​ អាមេរិកាំង​ ប្ដេជ្ញា​ថែ​រក្សា កេរ​ដំណែល, ​វប្បធម៌, ​ប្រពៃណី, ​និង​ទំនៀមទម្លាប់​ ខ្មែរ

ដោយ តាំង សារ៉ាដា / RFA | 17 April 2014
កុមារី ទិត្យ កុសមៈ អាមេរិក ៦១០
កុមារី ទិត្យ កុសមៈ អាយុ ១៣​ឆ្នាំ​កំពុង​រាំ​របាំ​ប្រពៃណី​ខ្មែរ នា​រដ្ឋ​ណស៍ឃែររូឡាយណា (North Carolina) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា ឆ្នាំ​២០១៤។  RFA/Taing Sarada

ពលរដ្ឋ​ខ្មែរ​ ក្នុង​រដ្ឋ​ ណស៍ ឃែររូឡាយណា (North Carolina) បង្កើន​ការ​ខិតខំ ​ប្រឹងប្រែង​ ដើម្បី​ បង្អួត ​ដល់​អន្តរជាតិ អំពី ​កេរ​ដំណែល ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ ​របស់​ខ្លួន។   ពួក​គេ​ បង្ហាញ​ ភាព​ប្ដេជ្ញា​ចិត្ត​ ថា, ទោះ​បី​ ជា​ពលរដ្ឋ ​ខ្មែរ-អាមេរិកាំង ក្នុង​រដ្ឋ​នេះ​ មាន​ចំនួន ​តិចតួច​ ក៏ដោយ ក៏​ពួក​គេ​ មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​ ឲ្យ​អរិយធម៌​ដ៏​ ចំណាស់ ​របស់​ខ្មែរ​ ឲ្យ​កាន់​តែ​ មាន​ការ​រីក​ចម្រើន និង​ល្បី​រន្ទឺ។


ពលរដ្ឋ​ខ្មែរ​ ក្នុង​រដ្ឋ​ ណស៍ ឃែររូឡាយណា សហរដ្ឋ​អាមេរិក មាន​ចំនួន ​តែ​ ជាង៦​ពាន់​នាក់, ក៏ប៉ុន្តែ​ សហគមន៍ ​ដ៏​តូច​មួយ​នេះ​ បាន​ខិតខំ​ ប្រឹងប្រែង​ ការពារ​ កេរ​ដំណែល,​ វប្បធម៌, ប្រពៃណី និង​ទំនៀមទម្លាប់ ​របស់​ខ្លួន​ មិន​ឲ្យ​បាត់​បង់, ហើយ ពុះពារ​ បង្ហាញ​ ដល់​អន្តរជាតិ​ អំពី​ អរិយធម៌​ ដ៏​ចំណាស់​ របស់​ខ្លួន។

មាន​មាតា​បិតា​មួយ​ចំនួន​បាន​លះបង់​ពេល​វេលា និង​ថវិកា ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បុត្រា​បុត្រី​របស់​ខ្លួន បាន​សិក្សា​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​របាំ​ប្រពៃណី របាំ​ជូន​ពរ និង​របាំ​អប្សរា ជាដើម។

ក្នុង​ពិធី​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​កសាង​វត្ត​របស់​ខ្មែរ​មួយ​កន្លែង ក្នុង​ទីក្រុង​ហ្គ្រីនស្បូរ៉ូ (Greensboro) តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា កន្លង​ទៅ​នេះ កុមារី ទិត្យ កុសមៈ អាយុ ១៣​ឆ្នាំ ដែល​កំពុង​ឈរ​ទទួល​ភ្ញៀវ​ស្លៀកពាក់​ទ្រង់​គ្រឿង​យ៉ាង​ស្រស់​ស្អាត នៅ​មុន​ពេល​សម្ដែង​របាំ​ជូន​ពរ។ កុមារី ទិត្យ កុសមៈ បាន​ខំ​ប្រឹង​និយាយ​ខ្មែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នាង​មាន​មោទនភាព​ក្រៃលែង​ក្នុង​ការ​ស្នង​តំណែង​ជា​អ្នក​សិល្បៈ ខណៈ​ដែល​ទីក្រុង​មួយ​នេះ​មិន​សូវ​មាន​កូន​ខ្មែរ​ចូល​ប្រឡូក​ក្នុង​ការ​ហាត់​ រាំ​របាំ​ក្បាច់​បុរាណ។ នាង ទិត្យ កុសមៈ បាន​បង្ហាញ​ភាព​ប្ដេជ្ញា​ចិត្ត​ថា នៅ​ពេល​នាង​ធំ​ឡើង នាង​នឹង​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ ក្នុង​បំណង​ចូល​ប្រឡូក​ឆាក​នយោបាយ​ជួយ​ស្រុក​ខ្មែរ ដើម្បី​ការពារ​យុត្តិធម៌​សង្គម។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​ប្រចាំ​រដ្ឋ​ណសន៍ឃែររូឡាយណា លោក ជា សុខណាង មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​របស់​លោក​មាន​បង្ហាត់​របាំ​ជាច្រើន​ប្រភេទ បង្ហាត់​អក្សរ​សាស្ត្រ​ខ្មែរ រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​សិស្ស​ក្រីក្រ​នៅ​ស្រុក​ខ្មែរ ជួយ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា និង​វប្បធម៌ ហើយ​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​របស់​ខ្មែរ​ក្នុង​រដ្ឋ​នេះ​រស់​នៅ​ដោយ​ សុខដុមរមនា។
នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមី នេះ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​ក្នុង​រដ្ឋ​ណសន៍ឃែររូឡាយណា ក៏​បាន​រៀប​ចំ​កម្មវិធី​ជាច្រើន ដូច​ជា ល្បែង​ប្រជាប្រិយ ទាញព្រ័ត្រ លោត​បាវ វាយ​ក្អម បូម​ទឹក​ដាក់​ដប លេង​រាំ​វង់ ការ​សំដែង​របាំ​ប្រជាប្រិយ និង​របាំ​ជូន​ពរ។

សកម្មជន​នៃ​សហគមន៍​ខ្មែរ​ដ៏​សកម្ម​ម្នាក់​ក្នុង​ទីក្រុង​ហ្គ្រីនស្បូរ៉ូ នៃ​រដ្ឋ​ណសន៍ឃែររូឡាយណា លោក យិន តារា បាន​អំពាវនាវ​ឲ្យ​មាតា​បិតា អាណាព្យាបាល​ទាំងអស់ ធ្វើ​យ៉ាង​ណា​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​កូន​ចៅ​របស់​ខ្លួន​មក​ចូល​រួម​ឲ្យ​បាន​កាន់​តែ​ច្រើន តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​ការ​រៀន​សូត្រ​អក្សរ​សាស្ត្រ និង​សិល្បៈ​របស់​ខ្មែរ។

សមាជិក​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​ប្រចាំ​រដ្ឋ​ណសន៍ឃែររូឡាយណា លោក ឡាង ឡេង ដែល​ជា​អតីត​ជន​ភៀស​ខ្លួន​ពី​ជំរំ​ខាវអ៊ីដាង ប្រទេស​ថៃ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ក្រុម​របស់​លោក​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​ឆាក​របាំ​ប្រចាំ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ហ្គ្រីនស្បូរ៉ូ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឲ្យ​មនុស្ស​កម្សាន្ត​ក៏ដោយ ក៏​រូប​លោក​ផ្ទាល់​មាន​ក្តី​រីករាយ ហើយ​រំពឹង​ថា​កូន​ខ្មែរ​ទាំងអស់​នឹង​ចេះ​រួបរួម​សាមគ្គី​គ្នា។

រដ្ឋ​ណសន៍ឃែររូឡាយណា មាន​ពលរដ្ឋ​ខ្មែរ​ជាង ៦​ពាន់​នាក់​ជា​ចំនួន​ដ៏​តិច​ជាង​គេ​បំផុត​ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ផ្សេងៗ​ ទៀត ប៉ុន្តែ​ច្រើន​ជាង​រដ្ឋ​Georgia។

ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង និង​ពលរដ្ឋ​អន្តោប្រវេសន៍​ខ្មែរ​ភាគ​ច្រើន​ប្រកប​របរ​ជំនួញ​ផ្សេងៗ ដូច​ជា បើក​ហាង​កែ​សម្ផស្ស ហាង​លក់​ធំ​ប៉័ង ផ្សារ​លក់​ទំនិញ គ្រឿង​ទេស និង​មនុស្ស​មួយ​ចំនួន​ទៀត ធ្វើ​ការ​នៅ​តាម​រោងចក្រ គ្រឿង​សង្ហារិម រោងចក្រ​ជួសជុល​យន្តហោះ ឬ​រោងចក្រ​ផលិត​ឡាន​ក្រុង ជាដើម៕





No comments:

Post a Comment