សង្គមស៊ីវិល រិះគន់ ការអនុម័ត សេចក្ដីព្រាងច្បាប់ ៣ ពាក់ព័ន្ធ នឹងកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌
ដោយ យាង សុជាមេត្តា / RFA | 18 April 2014
ដូចការរំពឹងទុក រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមេសា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ គឺសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការរៀបចំច្បាប់គោលទាំង៣ នេះ គឺជាការចាប់ផ្ដើមដ៏សំខាន់មួយលើការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផ្នែកមួយដ៏សំខាន់នៃស្នូលយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានលើកឡើងបន្តថា ច្បាប់គោលទាំង៣ នេះ នឹងបង្កើតបានជាមូលដ្ឋានដ៏សំខាន់ ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
រដ្ឋាភិបាលអះអាងបន្ថែមថា ដោយហេតុថា ច្បាប់គោលទាំង៣ នេះមានភាពឆ្លើយឆ្លងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ទើបសេចក្តីព្រាងច្បាប់ទាំង៣ ត្រូវបានរៀបចំ និងតាក់តែងឡើងព្រមពេលជាមួយគ្នា ក្នុងគោលបំណងធានាឲ្យបាននូវសង្គតិភាព ឬភាពស៊ីសង្វាក់គ្នា និងភាពរលូនរវាងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីធានាការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិលបានរិះគន់ចំពោះដំណើរការ និងរបៀបនៃការតាក់តែងសេចក្តីព្រាងច្បាប់ទាំងនេះ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានមានប្រសាសន៍ថា លោកមិនបានដឹងថា តើរដ្ឋាភិបាលបានជជែកយ៉ាងណាទៅលើសេចក្តីព្រាងច្បាប់នោះទេ ហើយក៏មិនដឹងថា តើលទ្ធផលនៃការពិភាក្សានោះ ក្លាយជាយ៉ាងណានោះដែរ។ ប្រការនេះ លោកថា នៅពេលរៀបចំធ្វើសេចក្តីព្រាងច្បាប់ណាមួយ រដ្ឋាភិបាលគួរតែប្រមូលគំនិតពីសាធារណជនឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវភ្ជាប់គំនិត ឬអនុសាសន៍របស់ពួកគេ ដាក់ជូនគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យពិភាក្សា។
លោក សុក សំអឿន៖ «ធម្មតាដើម្បីអាចឲ្យធ្វើសេចក្តីសម្រេចចិត្ត មួយបានល្អ លុះត្រាតែយើងមានព័ត៌មានគ្រប់ជ្រុងជ្រោយ មានទាំងពីការគំនិតរិះគន់ គំនិតគាំទ្រអីហ្នឹង ហើយថ្លឹងថ្លែងមើលថា តើសេចក្តីព្រាងច្បាប់ហ្នឹងគួរត្រង់ណា អាហ្នឹងប្រសិនជាអ៊ីចឹងខ្ញុំគិតថា ច្បាប់ហ្នឹងវាអាចទី១ មានការទទួលស្គាល់ថា គាត់ទទួលយកពីប្រជាពលរដ្ឋទូទៅ ហើយទី២ អាចគំនិត២ប្រសើរជាងគំនិតមួយ ហើយកុំដូចថា ប្រសិនបើយើងធ្វើអ្វីមួយសំអាងតែទៅលើអ្នកដែលព្រាងច្បាប់ហ្នឹង ខំប្រឹងនិយាយការពារទស្សនៈរបស់ខ្លួនបានធ្វើហើយ អាហ្នឹងក៏វាមិនល្អប្រសើរដែរ។»
ទាក់ទងនឹងការលើកឡើងនេះ ខាងភាគីរដ្ឋាភិបាលវិញបានអះអាងថា សេចក្តីព្រាងច្បាប់គោលទាំង៣ នេះ ត្រូវបានតាក់តែងឡើងដោយផ្អែកតាមបទពិសោធន៍នៃប្រទេសដែលមាន នីតិរដ្ឋរីកចម្រើនរឹងមាំនានា និងដោយមានការជួយរៀបចំពីអ្នកជំនាញការពារច្បាប់របស់សាធារណរដ្ឋ បារាំង ទៀតផង។
តែប្រការនេះ ត្រូវ លោក សុក សំអឿន កត់សម្គាល់ថា រដ្ឋាភិបាលមិនគួរបោះបង់ចោលគំនិតរបស់អ្នកនៅក្នុងស្រុកទេ។ លោកថា រដ្ឋាភិបាលគួរស្វែងរកការពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ ទាំងនៅក្នុងស្រុក និងអន្តរជាតិ។
ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក នី ចរិយា បានថ្លែងថា លោកសោកស្ដាយដែលរដ្ឋាភិបាលមិនបានផ្សព្វផ្សាយជាផ្លូវការសេចក្តី ព្រាងច្បាប់ ឲ្យអង្គការសង្គមស៊ីវិលបានដឹងមុន ដើម្បីឲ្យសង្គមស៊ីវិលអាចមានឱកាសផ្តល់យោបល់ទៅលើសេចក្តីព្រាង ច្បាប់ទាំងនោះ។ លោកថា បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង៣ ដែលក្រុមលោកទទួលបានក្រៅផ្លូវការ បង្ហាញថា សេចក្តីព្រាងច្បាប់ទាំងនោះមិនបានធានាឯករាជ្យភាពរបស់ចៅក្រម ឬព្រះរាជអាជ្ញាឡើយ។
លោក នី ចរិយា៖ «ទី១កាលណាច្បាប់នេះអនុម័តទៅ ដែលមានខ្លឹមសារទៅតាមអ្វីដែលយើងបានឃើញនោះ គឺថា ធ្វើឲ្យចៅក្រមព្រះរាជអាជ្ញាហ្នឹងក្លាយទៅជាចៅក្រមព្រះរាជអាជ្ញា មួយ ដែលអាស្រ័យលើគណបក្សនយោបាយ អាស្រ័យទៅលើមេបក្សជាធំ អ្នកដែលមានឥទ្ធិពលនៅក្នុងបក្សជាសំខាន់។ អ៊ីចឹងយើងមិនសង្ឃឹមថា ច្បាប់នេះបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌ ជាពិសេសស្ថាប័នតុលាការនេះក្លាយទៅជាស្ថាប័នមួយឯករាជ្យតាមអ្វីដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់នេះគឺជួយឲ្យចៅក្រមព្រះរាជអាជ្ញាហ្នឹងអាចធ្វើសកម្មភាព សកម្មនៅក្នុងនយោបាយបាន។»
ជុំវិញការតាក់តែងសេចក្តីព្រាងច្បាប់នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរធានាឲ្យមានការបើកចំហជាសាធារណៈ ចំពោះសេចក្តីព្រាងច្បាប់ ហើយធានាឲ្យសង្គមស៊ីវិល មានពេលវេលាគ្រប់គ្រាន់ក្នុងការវិភាគ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់ទាំងនោះ។ អង្គការសិទ្ធិមនុស្សមួយនេះ ក៏បានអំពាវនាវឲ្យរដ្ឋសភា រង់ចាំរហូតដល់បញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ មុននឹងធ្វើការជជែកពិភាក្សា និងអនុម័តច្បាប់ថ្មី ជាពិសេសច្បាប់ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។ ស្ថាប័នសិទ្ធិមនុស្សមួយនេះ បានសម្ដែងការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ និងមិនត្រូវបានពិនិត្យពិច័យឲ្យបានគ្រប់គ្រាន់ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប្រសិនបើមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អង្គុយនៅក្នុងរដ្ឋសភាតែមួយនោះ។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ទាំងបីនេះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានសំដែងការខកចិត្តចំពោះខ្លឹមសារ និងស្មារតីដែលចែងក្នុងសេចក្តីព្រាងច្បាប់ទាំងនេះ។ លោកថា ប្រសិនបើសេចក្តីព្រាងច្បាប់ទាំងបីដែលលោកមាននៅក្នុងដៃ មិនខុសគ្នានឹងសេចក្តីព្រាងច្បាប់ដែលទីស្ដីការគណៈរដ្ឋមន្ត្រីទើប បានអនុម័តទេនោះ ការធ្វើច្បាប់នេះនឹងមិនបានជួយកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលកំពុងរងការរិះគន់យ៉ាងសម្បើមនោះទេ ពីព្រោះសេចក្តីព្រាងច្បាប់ទាំងនេះ នឹងធ្វើអោយឥទ្ធិពលរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចបច្ចុប្បន្នមកលើប្រព័ន្ធតុលាការកាន់តែរឹងមាំ និងក្លាយទៅជាភាពស្របច្បាប់ពេញលេញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ច្បាប់ហ្នឹងគឺគ្រាន់តែថាប្រកាសថា ធានាឯករាជ្យភាពរបស់តុលាការចៅក្រមក៏អ៊ីចឹងដែរ ក៏ប៉ុន្តែអត់មានដែលគេហៅថា បទប្បញ្ញត្តិនៅក្នុងហ្នឹងដាក់ឲ្យច្បាស់ៗថា តើដែលធានាហ្នឹងបែបផែនយ៉ាងម៉េច បាទ! ហ្នឹងយើងអត់ឃើញមានអ៊ីចឹងទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហ្នឹង ហើយនិងមន្ត្រីរៀបចំការបោះឆ្នោតខេត្ត ក្រុង ឃុំ សង្កាត់ ហ្នឹង ដែលយើងហៅកាត់តាមភាសាអង់គ្លេសថា ប៉ិច ស៊ិច ហ្នឹង ដែលសមាជិកទាំងអស់នោះគឺត្រូវបានហាមឃាត់មិនឲ្យចូលជាសមាជិក គណបក្សណាទេ ហើយបើខ្លួនមុននឹងចូលជាសមាជិកហ្នឹង ជាសមាជិកគណបក្សត្រូវលាលែងពីគណបក្សរបស់ខ្លួន ដូច្នេះឧទាហរណ៍ហ្នឹង គ្រាន់តែ គ.ជ.ប ផងលក្ខខណ្ឌមួយច្បាប់ គ.ជ.ប បានចែង គឺមិនឲ្យចូលគណបក្សនយោបាយណាទេបាទ! ចុះហេតុអី ច្បាប់ពាក់ព័ន្ធនឹងតុលាការទាំងបីហ្នឹង ហេតុអីមិនមានច្បាប់ណាមួយ ជាពិសេសច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា ម៉េចក៏មិនហាមឃាត់មិនឲ្យចៅក្រម ព្រះរាជអាជ្ញាហ្នឹងចូលជាសមាជិកគណបក្សនយោបាយ ធ្វើសកម្មភាពនយោបាយ ដូចសមាជិក គ.ជ.ប ហើយនិង ប៉ិច ស៊ិច ហ្នឹងទៅ។ ម៉េចក៏អ៊ីចឹង? រឿងឯនេះសំខាន់ជាងណាស់! ចែងគោលការណ៍ចែកអំណាចណាស់! ហើយនិងឯករាជ្យភាពរបស់តុលាការ ហើយគំរូនៅប្រទេសឯទៀតៗក៏អ៊ីចឹងដែរ គឺគេមិនឲ្យចូលពាក់ព័ន្ធរឿងនយោបាយទេ។ ខ្ញុំថាបើសិនច្បាប់ហ្នឹងអនុវត្តហើយ បង្កើតបានប្រព័ន្ធតុលាការបែបហ្នឹងណាស់! ថ្ងៃក្រោយខ្ញុំខ្លាចក្រែងលោ យើងមានចៅក្រម និងព្រះរាជអាជ្ញាហ្នឹងមានលក្ខណៈដូចជាចៅក្រមមួយនៅឯប្រទេស អាល្លឺម៉ង់ ជំនាន់អ៊ីត្លែ កាន់អំណាចផ្ដាច់ការរបបនៅអាស៊ីហ្នឹង គឺគាត់នោះឈ្មោះ រ៉ូឡង់ ហ្វែសត្លែ គាត់គឺជាចៅក្រមមួយសាហាវណាស់បាទ! គឺកាត់ទោសភ្លាមៗតាមគោលនយោបាយតាមរបស់របបនៅអាស៊ីហ្នឹង អ្នកណាប្រឆាំងអ្នកណាអី កាត់ទោសភ្លាមៗដាក់ទោសធ្ងន់ៗរហូតទៅដល់ប្រហារជីវិត។»
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ក៏បានផ្តល់អំណាចយ៉ាងច្រើនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមមាន ត្រួតត្រា និងចាត់ចែងលើកញ្ចប់ថវិការបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាការបំពានទៅលើឯករាជ្យភាពរបស់តុលាការ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ ចំណុចសំខាន់មួយទៀតនោះ គឺព្រះមហាក្សត្រដែលជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងមានអំណាចតិចជាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទៅលើឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមទៅទៀត៕
No comments:
Post a Comment