សកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ការពារសហគមន៍ព្រៃឈើព្រៃម្លូង នៃឃុំស្រយង់ ខាងត្បូង នាស្រុកគូលែន ខេត្តព្រះវិហារ កាលពីខែមករា ឆ្នាំ២០១៤។
Provided Photo
បណ្ដាញ សហគមន៍ នៅព្រះវិហារ អះអាង ថា, ទាហាន សម្រុកកាប់ឈើ ក្នុងតំបន់ការពារ
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២១ មេសា ២០១៤
ព្រៃឈើ ដ៏ធំមួយ ឈ្មោះ ព្រះរកា នៅតំបន់ប្រសព្វមុខគ្នា នៃស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ កំពុងត្រូវ ទាហាន កាប់ធ្វើអាជីវកម្ម ខុសច្បាប់ យ៉ាងខ្លាំងក្លា នាពេលបច្ចុប្បន្ន។ ការកាប់ឈើ យកទៅលក់ដូរ ខុសច្បាប់នោះ មិនត្រឹមតែធ្វើឱ្យព្រៃឈើវិនាសប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យបាត់បង់ដើមច្បោះជ័រទឹករបស់ប្រជាពលរដ្ឋជាច្រើន និងធ្វើឱ្យអ្នកភូមិបាត់បង់ចំណូលប្រចាំថ្ងៃ ដែលបានពីព្រៃឈើផងដែរ។
ប្រភពពីបណ្ដាញសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានឱ្យដឹងថា ឈើប្រភេទធ្នង់ និងនាងនួននៅក្នុងតំបន់ការពារព្រៃព្រះរកា កំពុងត្រូវទាហានសម្រុកកាប់យកទៅជួញដូរខុសច្បាប់ជាច្រើន កាលពីមុន និងចំថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។
អ្នកស្រី មិន សាមុត៖ «មុនចូលឆ្នាំក្រោយចូលឆ្នាំអី ឱ្យតែមានដើមអីដែលគេត្រូវការ គេទិញ គឺកាប់ទាំងអស់។ ច្រើនគោយន្តច្រើនឡាន។ រាល់ថ្ងៃខាងស្រុកជាំក្សាន្ត ក៏កាប់ខាងពោធិប្រមេរ ក៏កាប់ដូចតែគ្នា។ ខ្ញុំដើរទៅខាងស្រុកជាំក្សាន្ត ខាងស្រឡៅទូង ខាងអី ឃើញចូលកាប់ដូចតែគ្នាទាំងអស់។ ការពារយ៉ាងម៉េចជាប់បើមានខ្លះ ការពារខ្លះកាប់ មិនដឹងការពារយ៉ាងម៉េច?»
បច្ចុប្បន្ន ព្រៃព្រះរកាដែលស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វមុខគ្នានៃស្រុក៣ គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ មានសហគមន៍ចំនួន២១ បានបង្កើតឡើងដើម្បីការពារ ក៏ប៉ុន្តែបើទោះបីជាមានសហគមន៍ច្រើនដូចនេះក៏ដោយ ក៏ពួកគេមិនទាន់អាចទប់ស្កាត់ការកាប់ឈើខុសច្បាប់ បានទាំងស្រុងនៅឡើយ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទរបស់មន្ត្រីរដ្ឋបាលព្រៃឈើ និងមេបញ្ជាការទាហានដែលមានមូលដ្ឋានក្បែរនោះ ដើម្បីសុំការបំភ្លឺបញ្ហានេះបានយ៉ាងណានៅឡើយ។
នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ បានអះអាងថា ព្រៃព្រះរកា គឺជាតំបន់ព្រៃឈើសេសសល់ចុងក្រោយនៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ និងតំបន់ឧទ្យានជាតិវរជ័យ នៃខេត្តរតនគិរី។ លោក ឈឹម សាវុធ បានបញ្ជាក់ថា បច្ចុប្បន្នព្រៃព្រះរកា កំពុងទទួលរងការកាប់ពីទាហានដែលមិនមានអ្នកណាហ៊ានបង្ក្រាបទេ៖ «អ្នកដែលកាប់ហ្នឹង គឺទាហានដែលបោះទីតាំងនៅជិតហ្នឹង គឺកាប់របៀបអនាធិបតេយ្យ ហើយនាំចេញយកមកលក់នៅខាងក្រៅ ដូចប្រជាពលរដ្ឋកាប់នៅឯស្រុកឆែប អីអ៊ីចឹង។ ព្រះរកា ឥឡូវចាប់ផ្ដើមកាប់ច្រើនមែនទែន ចង់វាលអស់ហើយ។ ដល់ពេលទាហានមានអ្នកណាទៅរារាំង។»
លោក ឈឹម សាវុធ បានបញ្ជាក់ថា នៅខេត្តព្រះវិហារ ការកាប់ឈើខុសច្បាប់កំពុងកើតមានស្ទើរតែគ្រប់ស្រុកយ៉ាងអនាធិបតេយ្យ ហើយនៅពេលដែលរដ្ឋបាលព្រៃឈើបង្ក្រាបបានឈើប្រណីតប្រភេទផ្សេងៗនោះ គឺមានតែក្រុមហ៊ុន ទ្រី ភាព មួយទេដែលមានអាជ្ញាប័ណ្ណចាំទទួលទិញ៕
No comments:
Post a Comment