Paris Peace Accords 23 Oct. 1991

Monday, April 21, 2014

បក្ស​ប្រឆាំង ​ជំទាស់ ​នឹង​សេចក្តី​ណែនាំ​ របស់​ គ.ជ.ប. ទាក់ទង​ ការ​បោះ​ឆ្នោត ​ក្រុម​ប្រឹក្សា

បក្ស​ប្រឆាំង ​ជំទាស់ ​នឹង​សេចក្តី​ណែនាំ​ របស់​ គ.ជ.ប. ទាក់ទង​ ការ​បោះ​ឆ្នោត ​ក្រុម​ប្រឹក្សា

ដោយ ខែ សុណង / RFA | 19 April 2014
គ.ជ.ប
ទីស្ដីការ​ គណៈកម្មាធិការ​ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) RFA

អ្នក​តំណាង​រាស្ត្រ​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ដាក់​សេចក្ដី​ ជូន​ដំណឹង ​របស់​ខ្លួន ទៅ​សាលា​រាជធានី​ ភ្នំពេញ ស្នើ​ទីលាន​ ប្រជាធិបតេយ្យ ឬ​សួន​មុខ​វត្ត ​បទុម ដើម្បី​ ឃោសនា ​រក​សំឡេង​ឆ្នោត ​រយៈពេល ​២​សប្ដាហ៍ ក្នុង​យុទ្ធនាការ​ ឃោសនា​បោះ​ឆ្នោត​ ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ រាជធានី, ខេត្ត,​ ក្រុង, ​ស្រុក​, ខណ្ឌ។  ប៉ុន្តែ សេចក្ដី​ជូន​ដំណឹង​នេះ ​កំពុង​មាន​ ភាព​ប្រទាំង​ប្រទើស ​ទៅ​នឹង​ចំណុច​មួយ ​នៃ​សេចក្ដី​ណែនាំ​ របស់ គណៈកម្មាធិការ​ ជាតិ​ រៀប​ចំ ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​បាន​ចេញ​ ប្រកាស​ កាល​ពី​ពេល ​ថ្មីៗ​នេះ។


អ្នក​តំណាង​រាស្ត្រ ​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​ សេចក្ដី​ណែនាំ ​របស់​ គ.ជ.ប. ដែល​បាន ​ហាម​ប្រាម ​មិន​ឲ្យ​ គណបក្ស​ នយោបាយ ​ប្រើប្រាស់ ទី​សាធារណៈ ឬ​សាល​សាធារណៈ ធ្វើ​ជា​កន្លែង ​ឃោសនា ​បោះ​ឆ្នោត ​អចិន្ត្រៃយ៍​នោះ ថា,​ ជា​ការ​ធ្វើ​ឡើង​ ដោយ​ខុស​ច្បាប់ ​បោះ​ឆ្នោត និង​ធ្វើ ​ទៅ​តាម​ ការ​ចង្អុល​បង្ហាញ និង​ណែនាំ​ ក្រោម​សម្ពាធ​ របស់ ​គណបក្ស​ កាន់​អំណាច។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា ការ​ចែង​ចំណុច​មួយ​ក្នុង​សេចក្ដី​ណែនាំ​របស់ គ.ជ.ប នេះ​គឺ​បាន​ធ្វើ​ឡើង​មិន​ស្រប​ទៅ​នឹង​ទិដ្ឋភាព​ច្បាប់ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​ដល់​គណបក្ស​នយោបាយ ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី ស្នើ​ទីតាំង​សាធារណៈ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ កាល​ពី​ថ្ងៃ​សុក្រ ហើយ​និង​អនុវត្ត​យក​ទីតាំង​នោះ បើ​ទោះ​ជា​គ្មាន​ការ​អនុញ្ញាត​ក្ដី។

លោក ម៉ៅ មុន្នីវណ្ណ៖ «ខ្ញុំ​យោង​បទ​ពិសោធន៍​ច្រើន​អាណត្តិ​មក​ហើយ គឺ​គណបក្ស​គ្រាន់​តែ​ជូន​ដំណឹង​ទៅ គឺ​ធ្វើ​ហើយ បើ​ថា​មាន​ការ​ហាម​ឃាត់​មាន​ការ​ចេញ​សេចក្ដី​ណែនាំ​ជា​ពិសេស​អី​អ៊ីចឹង វា​ដូច​ជា​ខុស​ពី​នីតិវិធី​នៃ​ច្បាប់​បោះ​ឆ្នោត​ហើយ។ មាន​ន័យ​ថា គ.ជ.ប ហ្នឹង​ធ្វើ​អ្វីៗ​ធ្វើ​ទៅ​តាម​ស្ថានការណ៍ និង​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច គឺ​ជា​រឿង​នយោបាយ​មួយ។»

ទាក់ទង​នឹង​ការ​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឆ្លើយ​តប​ថា សាលា​រាជធានី​នឹង​ពិចារណា​លើ​សេចក្ដី​ជូន​ដំណឹង​នេះ​ជា​មុន​សិន ដោយ​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​សេចក្ដី​ណែនាំ​របស់ គ.ជ.ប៖ «ខ្ញុំ​ មិន​ទាន់​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ទេ​ក្នុង​ករណី​ហ្នឹង [...សើច...] ព្រោះ​ជា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត រង់ចាំ​មើល​សប្ដាហ៍​ក្រោយ​បន្តិច​សិន ក្រោយ​ពី​ការ​ពិចារណា​របស់​ឯកឧត្ដម​អភិបាល​សិន ថា​តើ​យើង​ធ្វើ​ម៉េច​ណា?»

សេចក្ដី​ណែនាំ​របស់ គ.ជ.ប ស្ដីពី​ការ​ពង្រឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ ទី​២ ឆ្នាំ​២០១៤ នៅ​ក្នុង​ចំណុច​សកម្មភាព​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​ទី​សាធារណៈ បាន​សរសេរ​ថា មុន​ធ្វើ​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​គណបក្ស​នយោបាយ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​រាជធានី​ខេត្ត​យ៉ាង​ហោច​ណាស់ ៣​ថ្ងៃ​មុន។

សេចក្ដី​ណែនាំ​ដដែល​នេះ ក៏​បាន​សរសេរ​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​យក​ទី​សាធារណៈ ឬ​សាល​សាធារណៈ​ធ្វើ​ជា​កន្លែង​ឃោសនា​បោះ​ឆ្នោត​អចិន្ត្រៃយ៍​ឡើយ ប៉ុន្តែ​ចំណុច​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ជំទាស់។

យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា មាន​មតិ​ថា ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​រាជធានី​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់។ លោក​ថា អ្វី​ដែល​សំខាន់​នៅ​ក្នុង​ចំណុច​នេះ គឺ​ការ​យក​ទីតាំង​សាធារណៈ​ធ្វើ​ជា​កន្លែង​ឃោសនា​អចិន្ត្រៃយ៍ ហើយ​បើ​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ផ្សេង​ទៀត​ចង់​បាន​ទីតាំង​នេះ​ដែរ គួរ​តែ​មាន​ការ​ចែក​គ្នា​ធ្វើ​ឲ្យ​មាន​តម្លាភាព។


ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​ចែង​របស់ គ.ជ.ប លើក​នេះ គឺ​ហាក់​ផ្ទុយ​ពី​ទិដ្ឋភាព​ច្បាប់៖ «តាម ​ពិត​ទៅ​ការ​ចែង​របស់ គ.ជ.ប ហ្នឹង គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែល​មិន​ឲ្យ​យក​ទី​សាធារណៈ​ហ្នឹង សម្រាប់​ការ​បោះ​ឆ្នោត​នេះ​ណា។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​មុនៗ គឺ​អនុញ្ញាត​ឲ្យ​យក​ទី​សាធារណៈ។ ការ​ចែង​លើក​នេះ វា​ខុស​ពី​ការ​ចែង​លើក​មុន យើង​និយាយ​ឲ្យ​ខ្លី​ប៉ិន​ហ្នឹង​ទៅ​ណា។ គាត់​មិន​ដឹង​មាន​ចេតនា​យ៉ាង​ម៉េច​ទេ​ណា។ បើ​សិន​ជា​ទិដ្ឋភាព​ច្បាប់​តែ​ម្ដង ទីធ្លា​សាធារណៈ គឺ​ជា​ទីតាំង​ឃោសនា​ដ៏​សំខាន់​សម្រាប់​គណបក្ស​នយោបាយ។»

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។ គណបក្ស​នយោបាយ​ចំនួន​៥ នឹង​ចូល​រួម​ប្រកួត​ប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕




1 comment:

  1. Anonymous4:43 PM

    មកពីលោក សម រង្សីមាត់ដាច អួតប្រាប់ហុ៊ន សែនថា
    បក្សសង្គ្រោះជាតិ នឹងហែរក្បួន ២មុឺននាក់ ។ បើចង់រំលំ
    កម្មុយនីស មិនត្រូវប្រាប់អ្វីដែលនឹងត្រូវធ្វើនោះទេ ។ ហុ៊ន សែនត្រូវតែការពារអំណាច គ្រប់មធ្យោបាយ ។

    ReplyDelete