Paris Peace Accords 23 Oct. 1991

Tuesday, April 22, 2014

រដ្ឋ ​ផ្តល់​អាជ្ញា​បណ្ណ ​ច្រើន, ​តែ ​តម្លៃ ​អគ្គិសនី ​នៅ​តែ​ថ្លៃ

ដ្ឋ ​ផ្តល់​អាជ្ញា​បណ្ណ ​ច្រើន, ​តែ ​តម្លៃ ​អគ្គិសនី ​នៅ​តែ​ថ្លៃ


ការ​ផ្ដល់​ អាជ្ញាបណ្ណ ​ឱ្យ​អ្នក​រកស៊ី​ភ្លើង ​ឯកជន​ ដើម្បី​ ផ្គត់ផ្គង់​ភ្លើង​ អគ្គិសនី​ ជំនួស​រដ្ឋ នៅ​តាម​ ទី​ជនបទ ​ទំនង ​ជា​មូលហេតុ​ ចម្បង​មួយ ​ដែល​ធ្វើ ​ឱ្យ​ភ្លើង​អគ្គិសនី ​នៅ​តាម​ ជនបទ​ កម្ពុជា​ មាន​តម្លៃ​ខ្ពស់ ​និង​ផ្គត់ផ្គង់​ បាន​ទាប ធៀបនឹង​ប្រទេស ក្បែរ​ ខាងក្នុង​តំបន់។  ដំណាល​គ្នា ​នេះ​ដែរ មន្ត្រី​ អគ្គិសនី​ មួយ​ចំនួន​ ក៏​ជា​អ្នក ​រកស៊ី ​ជា​ឈ្មួញ​កណ្ដាល ​ក្នុង​ការ​ចែកចាយ​ ភ្លើង​ បន្ត​ តាម​ទី​ជនបទ​ផង​ដែរ។  នេះ ​បើ ​យោង​តាម​ មន្ត្រី​ផ្នែក​អគ្គិសនី​ របស់​ រដ្ឋាភិបាល​ម្នាក់ ដែល​អត្ថាធិប្បាយ ​ក្នុង​លក្ខខណ្ឌ​ សូម មិន​ បញ្ចេញឈ្មោះ។
មន្ត្រី​រូប​នេះ ​បាន​ថ្លែង​ប្រាប់​វីអូអេ សំឡេង​ សហរដ្ឋ​អា មេរិក តាម​សារ​ អេឡិចត្រូនិក​ថា ​ក្នុង​ការ​ធ្វើ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទឬ​ក៏​ការ​ធ្វើ​ឱ្យប្រជាពលរដ្ឋ​ នៅ​ជនបទ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើសរើស ​ការ​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន​ដើម្បីផ្គត់ផ្គង់​អគ្គិសនី​ជំនួស ​ឬ​បន្ត​ពីខ្លួន​ទៅ​វិញ​ ដែល​ខុស​ពី​អ្វី​ដែល​ប្រទេស​ក្នុង​តំបន់​ធ្លាប់​ អនុវត្ត​បាន​ដោយ​ជោគជ័យ​នា​ពេល​កន្លង​មក។ 

អ្វី​ដែល​ប្រទេស​ក្នុង​តំបន់​ដូចជា​ប្រទេស​ថៃ វៀតណាម និង​ម៉ាឡេស៊ីធ្លាប់​ ធ្វើ​កន្លង​មក​គឺ​ថា​ប្រទេស​ទាំង​នោះ​មិន​ឱ្យ​អ្នក​រកស៊ី​ភ្លើង​ឯកជន​ជា​ អ្នក​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​នៅតាម​ជនបទ​ជំនួស​ខ្លួន​នោះ​ទេ ប៉ុន្តែ​ រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​បាន​ពង្រីក​ការ​ផ្គត់ផ្គង់​ទៅ​ទី​ជនបទ​ដោយ​ ខ្លួន​ឯង​តាម​រយៈកម្ចី​សម្បទាន​ដែល​មាន​ការ​ប្រាក់​ទាបពី​បរទេស។ ឧទាហរណ៍​ ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​១៩៧២ មាន​ប្រជាជន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ ភ្លើង​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​បាន​ស្វែងរក​កម្ចី​ សម្បទាន​ទៅ​វិនិយោគ​លើ​ការ​ពង្រីក​មធ្យោបាយ​ផលិត​និង​ចែក​ចាយ​អគ្គិសនី​ដោយ​ ខ្លួន​ឯង​ ហើយ​៣០​ឆ្នាំ​ក្រោយ​មក​ប្រជាជន​ថៃ​ចំនួន​៩៩​ភាគរយ​មាន​ភ្លើង​ ប្រើប្រាស់​គ្រប់គ្រាន់។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​នៃ​ ប្រទេស​ថៃ។

ក្រឡេក​មក​កម្ពុជា​វិញ ត្រឹម​ឆ្នាំ​២០១២ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ ផ្ដល់​អាជ្ញាបណ្ណ​ចំនួន​៣៥៤​អាជ្ញាបណ្ណ​ដល់​អ្នក​ផ្គត់​ផ្គង់​និង​អ្នក​ចែក​ ចាយ​បន្តនៅ​តាម​ជនបទ ដែល​គ្រប​ដណ្ដប់​ជាង​មួយ​ម៉ឺន​ភូមិ ឬ​លំនៅឋាន​ជាង​៩​ សែន​ខ្នង ឬ​៤០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប។ ក្នុង​ចំណោម​អ្នក​ដែល​ ទទួល​បាន​អាជ្ញាបណ្ណ​ទាំង​នោះ​មាន​តែ​ក្រុមហ៊ុន​រដ្ឋ​មួយ​តែ​ប៉ុណ្ណោះ​គឺ​ អគ្គិសនី​កម្ពុជា (EDC)។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​ កម្ពុជា​ដែល​មាន​សមត្ថកិច្ច​ផ្ដល់​អាជ្ញាបណ្ណ​និង​កំណត់​តម្លៃ​ភ្លើង​ អគ្គិសនី​នៅ​កម្ពុជា។

មន្ត្រី​ផ្នែក​អគ្គិសនីដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​រិះគន់​ថា​មូលហេតុ​ សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មិន​ខិតខំ​ពង្រីក​ការ​ ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​នៅ​ជនបទ​ដោយ​ខ្លួន​ឯង​ដោយ​សារ​មន្ត្រី​នៅ​ទី​នោះ ​ទទួលបាន​ប្រយោជន៍​ពី​អ្នក​រកស៊ី​ភ្លើង​ឯកជន​ទាំង​នោះ។

មន្ត្រី​ដដែល​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​មក​ទល់​ពេល​នេះ មាន​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កាន់​អាជ្ញាបណ្ណ​រក​ស៊ី​លក់ ​ភ្លើង​ខ្លួន​ឯង​ចំនួន​ជាង​១០០​អាជ្ញាបណ្ណ ដែល​ផ្ទុយ​នឹង​មាត្រា​១១​និង​១២​ នៃ​ច្បាប់​ស្តី​ពី​អគ្គិសនី ដែល​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​អាជ្ញាធរ​ អគ្គិសនី​ទាំង​អស់​រកស៊ី​លក់​ភ្លើង។ លោក​ពន្យល់​ថា​ការ​ដាក់​ពាក្យ​សុំ​ អាជ្ញាបណ្ណ​ខ្លួន​ឯង និង​ការ​រៀបចំ​ប្រជុំ​ផ្តល់​អាជ្ញាបណ្ណ​ដោយ​មន្ត្រី​ អាជ្ញាធរ​ខ្លួន​ឯង​នេះ ធ្វើឱ្យ​អ្នក​ផ្គត់ផ្គង់​ភ្លើង​ទាំង​នោះ​អាច​កំណត់​ តម្លៃ​ភ្លើង​យក​ចំណេញ​ខ្ពស់​ខ្លាំង​ជាង​តម្លៃ​ពិត​ប្រាកដ។ ឧទាហរណ៍​ភ្លើង​ អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ក្រោម​១​ពាន់​រៀល​ក្នុង​ មួយ​គីឡូវ៉ាត់​ម៉ោង ប៉ុន្តែ​អ្នក​រក​ស៊ី​ឯកជន​បាន​យក​តម្លៃ​ចាប់​ពី​១២០០​ រៀល​រហូត​ដល់​៤០០០​រៀល​នៅ​តំបន់​ខ្លះ​ក៏​មាន ​ដែល​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជនបទ​មួយ​ចំនួន​បានត្អូញត្អែរ​ពី​តម្លៃ​ភ្លើង​អគ្គិសនី​ថ្លៃ​និង​ប្រើប្រាស់​មិន​បាន​គ្រប់​គ្រាន់។

កំពុង​អង្គុយ​ខាង​មុខ​ផ្ទះ​ជា​មួយ​គ្រួសារ លោក សោម វ៉ាន់ អាយុ​៧២​ឆ្នាំ ជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ខ្សែត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

«​នៅ​កំពង់រោទិ៍ ភ្លើង​រដ្ឋ​គឺ​៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ឯ​នៅ​ទី​នេះ​ ភ្លើង​ឯកជន​តម្លៃ​១២០០​រៀល។ ១២០០​រៀល​បើ​ថា​ថ្លៃ​គឺ​ថ្លៃ​ហើយ ព្រោះ​ថា​ ស្រុក​ស្រែ​ជីវភាព​មិន​មែន​រក​លុយ​បាន​រាល់​ថ្ងៃ​ទេ។ ប៉ុន្តែ​ចេះ​តែ​ទ្រាំ​ ប្រើ​ទៅ ធ្វើ​ម៉េច​បើ​ស្រុក​វា​អញ្ចឹង»។​

ចំណែក​ឯ​អ្នកស្រី ច្រេង សុភា អាយុ​៣៤​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ឃុំ​ទឹក​វិល ស្រុក ​ស្អាង ខេត្ត​កណ្ដាល បាន​ត្អូញ​ថា ភ្លើង​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​អ្នក​ រកស៊ី​ភ្លើង​ឯកជន​នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្កើត​ភាព​មិន​ប្រក្រតី​ជា​ពិសេស​ ការ​ដាច់​ភ្លើង​ជា​ញឹកញាប់។

«​ភ្លើង​នៅ​ទី​នេះ​ដាច់​សឹង​រាល់​ថ្ងៃ ដាច់​ព្រឹក​ក៏​មាន ដាច់​ល្ងាច​ក៏​ មាន ពេល​ព្រឹក​មាន​ភ្លើង​៤​ទៅ​៥​ម៉ោង​ដាច់​ទៅ​វិញ​ទៀត​ហើយ ដាច់​៣​ទៅ​៤​ម៉ោង ​ទើប​មក​វិញ។ ភ្លើង​គាត់​មាន​៣០០​គីឡូវ៉ាត់​អញ្ចឹង អាច​ផ្គត់​ផ្គង់​បាន​៥០​ ផ្ទះ ប៉ុន្តែ​គាត់​បន្ថែម​ដល់​៧០​ទៅ​៨០​ផ្ទះ​ដូច្នេះ​ប្រើ​អត់​គ្រប់។ ពិបាក ​ណាស់​ពេល​ខ្លះ​គ្រាន់​តែ​លាង​ឆ្នាំង​ដាំ​បាយ​មិន​ទាន់​បាន​ទាំង​ដោត​ភ្លើង​ ផង ដាច់​ភ្លើងបាត់​ទៅ​ហើយ»។

អ្នកស្រី សុភា សម្ដែង​ការ​ខឹង​សម្បារ​ថា​នៅ​ពេល​ដែល​ភ្លើង​ដាច់​ញឹកញាប់​បែប ​នេះ​ បែរ​ជា​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​ស្រី​និង​អ្នក​ភូមិ​ផ្សេង​ទៀត​ចំណាយ​ ថ្លៃ​ភ្លើង​លើស​ពី​ពេល​មុន​ដល់​ទៅ​ជិត​ពីរដង​ទៅ​វិញ។

លោក ជ្រិន ស្រៀង ប្រធាន​ឃុំ​នៅ​ទី​នោះ ថ្លែង​ថា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ ភ្លើង​អគ្គិសនី​នៅ​តំបន់​នោះ​កំពុង​តែ​ព្យាយាម​ដោះស្រាយ​ភាព​រអាក់រអួល​នេះ​ ហើយ។

«ព័ត៌មាន​ដែល​ផ្ដល់​ឱ្យ​ហ្នឹង​គឺ​ថា​ភ្លើង​ដែល​យើង​កុម្ម៉ង់​ទិញ​ពី​វៀតណាម​ ពី​ដំបូង​គឺ​មាន​ចំនួន​ល្មម​ហ្នឹង​ប្រើ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចែក​ចាយ​ទៅ​ ឃុំ​ដទៃ​ៗ​ទៀត​គឺ​ត្រូវ​ខ្វះ​ហើយ។ ព័ត៌មាន​ពី​ក្រុមហ៊ុន​គឺ​ថា​ក្រុមហ៊ុន​ កំពុង​ទំនាក់​ទំនង​ខាង​វៀតណាម​ដើម្បី​យក​មក​ប្រើ​ប្រាស់​ឱ្យ​បាន​ គ្រប់គ្រាន់»។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា នៅ​ឆ្នាំ​២០១២​កម្ពុជា​អាច​ផលិត​ ថាមពល​អគ្គិសនី​ចេញ​ពីប្រេង​ឥន្ធនៈ វារីអគ្គិសនី និង​ធ្យូង​ថ្ម ជា​ដើម បាន​ ត្រឹម​តែចំនួន​១៤២៣​លាន​kWh​ (million kilowatt-hour) ប៉ុណ្ណោះ ចំណែក​ឯ​តម្រូវ​ការ​មាន​រហូត​ដល់​ជាង​៣៥២៧​លាន ​kWh ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​នាំ​ចូល​អគ្គិសនី​ប្រមាណ​៦០​ភាគរយ​ពី​ វៀតណាម ថៃ និង​ឡាវ។

តម្លៃ​អគ្គិសនី​ខ្ពស់​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ ​នៅ​តាម​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​កម្ពុជា​មិន​មាន​ភាព​ប្រកួត​ ប្រជែង​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគទុន​បរទេស​ផង​ដែរ។

ក្រុម​អ្នក​វិនិយោគទុន​បាន​ត្អូញត្អែរ​ជា​ប្រចាំ​ថា​បញ្ហា​ហេដ្ឋា​រចនា​ សម្ព័ន្ធ​និង​តម្លៃ​អគ្គិសនី​ថ្លៃ​ធ្វើ​ឱ្យ​ពួកគេ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ ក្នុង​ការ​ផលិត​នៅ​កម្ពុជា។

ប៉ុន្តែ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់ម្នាក់​នៅ​អគ្គិសនី​កម្ពុជា ​(EDC) និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ជនបទ តែ​បែរ​ជា​ ផ្ដល់​អាជ្ញាបណ្ណ​ផ្គត់ផ្គង់​ភ្លើង​នេះ​ទៅ​ឱ្យ​ឯកជន​វិញ ដោយ​សារ​រដ្ឋាភិបាល ​ពុំ​មាន​លទ្ធភាព​ពង្រីក​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​បាន​ទូទាំង​ប្រទេស​ស្រប ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​គោល​ដៅ​ឱ្យ​ភូមិ​ឃុំទាំង​អស់​មាន​ភ្លើង​អគ្គិសនី​ ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​២០២០។ មន្ត្រី​នៅ​អគ្គិសនី​កម្ពុជា​ដដែល​ឱ្យ​ដឹង ​ទៀត​ថា​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​វិនិយោគ​លើ​ប្រភព​ ថាមពល​ផ្សេងៗ​ដូចជា​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​ខេត្ត​ព្រះ​ សីហនុ និង​វ៉ារី​អគ្គិសនី​ជា​ដើម ហើយ​ប្រសិន​បើ​គម្រោង​ទាំង​នោះ​បញ្ចប់​ការ ​សាងសង់ រដ្ឋាភិបាល​រំពឹង​ថា​ខ្លួន​អាច​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនី​បាន ​ទូលំទូលាយ​និង​ក្នុង​តម្លៃ​ទាប​ជាង​មុន។

លោក ប្រាង ជលសារ ​អគ្គនាយករង​ទទួល​បន្ទុក​កិច្ចការ​បច្ចេកទេស​នៃ​អគ្គិសនី​កម្ពុជា​ស្នើ​មិន​ ធ្វើ​អត្ថាធិប្បាយ​តាម​ខ្សែ​ទូរស័ព្ទ​នោះ​ទេ។ ចំណែក​ឯ​លោក ទី នរិន្ទ ប្រធាន ​អាជ្ញាធរ​អគ្គិសនីកម្ពុជា​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​ពីរ​ថ្ងៃ​មក​នេះ៕



No comments:

Post a Comment