Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

អ្នកស្រី មូរ សុខហួរ ទាមទារ​ រដ្ឋាភិបាល​ ដក​ ឬ​ព្យួរ​ការងារ​ អភិបាល​រង​ ខណ្ឌ​ដូនពេញ

អ្នកស្រី មូរ សុខហួរ ទាមទារ​ រដ្ឋាភិបាល​ ដក​ ឬ​ព្យួរ​ការងារ​ អភិបាល​រង​ ខណ្ឌ​ដូនពេញ

ដោយ ឡេង ម៉ាលី / RFA | 22 April 2014

មូរ សុខហួរ ៦១០
អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ក្នុង​សន្និសីទ​ សារព័ត៌មាន ​នៅ​ព្រឹក​ថ្ងៃ ​ទី​២២ មេសា ឆ្នាំ​២០១៤។  RFA/Leng Maly

គណបក្ស​ សង្គ្រោះ​ជាតិ ទាមទារ ​រដ្ឋាភិបាល ​ឱ្យ​ចាត់​វិធាន​ការ ដូច​ជា ការ​ដក ឬ​ព្យួរ​ការងារ​ ចំពោះ​ អភិបាល​រង​ ខណ្ឌ​ដូនពេញ ដែល​បញ្ជា ​ឱ្យ​ប្រើ​ហិង្សា​ វាយ​របួស​ មនុស្ស​ នៅ​ទីលាន​ ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ ទី​២១ មេសា។  មន្ត្រី​ រដ្ឋាភិបាល​ កំពុង​រង់ចាំ​ មើល​ បណ្ដឹង​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ។

ថ្លែង​នៅ​ក្នុង​ សន្និសីទ​ សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ ទី​២២ មេសា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ថា នៅ​ថ្ងៃ​ទី​២៨ មេសា សប្ដាហ៍​ក្រោយ បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល ដើម្បី​ឱ្យ​មាន​វិធាន​ការ​រដ្ឋបាល​លើ​អភិបាល​រង​ខណ្ឌ​ដូនពេញ គឺ​លោក សុខ ពេញវុធ៖ «ធ្វើ​តាម​រដ្ឋបាល យើង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ នេះ​ហើយ ហើយ​ដូច​ខ្ញុំ​ជម្រាប​ហើយ មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​មើល​លើ​ករណី​ទាំងអស់​នេះ។ ជន​រង​គ្រោះ គឺ​ជា​ករណី​របស់​គេ បើ​សិន​ជា​គេ​ចង់​ប្ដឹង​ជា​បុគ្គល ហ្នឹង​ជា​រឿង​របស់​គេ តែ​ចំពោះ​បក្ស​សង្គ្រោះ​ជាតិ យើង​ធ្វើ។ ខ្ញុំ​សុំ​ជម្រាប​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ កែ​ទម្រង់​ការ​គ្រប់គ្រង​ប្រទេស​នេះ គឺ​ជា​ចំណុច​ដ៏​សំខាន់ ដ៏​ក្ដៅ​គគុក នៅ​ក្នុង​ការ​ចរចា ដើម្បី​ឱ្យ​យើង​ទៅ​ចូល​សភា ឬ​មិន​ចូល​សភា។ យើង​អត់​ទុក​ចោល​ទេ។»

បន្ថែម​លើ​បញ្ហា​នេះ អ្នកស្រី​ក៏​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ហេតុការណ៍​កាល​ពី​ពេល​កន្លង​មក​ដែរ។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​ប្រាកដ​ថា នឹង​ត្រូវ​ចាត់​អ្វី ឬ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ទាមទារ និង​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ ដរាប​ណា​មិន​ទាន់​បាន​ទទួល​លិខិត និង​បណ្ដឹង​ច្បាស់​លាស់​នោះ៖ «ខ្ញុំ ​ជឿ​ថា លោក​ជំទាវ មូរ សុខហួរ លោក​ជា​អ្នក​ច្បាប់ លោក​ច្បាស់​ជា​យល់​ច្បាស់​ពី​នីតិវិធី​ក្នុង​ការ​សុំ​ឱ្យ​ព្យួរ​តំណែង​ មន្ត្រី​នយោបាយ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ តាម​វិធី​នៃ​ច្បាប់។ ខ្ញុំ​មិន​ដឹង​ថា គាត់​នឹង​ចោទ​ទៅ​លើ​ធាតុ​ផ្សំ​អី​ខ្លះ នៅ​ក្នុង​ការ​ព្យួរ​ហ្នឹង។ បើ​លោក​ជំទាវ​គ្រាន់​តែ​និយាយ​ឱ្យ​បាន​តែ​ឮ​នោះ គឺ​ពិបាក​និយាយ​ណាស់ ទាល់​តែ​មាន​ធាតុ​ផ្សំ​នៃ​បណ្ដឹង។ តើ​ហេតុផល​អ្វី​ដែល​លោក​ជំទាវ​គាត់​ប្ដឹង ហើយ​ប្ដឹង​នៅ​ក្នុង​វិធាន​អ្វី នៅ​ក្នុង​ច្បាប់​អ្វី? ប៉ុន្តែ​លោក​ជំទាវ​មាន​សិទ្ធិ​នៅ​ក្នុង​បណ្ដឹង​តវ៉ា​តតាំង​ជាមួយ​មន្ត្រី​ នយោបាយ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ ដែល​លោក​យល់​ឃើញ​ថា ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​លោក។»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​រក​ការ​ឆ្លើយ​តប​ពី​អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ មេសា។

រីឯ​មន្ត្រី​នាំ​ពាក្យ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ដែរ​ជុំវិញ​បញ្ហា​នេះ។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ឱ្យ​ដឹង​ថា លិខិត​រដ្ឋបាល​ដែល​នឹង​ដាក់​ទៅ​រដ្ឋាភិបាល និង​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ គឺ​ធ្វើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្នក​រង​របួស​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​តាម​ករណី​ដោយ​ឡែក។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយសារ​កម្លាំង​សន្តិសុខ​វាយ គឺ​លោក ស្រី សម័យ ថ្លែង​ថា លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ធ្វើ​បែប​ណា​ទេ ដោយ​រង់ចាំ​មើល​បណ្ដឹង​របស់​គណបក្ស​សិន៖ «ខ្ញុំ​ចាំ​មើល​លោក​ជំទាវ​រៀប​ ចំ​ពាក្យ​បណ្ដឹង​ហ្នឹង​នៅ​ថ្ងៃ​ច័ន្ទ។ អ៊ីចឹង​ចាំ​មើល​ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ឬ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ហ្នឹង ហើយ​គាត់​បែង​ចែក​យ៉ាង​ម៉េច​ហ្នឹង ប្រហែល​ជា​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​ត្រូវ​ប្ដឹង ឬ​មិន​ប្ដឹង។»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មេសា កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​បញ្ជា​ដោយ​អភិបាល​រង​ខណ្ឌ​ដូនពេញ គឺ​លោក សុខ ពេញវុធ ព្យាយាម​បណ្ដេញ អ្នកស្រី មូរ សុខហួរ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ហើយ​វាយ​ឱ្យ​អ្នក​គាំទ្រ និង​អ្នក​កាសែត ១០​នាក់​រង​បួស​ធ្ងន់ និង​ស្រាល។

អ្នកស្រី មូរ សុខហួរ ថ្លែង​ថា ក្រៅ​ពី​ការ​ធ្វើ​លិខិត​រដ្ឋបាល និង​បណ្ដឹង​ទៅ​តុលាការ អ្នកស្រី​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​ទូត​អន្តរជាតិ​ដែរ ទាក់ទង​នឹង​ការ​ប្រើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នកស្រី​គ្រោង​នឹង​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀត ពី​ថ្ងៃ​ទី​៣០ មេសា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤៕



No comments:

Post a Comment