អតីត យោធិនពិការ និងទាហាន ១៩៤គ្រួសារ ប្រឈមនឹង ការបាត់បង់ ដីស្រែ
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ២៧ មេសា ២០១៤
ប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យ អ្នកភូមិ ១៩៤គ្រួសារ បានលើកគ្នា មកតវ៉ា នៅសាលាខេត្តបន្ទាយមានជ័យ សុំឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយ ករណីដីធ្លី ទំហំ ១.២០០ហិកតារ ដែលកំពុងមានទំនាស់ ជាមួយ ក្រុមហ៊ុន ឯកជនមួយ របស់ ថៃ។ ទន្ទឹមគ្នានេះ ក្រុមអ្នកភូមិ ក៏បានទាមទារ ឲ្យមានការដោះលែង អ្នកភូមិ ពីរនាក់ ដែលអាជ្ញាធរ បានចាប់ខ្លួន ដោយសារ ពួកគាត់នាំគ្នា ចូលកាន់កាប់ នៅលើដី មានទំនាស់នោះ។
អតីតយោធិនពិការនិងទាហានកាត់រំសាយចំនួន ១៩៤គ្រួសារ កំពុងប្រឈមទៅការបាត់បង់ដីស្រែចម្ការដែលបានពួកគាត់អះអាងថា បានកាន់កាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៩៧ មក។ ដីមានទំនាស់ទំហំ ១.២០០ហិកតារនោះ ឋិតនៅភូមិទួលអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជនរបស់ថៃមួយ ឈ្មោះ ហៃ សួរ។
ពួកគាត់បន្តថា ការជួបរកដំណោះស្រាយជាមួយអាជ្ញាធរនៅពេលនោះពុំទទួលបានលទ្ធផលនោះ ឡើយ។ លុះដល់ខែមេសា ឆ្នាំ២០១៤នេះ អតីតយោធិនពិការ យោធិនកាត់រំសាយ បាននាំគ្នាចូលទៅកាន់កាប់នៅលើដីនោះ។ ពួកគាត់បាននាំគ្នាសង់រោង ធ្វើផ្ទះ លុះដល់ថ្ងៃទី២៣ ខែមេសា ស្រាប់តែកម្លាំងរាជអាវុធហត្ថបានចុះទៅរុះរើរបងចេញពីដីនោះ និងបានចាប់ខ្លួនតំណាងអ្នកភូមិពីរនាក់បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ៖«ឈ្មោះ ហឿន វី និង ឈ្មោះ លី ខ្លី មិនដឹងគេចោទពីបទអីអត់ទាន់បានដឹងសំណុំរឿងបែបបទគេផង។ គេចាប់យកទៅតែម្ដង បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងយោធិនកាត់រំសាយប្រភេទពីរអី។ គឺថា សំណូមពរឲ្យអភិបាលខេត្ត ស្ថាប័នទាំងអស់ជួយអន្តរាគមន៍ និងជួយដោះស្រាយដីរបបគោលនយោបាយពីរដ្ឋាភិបាល ហ៊ុន សែន គាត់បានបែងចែកពីឆ្នាំ១៩៩៧ ទាមទារយកមកវិញ ពីព្រោះកងកម្លាំងទាំងនោះ បានធ្វើរោងធ្វើអី ធ្វើផ្ទះនៅលើដីហ្នឹងហើយ»។
កន្លងទៅនេះ ក្រុមអ្នកភូមិជាង ៤០នាក់ បាននាំគ្នាធ្វើដំណើរទៅកាន់ទីស្នាក់ការសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីឲ្យអង្គការជួយដោះស្រាយ។ អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ដែលបានចុះអង្កេតទំនាស់ដីមានទំនាស់នោះថ្លែងថា ទំនាស់ដីធ្លីកើតមានឡើង ដោយសារកំហុសរបស់អាជ្ញាធរមូលដ្ឋាន។ ដីនោះជាដីរបបគោលនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលបែងចែកទៅឲ្យអតីតទាហានកាត់រំសាយ ដែលពួកគាត់ឈរជើងនៅចំណុចណាបានដីនៅចំណុចនោះ។ តែក្រោយមកដីនោះត្រូវបានមេទាហានយកទៅលក់។
លោក ស៊ុំ ចន្ទគា៖ «អ៊ីចឹងមេទាហានយកទៅលក់ គួរតែមានឯកសារច្បាស់លាស់ ទី២ ប្រជាពលរដ្ឋបានប្ដឹងទាមទារចាប់តាំងពីខេត្ត ភូមិ ឃុំ ស្រុក រហូតដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដល់អាជ្ញាធរជាតិ ប៉ុន្តែមិនមានសូចនាបញ្ជាក់ថា ដីហ្នឹងដោះស្រាយបាន ឬក៏ដោះស្រាយមិនបានទេ បែរទៅជាទុកចោល ហើយគាត់ក៏មិនដឹងថា តើត្រូវដោះស្រាយប៉ុណ្ណា នៅប៉ុណ្ណា។ អ៊ីចឹងប្រជាពលរដ្ឋកន្លងមកអស់សង្ឃឹមនៅពេលមិនមានការដោះស្រាយ ជម្រើសចុងក្រោយរបស់ពួកគាត់ចូលទៅរស់នៅកាន់កាប់លើដីចំណែករបស់គាត់»។
មន្ត្រីសមាគមអាដហុក ដដែលថ្លែងថា ដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនថៃនោះ ជានិមិត្តរូបមួយតំណាងឲ្យការប្ដូរសាច់ប្ដូរឈាម ការពលីពិការរបស់អតីតយោធិនពិការ យោធិនកាត់រំសាយ និងគ្រួសារយោធិនពលីដែលបន្សល់ទុកពីសម័យសង្គ្រាម។ លោកបន្តថា ភាគីក្រុមហ៊ុន ហៃ សួរ របស់ថៃ គួរតែប្រគល់ដីនោះទៅប្រជាពលរដ្ឋវិញ ហើយបើក្រុមហ៊ុនចង់បានដី គួរតែធ្វើការប្ដឹងតវ៉ាជាមួយមេទាហានដែលបានលួចយកដីនោះលក់។
ក្រុមអ្នកភូមិក្រៅពីការសុំឲ្យអង្គការក្រៅរដ្ឋាភិបាល ជួយក្នុងករណីទំនាស់ដីធ្លីនេះ ពួកគាត់ក៏បានលើកគ្នាទៅតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំអភិបាលខេត្តជួយដោះស្រាយជូនពួកគាត់។ ឆ្លើយតបចំពោះការទាមទារនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវគោលការណ៍មួយចំនួន។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា អាជ្ញាធរតម្រូវក្រុមអ្នកភូមិ និងភាគីក្រុមហ៊ុនត្រូវដកខ្លួនចេញទីតាំងដីមានទំនាស់នោះមួយរយៈសិន ដើម្បីរង់ចាំអាជ្ញាធរខេត្តបង្កើតក្រុមការងារចុះដោះស្រាយ៖ «ព្រោះកិច្ចការហ្នឹងយើងឃើញថា មានទំនាស់ជាមួយគ្នារង់ចាំអាជ្ញាធរបង្កើតក្រុមការងារទៅសិក្សាស្រាវជ្រាវឲ្យច្បាស់ថា ដីហ្នឹងជារបស់អ្នកណាពិតប្រាកដដើម្បីធ្វើអត្តសញ្ញាណកម្មជាមួយគ្នាឲ្យច្បាស់លាស់ទៅ បានយើងអាចទទួលស្គាល់ថា នរណាជាម្ចាស់ដី»។
លោកអភិបាលខេត្តបន្តថា មូលហេតុដែលឈានទៅដល់ការចាប់ខ្លួនអ្នកភូមិចំនួនពីរនាក់ គឺដោយសារមានមេខ្យល់បំផុសឲ្យប្រជាពលរដ្ឋចូលទៅកាន់កាប់ដី។ មេខ្យល់រូបនោះបានចេញមុខ ដើរតួធ្វើជាអាជ្ញាធរ និងធ្វើជាតំណាងក្រុមហ៊ុនពុះដីជាឡូត៍យកទៅលក់។ ប្រជាពលរដ្ឋមួយចំនួនឃើញមានដីលក់ក្នុងតម្លៃទាប ក៏នាំគ្នាទៅទិញ បង្កឲ្យមានបញ្ហាកើតឡើង។
លោកអភិបាលខេត្តបន្តថា ក្នុងករណីនេះបើសិនជាប្រជាពលរដ្ឋពុំមានដីពិតប្រាកដ ពួកគាត់អាចធ្វើពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈអាជ្ញាធរភូមិឃុំស្រុកនិងខេត្ត។ អាជ្ញាធរខេត្តនឹងបន្តសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីសុំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ទាក់ទិនការចាប់ខ្លួនអ្នកភូមិ ២នាក់ លោកអភិបាលខេត្តបញ្ជាក់ថា អ្នកភូមិទាំងពីរនាក់ នឹងត្រូវដោះលែងវិញ ប៉ុន្តែបញ្ហានេះ ទាមទារឲ្យប្រជាពលរដ្ឋដែលចូលទៅកាន់កាប់នៅលើដីមានទំនាស់ នោះត្រូវដកចេញពីដីនោះអោយអស់ជាមុនសិន៖ «ខ្ញុំកំពុងឲ្យគេត្រួតពិនិត្យហើយ បើកាលណាគាត់ដកថយទាំងអស់មកយើងនឹងដោះលែង យើងទុកធ្វើអីទេបងប្អូននោះ ប៉ុន្តែចង់ឲ្យគាត់យល់ថា កុំលេងផ្លូវកាត់ ឃើញដីស្រឡះទៅវាស់ចែកគ្នាលក់អ៊ីចឹង អាហ្នឹងអត់ត្រូវទេ ទាំងក្រុមហ៊ុនទាំងអស់គ្នា ព្រោះពួកគាត់នេះមិនមែនតែមួយកន្លែងទេ។ តាមគេប្រាប់ខ្ញុំមានដល់បីកន្លែង មនុស្សដដែលហ្នឹង ប្រមាណនាក់ហ្នឹងមេខ្យល់»។
ទោះយ៉ាងនេះ មន្ត្រីសមាគមអាដហុក លោក ស៊ុំ ចន្ទគា យល់ថា ការចាប់ខ្លួនអ្នកភូមិទាំងពីរនាក់ បានធ្វើឡើយក្នុងចេតនាបង្ខំឲ្យអ្នកភូមិចាកចេញពីដីមានទំនាស់។ លោកថា ការចាប់ខ្លួននេះបានធ្វើឡើយផ្ទុយពីនីតិវិធី ពីព្រោះភាគីក្រុមហ៊ុនមានលិខិតទិញលក់ ដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរឃុំ ផ្ទុយពីយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ជំនាញសុរិយោដី។ សមាគមអាដហុក ស្នើឲ្យអាជ្ញាធរខេត្តពិចារណាក្នុងការដោះលែងអ្នកភូមិទាំងពីរនោះវិញ និងជំរុញឲ្យពន្លឿនការដោះស្រាយទំនាស់ដីធ្លីនោះឲ្យឆាប់ជូនប្រជាពលរដ្ឋ៕
No comments:
Post a Comment