ព្រឹត្តិការណ៍ នយោបាយ សំខាន់ៗ នៅក្នុងឆ្នាំម្សាញ់
ដោយ វណ្ណ វិចារ / RFA | 10 April 2014
ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំនេះ ឆ្នាំមមី សង្ក្រាន្តចំថ្ងៃ ១៥កើត ថ្ងៃពេញបូរមី ១រោច និង ២រោច ខែចែត្រ ពុទ្ធសករាជ ២៥៥៨ ត្រូវ នឹងថ្ងៃអង្គារ ទី១៤, ១៥, និង១៦ ខែមេសា ឆ្នាំ២០១៤ ជាថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជួបជុំក្រុមគ្រួសារ ដើម្បី អំណរទេវតា ឆ្នាំថ្មី។
ឆ្នាំថ្មី ចូលមក ក៏ពិតមែន, ប៉ុន្តែ ព្រឹត្តិការណ៍នានា ក្នុងឆ្នាំចាស់ បានដិតដាម ក្នុងអារម្មណ៍ ពលរដ្ឋខ្មែរ នៅឡើយ។ រឿងរ៉ាវ មួយចំនួន មិនទាន់ ត្រូវ បានអ្នកនយោបាយ ដោះស្រាយបញ្ចប់ ដើម្បី ជាជំនូន ឆ្នាំថ្មី ជូនរាស្ត្រខ្មែរ នោះទេ។
ក្នុងរយៈពេល មួយសប្ដាហ៍ ទៀតនេះ, ឆ្នាំម្សាញ់ នឹងក្លាយ ជាឆ្នាំចាស់។ ឆ្នាំនេះ មានព្រឹត្តិការណ៍ ស្វាគមន៍ ដំបូងនោះ, គឺ សមាជ និងបាតុកម្ម របស់ គណបក្ស សង្គ្រោះជាតិ ដែលកើតចេញ ពីការច្របាច់ បញ្ចូលគ្នា រវាង គណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស។ គណបក្ស សង្គ្រោះជាតិ បង្កើតបាន ជាង១ខែប៉ុណ្ណោះ អនុប្រធាន គណបក្ស លោក កឹម សុខា បានទាមទារ ឲ្យគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត កែទម្រង់ ការបោះឆ្នោត និងទាមទារ ឲ្យលោក សម រង្ស៉ី បានចូលស្រុកវិញ បន្ទាប់ពីគេ ចខ្លួន អស់រយៈពេល ជាង៣ឆ្នាំ ក្នុងសំណុំរឿង ដកតម្រុយបង្គោល ព្រំដែន។ រ
ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ បាតុកម្មរបស់អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ស្ត្រីម្នាក់ចេញមុខប្រកាសថា ជាស្រីកំណាន់របស់លោក កឹម សុខា និងការបង្កើតច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ជាដើម។
ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតអាណត្តិទី៥ ជាប្រវត្តិសាស្ត្របានចូលមកដល់ គំនាបពីបរទេសក៏កាន់តែបន្ថែមលើរដ្ឋាភិបាលក្នុងបំណងបើកផ្លូវឲ្យ លោក សម រង្ស៉ី ចូលស្រុក។
រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្វាយលិខិតព្រះមហាក្សត្រស្នើសូមព្រះរាជទានទោសជូនលោក សម រង្ស៉ី ដើម្បីឲ្យមេបក្សប្រឆាំងមានឱកាសត្រឡប់ចូលស្រុក ហើយភ្លាមៗនោះ សន្ទុះគាំទ្របក្សប្រឆាំងកាន់តែផុសផុលឡើង។
មាត់ចាបមាត់ព្រាបប្រាប់ពីលទ្ធផលបោះឆ្នោត ក៏ជាព្រឹត្តិការណ៍មិនអាចភ្លេចបានដែរ។ មនុស្សម្នាជាច្រើននាក់ទូរស័ព្ទប្រាប់សាច់ញាតិថា បក្សប្រឆាំងឈ្នះឆ្នោត។ សភាពការណ៍នៅភ្នំពេញ ស្រាប់តែភាពតានតឹងដោយមានរថក្រោះកម្លាំងប្រដាប់អាវុធបានចល័តចូល ក្រុង ខណៈដែលមីកញ្ចប់ សាំង និងអង្ករ បានឡើងថ្លៃកប់ពពកក្នុងរយៈពេលតែកន្លះម៉ោង។
ស្ថានីយទូរទស្សន៍ជាតិចាប់ផ្ដើមប្រកាសលទ្ធផលបោះឆ្នោតជា បណ្ដោះអាសន្ន និងប្រកាសដូរម៉ោងផ្សាយលទ្ធផលឆ្នោត។ រឿងមួយដែលអ្នកស្រុកផ្អើលពេញប្រទេសនោះ គឺលោក សម រង្ស៉ី ប្រកាសឈ្នះឆ្នោតតាមហ្វេសប៊ុក (Facebook)។
យ៉ាងណាក៏ដោយ លោក សម រង្ស៉ី ពន្យល់តាមរលកផ្សាយរបស់វិទ្យុអាស៊ីសេរីថា រឿងនេះជាជោគជ័យរបស់គណបក្សប្រឆាំងដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រ ហើយទូរស័ព្ទរបស់លោកក៏ស្រាប់តែដាច់ពីរលកផ្សាយផ្ទាល់តែម្ដង។ ប្រហែល ៥នាទីក្រោយមក អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានប្រកាសតាមហ្វេសប៊ុកថា គណបក្សប្រជាជន ៦៨អាសនៈ និងបក្សប្រឆាំង ៥៥អាសនៈ ហើយលទ្ធផលនេះគ្មានការកែប្រែ។ បន្ទាប់ពីនោះ សភាពការណ៍ទូទៅបានក្លាយជាធម្មតាវិញ។ លទ្ធផលឆ្នោតក៏ចេញជាហូរហែ និងត្រូវដូចនឹងការប្រកាសរបស់លោក ខៀវ កាញារីទ្ធ បេះបិទតែម្ដង។ បក្សសង្គ្រោះជាតិ បានធ្វើសមាជធ្វើយុទ្ធនាការការទូតរហូតធ្វើបាតុកម្មដើម្បីជំទាស់ នឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងឆ្នាំម្សាញ់វស្សានេះ ភ្លៀងធ្លាក់ខ្លាំង បង្កទឹកជំនន់ជន់លិចភូមិឋានអ្នកស្រុកស្ទើរទូទាំងប្រទេស។ខុសស្រឡះ ពីឆ្នាំរោង ដែលទឹកតែងតែធំ បែរជាខ្សត់ទឹកនៅតំបន់ខ្លះជួបគ្រោះរាំងស្ងួត។ ទឹកជន់ខុសទំនាយបែបនេះ ក៏កើតឡើងស្របាលគ្នានឹងវិនាសកម្មព្រៃឈើនៅកម្ពុជាដែរ។ ទឹកជំនន់នេះ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើឲ្យអ្នកស្រុកជាង ១លាននាក់រងផលប៉ះពាល់។
ទន្ទឹមនឹងស្ថានភាពប្រកាសអាសន្នពីគ្រោះធម្មជាតិនេះ សប្បុរសជនស្ថាប័នមនុស្ស សង្គមស៊ីវិល អង្គភាពរដ្ឋ និងគណបក្សនយោបាយ បានចុះចែកអំណោយឲ្យពលរដ្ឋរងគ្រោះហូរហែជាប់គ្នារដឹក។
ភ័យនឹងទឹកលិចមិនទាន់បាត់ផង អ្នកនយោបាយក៏បន្ថែមភ្លើងមួយជាន់ទៀត។ គណបក្សប្រឆាំងធ្វើបាតុកម្មនៅថ្ងៃទី១៦ ខែកញ្ញា ឯបក្សកាន់អំណាចបានរឹតបន្តឹងសន្តិសុខ រហូតដល់ក្លាយជាអំពើហិង្សាប៉ះគ្នាមួយប្រាវនៅស្ពានអាកាសក្បាល ថ្នល់។ ពលរដ្ឋគប់ដុំថ្មសមត្ថកិច្ចបាញ់កាំភ្លើងគ្រាប់ពិតសម្លាប់យុវជន ម្នាក់ និងបង្កឲ្យមនុស្សជាច្រើននាក់រងរបួស។ ដើម្បីសម្រាលស្ថានការណ៍ លោក ហ៊ុន សែន និងលោក សម រង្ស៉ី ក៏សម្រេចចិត្តពិភាក្សាគ្នា ប៉ុន្តែសមិទ្ធផលដុំកំភួនមិនមាននៅពេលនោះឡើយ។
ថ្ងៃបើកកិច្ចប្រជុំសភាជាលើកដំបូងក៏ជាថ្ងៃបិទចំថ្ងៃបិណ្ឌ ៣ គឺ ៣រោច ខែភទ្របទ ត្រូវនឹងថ្ងៃ២៣ កញ្ញា អាជ្ញាធររដ្ឋាភិបាលបានដាក់ទ័ព ដាក់របាំងលួសបន្លាព័ទ្ធជិតជុំស្ទើរមួយចំហៀងក្រុងភ្នំពេញ។ ព្រះបរមរាជវាំង មាត់ទន្លេដែលធ្លាប់មានមនុស្សអ៊ូអរទៅកម្សាន្តទៅបន់ស្រន់ បានក្លាយជាទីស្ងាត់ជ្រងំ លាយឡំនឹងតំណក់ភ្លៀងធ្លាក់ស្រិចៗ ក្រោមក្រសែភ្នែកកងទ័ពកាន់អាវុធស្វ័យប្រវត្តិគ្រប់ដៃ។ មួយថ្ងៃក្រោយ លោក ហ៊ុន សែន ប្រកាសពីគោលនយោបាយកំណែទម្រង់បោសសំអាតអំពើបក្សពួកនិយមក្នុងក្រសួង និមួយៗ ប៉ុន្តែកូនអ្នកធំក៏កាន់តំណែងធំក្នុងជួររដ្ឋាភិបាលដដែល។
ចុងវស្សាឆ្នាំនេះ ក៏ជាពេលដែលបក្សប្រឆាំងធ្វើបាតុកម្មដែរ។ បាតុកម្មរយៈពេល ៣អាទិត្យជាប់ៗគ្នា បានបង្រៀនក្មេងតូចៗឲ្យចេះពាក្យ "ហ៊ុន សែន អើយចុះចេញទៅ" ជំនួសពាក្យថា "ដូរៗ" ដែលបក្សប្រឆាំងបង្កើតអំឡុងពេលឃោសនាបោះឆ្នោត។ បន្ថែមពីនោះកម្មករ ក៏ផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ខែដំណាលគ្នាដែរ។
នៅចុងខែមិគសិរ ឆ្នាំម្សាញ់ ត្រូវនឹងខែធ្នូ ឆ្នាំ២០១៣ លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចំពេលបាតុកម្មបក្សប្រឆាំងមានអ្នកចូលរួមជិតកន្លះលាននាក់។ នាយករដ្ឋមន្ត្រីត្រឡប់ពីវៀតណាមវិញ ក៏មានកម្លាំងប្រដាប់អាវុធបង្ក្រាបកម្មកររោងចក្រ នៅកំបូលបាញ់សម្លាប់កម្មករតវ៉ានៅផ្លូវវ៉េងស្រេង និងចាប់ខ្លួនមនុស្សជាង ២០នាក់ យកទៅដាក់គុកមកទល់សព្វថ្ងៃ។ រួចក៏ចាត់ការបំបែកបាតុកម្មនៅទីលានប្រជាធិបតេយ្យថែមទៀត។ បំបែករួច រដ្ឋាភិបាលចេញបម្រាមមួយហាមមិនឲ្យមានការជួបជុំនៅទីលាន ប្រជាធិបតេយ្យឡើយ។
ហេតុការណ៍បាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងបម្រាមហាមជួបជុំនៅទីលានប្រជាធិបតេយ្យ ក្លាយជាប្រធានបទមួយដែលទាក់ទាញមន្ត្រីទូត ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនឲ្យមកបំពេញទស្សនកិច្ចនៅ កម្ពុជា។ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស ប្រតិភូសហគមន៍អឺរ៉ុប សុទ្ធតែយករឿងនេះជជែកជាមួយរដ្ឋាភិបាលកម្ពុជា។
នៅរយៈពេលមួយខែចុងក្រោយនេះ អ្នកនយោបាយនៃគណបក្សទាំងពីរបង្ហាញជំហរចង់ជជែកពិភាក្សាគ្នា ប៉ុន្តែគេមិនទាន់ដឹងថា ឆ្នាំមមីនេះនឹងនាំលាភសំណាងឲ្យពលរដ្ឋ ឬនាំអំណាចចែកគ្នាឲ្យអ្នកនយោបាយនោះទេ៕
No comments:
Post a Comment