Paris Peace Accords 23 Oct. 1991

Sunday, April 20, 2014

លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច ​នៅ​ទ្វីប​អឺរ៉ុប

លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច ​នៅ​ទ្វីប​អឺរ៉ុប

ដោយ វណ្ណ វិចារ / RFA | 20 April 2014
ហ៊ុន សែន ៦១០
លោក ហ៊ុន សែន ថ្លែង ​ក្នុង​កិច្ច​ពិភាក្សា ​រវាង ​រដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទី​១៧ ដើម្បី​ ដោះស្រាយ​បញ្ហា ​ក្នុង​ការ​ធ្វើ​ជំនួញ​ នៅ​ប្រទេស ​កម្ពុជា នា​វិមាន​សន្តិភាព នៅ​ថ្ងៃ ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤។  RFA/An Sithav

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ ជា​លើក ​ទី​១ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ អាណត្តិ ​ទី​៥។ ទស្សនកិច្ច​ ផ្លូវ​ការ​នេះ ចាប់​ពី​ថ្ងៃ ​ទី​២០ ដល់​ថ្ងៃ​ ទី​២៦ ខែ​មេសា។ 
លោក ហ៊ុន សែន និង​គណៈ​ប្រតិភូ​ នឹង​ធ្វើ​ដំណើរ ​ទៅ​កាន់​ប្រទេស​ អាហ្សេបៃហ្សង់ (Azerbaijan) និង​ប្រទេស​ បេឡារូស (Belarus)។


មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល លោក ស្រ៊ី ថាមរុង្គ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋ​សភា​អាហ្សេបៃហ្សង់ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ដោយ​ខ្លឹមសារ​សំខាន់​គឺ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចការ​ ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ចំពោះ​ដំណើរ​ទៅ​កាន់​ប្រទេស​បេឡារូស​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី និង​រដ្ឋ​សភា​ប្រទេស​បេឡារូស ព្រម​ទាំង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សហការ​ គ្នា​រវាង​វិស័យ​មួយ​ចំនួន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។

ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ក្នុង​ទ្វីប​អឺរ៉ុប​ដូច​លោក ហ៊ុន សែន ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​ស្វែង​រក​ផល​ចំណេញ​ផ្នែក​នយោបាយ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ដែល​ជា​ស្ថិត​ក្រោម​អតីត​សហភាព​សូវៀត ដើម្បី​ប្រយោជន៍​ការទូត និង​នយោបាយ ហើយ​លោក ហ៊ុន សែន ក៏​អាច​រៀន​សូត្រ​មេរៀន​នយោបាយ​ដ៏​រឹងមាំ​ពី​ប្រធានាធិបតី​បេឡារូស​ដែរ។ ចំពោះ​ទស្សនកិច្ច​របស់​លោក សម រង្ស៉ី វិញ ជា​ដំណើរ​ស្វែង​រក​ផល​ប្រយោជន៍​នយោបាយ​ដូច​គ្នា។

លោក សម រង្ស៉ី នឹង​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ក្នុង​បញ្ហា​នយោបាយ។ លោក​​សន្និដ្ឋាន​ថា អ្នក​នយោបាយ​កំពូល​របស់​កម្ពុជា ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដូច​គ្នា​មែន តែ​មិន​អាច​មាន​ឱកាស​ជួប​គ្នា​ទេ។

លោក សុខ ទូច៖ «សម្ដេច​នាយករដ្ឋមន្ត្រី​ទៅ​គាត់​អាច​រៀន​សូត្រ​ពី​ ប្រធានាធិបតី​បេឡារូស ថា​ធ្វើ​ម៉េច​អាច​រក្សា​អំណាច​បាន ហើយ​គណបក្ស​ប្រឆាំង​ហ្នឹង​ទៅ​សហគមន៍​អឺរ៉ុប​នេះ កុំ​ឲ្យ​សហគមន៍​អឺរ៉ុប​ហ្នឹង​មាន​ការ​ជ្រោមជ្រែង​ណា​មួយ បើ​គ្មាន​ការ​ដោះស្រាយ។ ទឹក​ដី​បេឡារូស អាច​ទទួល​លោក សម រង្ស៉ី ហើយ​លោក សម រង្ស៉ី ក៏​មិន​ទៅ​ទី​នោះ​ដែរ ចំណែក​លោក ហ៊ុន សែន វិញ ក៏​រវល់​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ​ដែរ។»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៉ី កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​ជិត ៥០​នាទី។ ខ្លឹមសារ​សំខាន់ គឺ​ពិភាក្សា​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​នយោបាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ជា​ថ្មី​នៅ​ឡើយ៕



No comments:

Post a Comment