បណ្តុំផ្កាយ កាឡាក់ស៊ី ត្រូវបាន គេ រកឃើញ នៅកម្ពុជា
Phnom Penh Post | 4 April 2014
បណ្ដុំផ្កាយនេះតាមភាសាបច្ចេកទេសហៅថា មីលគីវេ (Milky Way) វាជាផ្កាយបញ្ចេញពណ៌ចម្រុះនាពេលរាត្រីស្ថិតនៅផ្តុំគ្នារហូតដល់ រាប់ពាន់លានផ្កាយ។ ជាទូទៅមានតែតំបន់ប៉ូលទេទើបគេអាចមើលផ្កាយចម្លែកនេះដោយកាមេរ៉ា ពិសេស។ ប៉ុន្តែបែរជានៅ កម្ពុជា មានវាសនាអាចមើលឃើញនិងអាចថតរូបបានដូចនៅតំបន់ប៉ូលដែរ។ហ្វូង ផ្កាយ មីលគីវេ នេះមានរូបរាងល្អចម្លែកខុសពីផ្កាយធម្មតាដែលមនុស្សមិនអាចមើលឃើញ ញឹកញាប់ក្នុងពេលរាត្រីឡើយ មានតែទីទួលខ្ពស់ដូចជា ភ្នំបូកគោជាដើមទើបអាចមានឱកាសបានមើលឃើញ។
លោក ឡាង សុលីណា អ្នកថតរូបផ្កាយ មីលគីវេ មួយរូបបានពន្យល់ថា នៅចន្លោះ ខែមករា ដល់ ខែឧសភា ផ្កាយនេះរះក្នុងចន្លោះម៉ោង ២ ភ្លឺដល់ម៉ោង ៤ ភ្លឺ។ រីឯពី ខែមិថុនា ដល់ ខែធ្នូ វារះក្នុងចន្លោះពីម៉ោង ៩ យប់ដល់ម៉ោង ១២ កណ្តាលអធ្រាត្រនិងរះនៅទិសអាគ្នេយ៍តែមួយគត់។ ក្រុមតារាសាស្រ្តបានប៉ាន់ស្មានថា បណ្ដុំផ្កាយ មីលគីវេ នេះមានអាយុកាលជាង ១៣,២ ពាន់លានឆ្នាំកន្លងមកហើយ។
លោកថ្លែងថា៖ «ក្រុមខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលអាចតាមប្រមាញ់ផ្កាយ ចម្លែកនេះបាន។ ខ្ញុំចង់ប្រាប់ថា ទេសចរបរទេសគួរយក កម្ពុជា ជាគោលដៅក្នុងការតាមប្រមាញ់ទេសភាពស្អាតៗនៅទីនេះ។»
យោងតាមលោក សួង ម៉ារឌី អ្នកថតរូបផ្កាយ មីលគីវេ ម្នាក់ទៀតបាននិយាយថា លោកបានតាមប្រមាញ់ផ្កាយនេះរយៈពេលពេញមួយឆ្នាំទើបបានប្រទះឃើញវា រះនៅម៉ោង ៤ ទៀបភ្លឺដែលអាចឲ្យក្រុមការងារលោកថតបានពីកំពូល ភ្នំបូកគោ ខណៈដែលស្បៃផ្សែងអ័ព្ទ និងដុំពពកបានរសាត់រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
អ្នកជំនាញថតរូបនេះបាននិយាយថា៖ «ពួកខ្ញុំមិនបានគេងពេញមួយយប់ព្រោះយើងរង់ចាំឱកាសដើម្បីថតផ្តិត វាតាំងពីព្រលប់រហូតដល់ម៉ោង ៤ ជិតភ្លឺទើបយើងបានឃើញផ្កាយចម្លែកនេះរះយ៉ាងច្បាស់នៅលើមេឃក្រោយ ពីដុំពពកបានរសាត់ផុតក្នុងរយៈពេលដ៏ខ្លី។»
ឱកាសដ៏ល្អតាមប្រមាញ់ទេសភាពនៅលើភ្នំ បូកគោ អាចធ្វើទៅបានតាមរយៈកម្មវិធីដំណើរទេសចរណ៍បោះជំរំស្នាក់នៅតំបន់ វាលស្រែប្រាំរយស្ថិតនៅលើកំពូលភ្នំ បូកគោ ចម្ងាយជាង ១០ គីឡូម៉ែត្រពីសណ្ឋាគារ និងកាស៊ីណូឋានសួគ៌ បូកគោ រៀបចំឡើងដោយក្រុមហ៊ុនមហានគរទេសចរណ៍។ ភ្នំ បូកគោ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុន សុខា អូតែល ក្នុងទឹកប្រាក់ជាង ១០០០ លានដុល្លារសម្រាប់កិច្ចសន្យាជួលពីរដ្ឋរយៈពេល ៩៩ឆ្នាំ។ សុខាអូតែល ជាក្រុមហ៊ុនរបស់មហាសេដ្ឋីប្រេង សូគីម៉ិច គ្រុប របស់លោក ឧកញ៉ា សុខ គង់។
លោក អាង គឹមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា និងជានាយកគ្រប់គ្រងក្រុមហ៊ុនមហានគរទេសចរណ៍បានមានប្រសាសន៍ថា លោកស្វាគមន៍នូវរបកគំហើញថ្មីដោយអ្នកថតរូប កម្ពុជា ហើយលទ្ធផលនេះនឹងក្លាយជាឧបករណ៍ទាក់ទាញទេសចរក្នុងនិងក្រៅប្រទេស ឲ្យមកកម្សាន្ត ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគឺរមណីយដ្ឋានភ្នំ បូកគោ នេះតែម្ដង។
លោក គឹមអ៊ាង បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការពិតភ្នំ បូកគោ នេះវាមានលក្ខណពិសេសខ្លាំងណាស់វាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ទាំងទេសភាពពេលរាត្រី និងពេលថ្ងៃពិសេសបំផុតគឺអាកាសធាតុនិងខ្យល់បរិសុទ្ធសម្រាប់សុខភាព ផ្លូវដង្ហើម៕»
No comments:
Post a Comment