រដ្ឋសភា និងរដ្ឋាភិបាល ព្រមាន ថា នឹងមិនអត់ឱន ឲ្យមេដឹកនាំ បក្សសង្គ្រោះជាតិ
ដោយ វណ្ណ វិចារ / RFA | 5 April 2014
សេចក្តីថ្លែងការណ៍ ជាសាធារណៈ ចំនួន ពីរ ដាច់ដោយឡែក ពីគ្នា របស់ រដ្ឋសភា និងរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ គណបក្ស ប្រជាជន កម្ពុជា បានចោទប្រកាន់ ថា, លោក សម រង្ស៉ី ធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរ ដល់អង្គ ព្រះមហាក្សត្រ ញុះញង់ ជំរុញព្រះមហាក្សត្រ ឲ្យដើរផ្ទុយ ពីរដ្ឋធម្មនុញ្ញ, ព្រមទាំង ប្រមាថ ចំពោះ សេចក្តីសម្រេច របស់ ក្រុមប្រឹក្សាធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍ របស់រដ្ឋសភា កាលពីល្ងាចថ្ងៃទី៤ ខែមេសា ដោយចាត់ទុកថា លិខិតរបស់ លោក សម រង្ស៉ី ដែលបានថ្វាយព្រះមហាក្សត្រ ជាលិខិតពិសពុល ពុតត្បុត និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័នកំពូលរបស់ជាតិ។ ស្ថាប័នទាំងពីរនោះ រួមមាន រាជបល្ល័ង្គ និងសភាជាតិ។
ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា និងជាអ្នកនាំពាក្យ លោក ឈាង វុន មានប្រសាសន៍ថា រដ្ឋសភាមិនអាចទទួលយកបានឡើយចំពោះការចោទប្រកាន់របស់ លោក សម រង្ស៉ី ទៅលើភាពស្របច្បាប់របស់រដ្ឋសភាជាតិ។ ប៉ុន្តែ ក្រៅពីចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៤ ខែមេសា រួចមក រដ្ឋសភាមិនទាន់មានវិធានការណាមួយផ្សេងនៅឡើយ៖ «គាត់បាន ប្រៀបធៀបកាលពីហ្លួងរតនកោដ្ឋ កាលលោកគ្រងរាជបល្ល័ង្គ ស្អីគាត់និយាយហ្នឹងអត់ពិតសោះ កាលហ្នឹងគាំងពិតមែន ព្រោះថាបើចង់បង្កើតរដ្ឋាភិបាល ទាល់តែមានសំឡេង ២ភាគ៣ ហើយ លោក សម រង្ស៉ី ហ្នឹងជាអ្នកចូលរួមកែហ្នឹង។ រដ្ឋសភាមិនទាន់មានវិធានការអីទេ ចាំដល់គណៈអចិន្ត្រៃយ៍អីមកជួបប្រជុំគ្នាសិន។»
ចំណែករដ្ឋាភិបាលវិញបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមេសា ដោយមានសេចក្តីផ្ដើមថា រដ្ឋាភិបាលមានការសោកស្ដាយយ៉ាងខ្លាំង និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ លោក សម រង្ស៉ី ដែលធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលយល់ឃើញថា លោក សម រង្ស៉ី បានរំលោភបំពានយ៉ាងកំរោលលើអង្គព្រះមហាក្សត្រ ហើយជាន់ឈ្លីនូវគោលការណ៍នីតិរដ្ឋទៀតផង។ នៅចុងបញ្ចប់ សេចក្តីថ្លែងការណ៍រដ្ឋាភិបាលបញ្ជាក់ជំហរនឹងចាត់វិធានការចំពោះ បុគ្គល សម រង្ស៉ី ដើម្បីរក្សាការពារតម្លៃបាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ពន្យល់ថា លិខិតរបស់លោក គឺចង់ទូលថ្វាយអ្វីដែលជាការពិតថ្វាយព្រះមហាក្សត្រ។ លោកបន្តថា រដ្ឋសភាសព្វថ្ងៃប្រាកដណាស់ថា មិនមែនតំណាងឲ្យជាតិខ្មែរទាំងមូលទេ តែជារដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា តែឯកបក្សប៉ុណ្ណោះ។ លោកបញ្ជាក់ថា លោកមិនមានក្តីបារម្ភអ្វីឡើយចំពោះការប៉ុនប៉ងណាមួយ មកលើរូបលោកនោះ ព្រោះថា លោកមិនបានធ្វើខុសច្បាប់ទេ៖ «យើង ស្រឡាញ់គោរពអ្នកណា យើងត្រូវនិយាយការពិត ហើយការពិតហ្នឹង គឺសភាសព្វថ្ងៃ មិនមែនជាសភាគ្រប់ទឹកទេ គឺសភាខុសច្បាប់ ដូចអ្វីដែលខ្ញុំធ្លាប់ទូលព្រះមហាក្សត្រ ព្រះបិតាជាតិ កាលពីព្រះអង្គមានព្រះជន្មនៅឡើយ។»
លិខិតរបស់ លោក សម រង្ស៉ី ដែលថ្វាយព្រះមហាក្សត្រ គឺធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជសារមួយ ក្នុងពេលបើកបវេសនកាលរដ្ឋសភាកាលពីថ្ងៃទី២ ខែមេសា។ ក្នុងព្រះរាជសារ ព្រះមហាក្សត្របានលើកឡើងថា ព្រះអង្គសង្ឃឹមថា សភាជាតិដែលជាតំណាងជាតិខ្មែរទាំងមូល នឹងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចនូវទិសដៅរួមរបស់កម្ពុជា ជាជំហានៗ។ល។
កាលពីខែកញ្ញា ឆ្នាំ២០១៣ ព្រះមហាក្សត្របានចេញព្រះរាជសារកោះហៅតំណាងគណបក្សជាប់ឆ្នោតទាំងពីរ ទៅចូលគាល់នៅព្រះបរមរាជវាំង។ អ្នកវិភាគនយោបាយមួយចំនួនគិតថា កាលនោះអង្គព្រះមហាក្សត្រនឹងធ្វើជាអាជ្ញាកណ្ដាលដោះស្រាយបញ្ហាមិន ប្រក្រតី នៃការបោះឆ្នោត និងទំនាស់នយោបាយ។ ពេលទៅដល់ព្រះបរមរាជវាំង ព្រះមហាក្សត្របានយកលិខិតអញ្ជើញអ្នកតំណាងរាស្ត្រចំនួន ៥៥រូប ជូនមេបក្សប្រឆាំងឲ្យចូលរួមប្រជុំសភាជាលើកដំបូង។
បើទោះជាទទួលយកលិខិតព្រះមហាក្សត្រក៏ដោយ ក៏មេបក្សប្រឆាំងមិនចូលរួមប្រជុំសភាជាលើកដំបូងដែរ ក្រោមហេតុផលថា ធ្វើតាមឆន្ទៈរាស្ត្រដែលចង់បានយុត្តិធម៌បន្ទាប់ពីការបោះឆ្នោត។
លោក សម រង្ស៉ី ធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅកាន់តុលាការម្តងជាពីរដងរួចហើយ។ លោកទើបតែត្រូវព្រះមហាក្សត្រលើកលែងទោសកាលពីឆ្នាំ២០១៣ ដើម្បីចូលរួមក្នុងយុទ្ធនាការបោះឆ្នោត។ កាលនោះ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកជាង ១០ឆ្នាំ។
មាត្រា៧នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ប៉ុន្តែមិនមានច្បាប់ណាដែលមានចែងពីកម្រិតស្ថានទម្ងន់ទោសក្នុង បទល្មើសបំពានព្រះមហាក្សត្រនេះទេ។
មជ្ឈដ្ឋានអ្នកច្បាប់ខ្លះធ្លាប់ពន្យល់ថា ការរំលោភបំពានដោយអំពើ ឬដោយពាក្យសម្ដីទៅលើអង្គព្រះមហាក្សត្រនោះមានដូចជា វាយព្រះអង្គ ការធ្វើឃាតព្រះអង្គ និងការនិយាយស្ដីទាំងឡាយណាដែលធ្វើអោយព្រះអង្គអាប់កិត្តិយស ជាដើម។ ប៉ុន្តែ ការបញ្ចេញទស្សនៈរបស់អ្នកនយោបាយ ឬប្រជារាស្ត្រទូទៅចំពោះព្រះមហាក្សត្រ មានដូចជា ការស្នើសុំអោយព្រះអង្គមានព្រះរាជតម្រិះឡើងវិញ ជាដើម វាគ្រាន់តែជាសំឡេងរបស់ប្រជារាស្ត្រ សុំអោយព្រះអង្គពិចារណាឡើងវិញតែប៉ុណ្ណោះ។
ទាក់ទងនឹងប្រសាសន៍របស់អ្នកនយោបាយ ជុំវិញតួនាទីរបស់ព្រះមហាក្សត្រវិញ មានអ្នកខ្លះនិយាយល្អ អ្នកខ្លះសំណូមពរ អ្នកខ្លះស្នើសុំ ហើយក៏មានអ្នកខ្លះនិយាយពីចំណុចដែលខ្លួនមិនពេញចិត្តដែរ។ ប៉ុន្តែ សម្ដីដែលល្បីជាងគេ ហើយត្រូវបានអ្នកលេងអ៊ីនធឺណិត យកផ្សព្វផ្សាយបន្តនោះ គឺប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៦ ជុំវិញសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាម៖ «ខ្ញុំ និយាយជាមួយសម្ដេចក្រុមព្រះ ខ្ញុំថា ព្រះអង្គនិយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល យ៉ាងម៉េច? កុល ផេង ម៉េច? អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះពេលដែលជួបតាមទូរស័ព្ទ អត់ផង! បើលើកនេះវាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ?»
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនទាន់បញ្ជាក់ថា នឹងចាត់វិធានការបែបណាចំពោះរូប លោក សម រង្ស៉ី ជុំវិញលិខិតថ្វាយព្រះមហាក្សត្រនេះ ក្នុងពេលដែលច្បាប់មិនទាន់មានចែងពីកម្រិតទោសទណ្ឌពីការបំពាន ព្រះមហាក្សត្រនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា បច្ចុប្បន្នមិនមានច្បាប់ណាសម្រាប់ដាក់ទោសចំពោះអ្នកដែលសរសេរ លិខិតថ្វាយព្រះមហាក្សត្រឡើយ ហើយច្បាប់មានចែងតែពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដូចជា ធ្វើគត់ព្រះមហាក្សត្រ ឬវាយដំដោយផ្ទាល់តែប៉ុណ្ណោះ៖ «នៅក្នុង ហ្នឹង រដ្ឋធម្មនុញ្ញហាមដែរ ថាមិនអោយប៉ះពាល់ដល់ព្រះមហាក្សត្រ តែក្រមព្រហ្មទណ្ឌមិនមានចែងទេ ពេលធ្វើច្បាប់ហ្នឹងមានការជជែកថា ហេតុអ្វីបានជាមិនមានចែងពីការជេរប្រមាថព្រះមហាក្សត្រ តំណាងរដ្ឋាភិបាលប្រាប់ថា មកពីព្រះមហាក្សត្រមិនយកទោសពៃរ៍លើពាក្យជេរតិចតួចនោះទេ។»
លោក សុក សំអឿន បញ្ជាក់ថា បើសិនជាមាននរណាម្នាក់សរសេរអត្ថបទរិះគន់ព្រះមហាក្សត្រ ឬប៉ះពាល់ព្រះអង្គ អ្នកនោះអាចនឹងមានទោសលុះណាតែព្រះមហាក្សត្រដើរតួនាទីជាដើម បណ្ដឹង៕
No comments:
Post a Comment