តូបលក់ដូរ ប្រមាណ ១៨តូប នៅផ្សារ ព្រៃវែង ត្រូវ ភ្លើងឆេះ
ដោយ ហ៊ុំ ចំរើន / RFA | 12 April 2014
តូបលក់ដូរ របស់ អាជីវករ ប្រមាណ ១៨តូប នៅផ្សារ ព្រៃវែង ត្រូវ បានអគ្គីភ័យ ឆាបឆេះ នៅម៉ោង ៣ និង ៤៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃ ទី១២ មេសា។
ស្នងការ នគរបាល ខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ ថា, អគ្គីភ័យនេះ កើតឡើង ដោយសារ ឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។ លោក បន្តថា តូបនោះ ភាគច្រើន តូបលក់ ស្បែកជើង និងតូបលក់ ចាហួយ ក្នុងចំណោមនោះ មាន ១៤តូប ឆេះអស់ទាំងស្រុង តែម្ដង៖ «ហើយ មូលហេតុ ដែលភ្លើងខ្លាំង ដោយសារថា ឆេះតូបលក់ស្បែកជើង ហើយនិងតូបលក់ចាប់ហួយ ហើយដែលមានប្រេងឆាប្រេងសណ្ដែក។ ហើយក្នុងតូបមួយៗដូចជាមានកំប៉ុងហ្គាស៍ចង្ក្រាន បាទ! ផ្ទុះ អ៊ីចឹងការគ្រប់គ្រងសភាពការណ៍យើងជំហានដំបូង ដូចជាទប់ទល់។ ក្រោយពីបាញ់ទឹកលើកទី៣ ទើបស្ងប់ យើងគ្រប់គ្រងសភាពការណ៍បាន។»
អាជ្ញាធរប្រើរថយន្តចំនួន ២គ្រឿង ធ្វើការពន្លត់អគ្គីភ័យដោយប្រើរយៈពេលប្រមាណជាង ២ម៉ោង។ ចំពោះទ្រព្យសម្បត្តិដែលខូចខាតក្នុងអគ្គីភ័យនេះ គិតជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។ ចំណែកឯតូបក្នុងផ្សារព្រៃវែង ដែលមិនរងការប៉ះពាល់ ត្រូវបានក្រុមអាជីវករដាក់លក់ដូរជាធម្មតានៅព្រឹកថ្ងៃទី១២ មេសា៕
No comments:
Post a Comment