រំឭក ព្រឹត្តិការណ៍ ថ្ងៃ១៧ មេសា ១៩៧៥
RFA | ១៧ មេសា ២០១៤
ប្រសិនបើ យើង រំលឹក ពីព្រឹត្តិការណ៍ នៅថ្ងៃ ទី១៧ មេសា ដូចគ្នា កាលពី ៣៩ឆ្នាំមុន គឺនៅឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពកុម្មុយនិស្តខ្មែរក្រហមចូលកាន់អំណាចនៅទីក្រុង ភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរទូទៅនៅចាំបានថា ជាថ្ងៃដែលធ្វើឱ្យអ្នករស់នៅក្នុងក្រុងភ្នំពេញ មានភាពច្របូកច្របល់ឥតគណនា។
ព្រឹត្តិការណ៍ច្របូកច្របល់ដែលចាប់ផ្ដើមឡើងនៅព្រឹកព្រលឹមនៃថ្ងៃ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅតែដក់ជាប់ក្នុងចិត្តអ្នកធ្លាប់រស់នៅក្នុងទីក្រុងភ្នំពេញ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុងភ្នំពេញពីគ្រប់ច្រក។
អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ដែលចង្អៀតដោយជនភៀសសឹកនៅពេលនោះ ភាគច្រើនបានចេញពីផ្ទះមកទទួលស្វាគមន៍កងទ័ពខ្មែរក្រហម ដែលដើរជាជួរៗ នៅតាមផ្លូវដោយសេចក្ដីរីករាយឥតឧបមា។
ពលរដ្ឋខ្មែរនៅពេលនោះ មានក្ដីសង្ឃឹមថា សង្គ្រាមរវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពកុម្មុយនិស្តខ្មែរក្រហម ដែលដុតកាប់ចិញ្ច្រាំកម្ពុជា រយៈពេល ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានបញ្ចប់ហើយ ហើយស្រុកទេសក៏នឹងបានសេចក្ដីសុខសាន្តត្រាណបរិបូរណ៍ចាប់ពីពេលនោះ ដែរ។
អ្នកភ្នំពេញជាច្រើនឱ្យដឹងថា ភាពញញឹម និងក្ដីសង្ឃឹមមិនបានយូរប៉ុន្មានផង កងទ័ពខ្មែរក្រហម ដែលដំបូងមានភាពរីករាយរាក់ទាក់ជាមួយពលរដ្ឋស៊ីវិលខ្លះនោះ បានប្រែក្លាយជាមានទឹកមុខមាំ នឹងចាប់ផ្ដើមបញ្ជាឱ្យពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ជាបន្ទាន់ ដោយយកលេសថា ជាការជម្លៀសចេញឱ្យផុតពីការទម្លាក់គ្រាប់បែកពីយន្តហោះរបស់ សហរដ្ឋអាមេរិក។
អតីតអ្នកភ្នំពេញម្នាក់ គឺលោកស្រី សែម សូត្រ មានប្រសាសន៍រំឭកឡើងវិញថា ការបញ្ជារបស់កងទ័ពខ្មែរក្រហម ដែលដឹកនាំកំពូលដោយ ប៉ុល ពត ឱ្យពលរដ្ឋជម្លៀសចេញពីទីក្រុងភ្នំពេញនៅពេលនោះ គឺជាការចាកចេញមួយដែលពលរដ្ឋខ្លះ មិនមានឱកាសបានវិលត្រឡប់មកវិញ៖ «អាពតថា ឥឡូវបងប្អូនត្រូវការធ្វើដំណើរចេញឱ្យផុតពីផ្ទះក្នុងរយៈពេល ៧ថ្ងៃ។ ៧ថ្ងៃយើងចូលមកវិញ។ ៧ថ្ងៃហ្នឹងរហូតសង្ខារតែម្ដង អត់មានពេលត្រឡប់។ អ្នកណាសង្ខារនៅក៏នៅ អ្នកណាមិនបាននៅ ក៏ចប់សង្ខារត្រឹមហ្នឹងនៅតាមភ្នំ។ អ្នកណារឹងទទឹង បាញ់ច្រងាងៗ ដូចពេទ្យចិន។ សាហាវណាស់ពូ! សាហាវណាស់! កាំភ្លើងខ្លីដើរបាញ់តែម្ដង។ ពួកខ្ញុំនៅខាងអូឡាំពិក មកខាងបន្ទាយស្លឹក។ ពួកខាងពេទ្យចិនទៅខាងនោះ។ ចេញមកអត់ឱ្យមានច្របូកច្របល់ទេ។ ខ្ញុំនិយាយចង់ទឹកភ្នែក ណាមួយខ្ញុំកូនតូចទៀត។ ពងជើងប៉ុនៗ ណាណី ណាមួយបន្លាមុត។ លំបាកណាស់ពូអើយ! អង្ករក៏គ្មានហូប ទឹកក៏អ៊ីចឹងដែរ គឺវាលំបាកណាស់!»
អតីតអ្នកទោសនៅគុកទួលស្លែង លោក ជុំ ម៉ី ឱ្យដឹងដែរថា ពលរដ្ឋខ្លះ នៅពេលនោះមិនបានត្រៀមសម្រាប់ការចាកចេញទេ៖ «ទាំង គេទាំងខ្ញុំដំបូងលើកទង់ជ័យស។ ដល់លើកទង់ជ័យសអ៊ីចឹងទៅ វាថាឥឡូវពុកម៉ែទាំងអស់ អង្គការឱ្យចេញពីភ្នំពេញ ទៅចំនួនប្រហែលជា ៥ថ្ងៃ។ កាលយើងនៅទីក្រុងភ្នំពេញ ហ្នឹងខ្លាចអាមេរិកាំងវាទម្លាក់គ្រាប់បែកមក។ មិនបាច់យកស្អីៗ ទៅទេ យកតែអង្ករបន្តិចបន្តួចទៅតែខ្លួនបានហើយ។ ខ្លះក៏គេរៀបចំចេញទៅ ខ្លះក៏មិនបានរៀបចំចេញទៅ។ នរណារឹងទទឹង វាក៏បាញ់សម្លាប់នៅទីហ្នឹងទៅ។»
ក្រោយការជម្លៀសពលរដ្ឋចេញពីទីក្រុង ពួកខ្មែរក្រហម បានបង្ខំឱ្យពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅតាមជនបទចុងកាត់មាត់ញក និងតាមព្រៃភ្នំ ក្នុងស្ថានភាពលំបាកអត់ឃ្លាន ធ្វើការហួសកម្លាំង និងឈឺថ្កាត់គ្មានថ្នាំព្យាបាលត្រឹមត្រូវ។
អ្នកជំនាញសង្គម និងនយោបាយនានា បានហៅស្ថានភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តកម្ពុជាខ្មែរក្រហមនៅពេលនោះ ថាជារបបទាសករ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមលំដាប់ទីពីរមួយរូប គឺជនជាប់ចោទ នួន ជា បានជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមថា ការជម្លៀសពលរដ្ឋពីទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ គឺខ្លាចការទម្លាក់បែកពីសហរដ្ឋអាមេរិកលើទីក្រុងផង និងបញ្ហាខ្វះស្បៀងអាហារផង ព្រោះពេលនោះប្រទេសកម្ពុជា មិនមានជំនួយបរទេសទេ។ ហេតុផលនេះ ពលរដ្ឋត្រូវចូលរួមបង្កបង្កើនផលដោះស្រាយជីវភាពខ្លួនឯង។
ជនជាប់ចោទ នួន ជា ថ្លែងទៀតថា៖ «ខ្ញុំគិតថា ខ្ញុំគួរតែត្រូវបានផ្ដល់ឱកាសពន្យល់ទៅប្រជាជនកម្ពុជាថា ការជម្លៀសប្រជាជនចេញពីភ្នំពេញ គឺពិតជាត្រឹមត្រូវ និងជាការចាំបាច់ទៅតាមច្បាប់អន្តរជាតិ។»
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃមួយដែលពួកមេដឹកនាំកុម្មុយនិស្តខ្មែរក្រហម ឆ្លាក់ទុកក្នុងចិត្តថា ជាថ្ងៃមហាជោគជ័យអស្ចារ្យក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា លើសសម័យអង្គរ ដែលពួកគេច្បាំងឈ្នះរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក។
ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងការឈឺចាប់ពីរបបខ្មែរក្រហម បានឆ្លាក់ទុកក្នុងចិត្តថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលពួកខ្មែរក្រហមប្រែត្រឡប់សង្គមកម្ពុជា ទាំងមូល ឱ្យធ្លាក់ក្នុងមហាវិនាសកម្មធំធេង ទាំងសម្ភារៈ និងជីវិតមនុស្សរាប់លាននាក់៖ «ជាថ្ងៃចងកំហឹងមួយ ដែលយើងព្រាត់ប្រាសប្ដីប្រពន្ធ ហើយវេទនា។ កាលណោះចូលឆ្នាំថ្ងៃ១៧។ ថ្ងៃចូលឆ្នាំហ្នឹងគេចូលមក។ ព្រលឹមឡើងគេថា ចេញៗ ថ្ងៃ ១៧ គេជម្លៀសដំបូង ម៉ោងប្រហែលជា ៧ ឬ ៨ ព្រឹក។ ចេញមួយភ្លែតគេបោសសំអាតខ្មាំង ហើយខ្ញុំប្ដីប្រពន្ធ ចេញទៅអត់មានអីសោះ ក្ដៅ ហើយទៅនៅរោង វេទនា។»
ទោះជារឿងរ៉ាវទាំងនេះបានកន្លងផុតទៅ ៣៩ឆ្នាំហើយក្ដី ជនរងគ្រោះក្នុងរបបខ្មែរក្រហមជាអ្នកភ្នំពេញ មួយរូបទៀត គឺលោកស្រី សូ សឿង មានប្រសាសន៍ថា លោកស្រីនៅតែនឹកឃើញអំពីការឈឺចាប់នៅឡើយ៖ «នឹក ឃើញកម្សត់ ហើយឈឺចាប់ ដោយលំបាកខ្វះអាហារហូបចុក ខ្វះថ្នាំព្យាបាល។ ខ្ញុំពិបាកនិយាយណាស់... បងប្អូនជីដូនមួយសុទ្ធតែប្រុស ១៨នាក់ស្លាប់។ ខ្លះអស់ទាំងគ្រួសារ។ កូនស្រីខ្ញុំស្លាប់អស់ពីរ កូនប្រុសមួយ ដោយសារគ្មានថ្នាំព្យាបាល។ ចំណែកខ្ញុំក៏ស្គមរីងរៃដែរ។ ខ្ញុំវេទនាណាស់។»
រហូតមកដល់ពេលនេះ មេដឹកនាំខ្មែរក្រហមដែលនៅរស់ តែងតែបដិសេធការទទួលខុសត្រូវចំពោះការឈឺចាប់ និងវិនាសកម្មទាំងឡាយ កើតឡើងចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យមនុស្សស្លាប់ជិត ២លាននាក់ទេ។
មេដឹកនាំខ្មែរក្រហម បានទម្លាក់កំហុសទាំងនោះទៅលើអ្នកដែលគេចាត់ជាសត្រូវរបស់គេ ដូចជា សហរដ្ឋអាមេរិក សហភាពសូវៀត វៀតណាម និងសូម្បីតែពលរដ្ឋខ្លួនឯង ដែលសង្ស័យថា ប្រឆាំងនឹងរបបរបស់គេ។
បច្ចុប្បន្នមានមេដឹកនាំខ្មែរក្រហម ចំនួន ២រូប គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន កំពុងប្រឈមនឹងការជំនុំជម្រះក្ដី នៅសាលាក្ដីខ្មែរក្រហម ទាក់ទងទៅនឹងការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ និងឧក្រិដ្ឋកម្មនានា ដែលធ្វើឱ្យមនុស្សស្លាប់ជិត ២លាននាក់នោះ៕
No comments:
Post a Comment