Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

សាលាក្រុង​ អញ្ជើញ​ សង្គម​ស៊ីវិល ​១៧​ស្ថាប័ន ​ចូល​រួម​ប្រជុំ ​ស្ដីពី ​បញ្ហា​អ្នក​បុរីកីឡា

បុរីកីឡា ៦១០
៣-មករា-២០១៤៖ ជម្រក​របស់​អ្នក​បុរីកីឡា នៅ​ក្បែរ​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន នា​រាជធានី​ភ្នំពេញ។
RFA/Tep Soravy

សាលាក្រុង​ អញ្ជើញ​ សង្គម​ស៊ីវិល ​១៧​ស្ថាប័ន ​ចូល​រួម​ប្រជុំ ​ស្ដីពី ​បញ្ហា​អ្នក​បុរីកីឡា

ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៨ មេសា ២០១៤

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ១៧​ស្ថាប័ន ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​វេទិកា​សាធារណៈ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាមទារ​ជម្រក​ស្នាក់នៅ​របស់​ពលរដ្ឋ​ដែល​សេសសល់​ក្នុង​សហគមន៍​បុរីកីឡា។
ក្នុង​លិខិត​អញ្ជើញ​ចំនួន ១៧​ផ្សេង​គ្នា ផ្ញើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មេសា បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ខាង​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ប្រធាន​អង្គការ​អាដហុក អង្គការ​លីកាដូ ខាង​អង្គការ​សមាគម​ធាងត្នោត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​អង្គការ​សំខាន់​មួយ​ចំនួន​ចំនួន​ទៀត ឲ្យ​ចូល​រួម​កិច្ចប្រជុំ​នោះ នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ពុធ ទី​២៩ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។
តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា ខាង​សាលា​រាជធានី​ភ្នំពេញ មិន​បាន​យក​លិខិត​អញ្ជើញ​ទាំង​នោះ​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​អង្គការ​ទាំង ១៧​នោះ​ទេ។ ប៉ុន្តែ​បាន​ហៅ​លោកស្រី​ឲ្យ​ជួប និង​បាន​ឲ្យ​យក​លិខិត​អញ្ជើញ​នោះ​ទៅ​ចែក​ដល់​អង្គការ​ទាំង​អស់។
លោកស្រី​បន្ត​ថា ការ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​វេទិកា​សាធារណៈ​នេះ ធ្វើ​ឡើង​តប​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​សហគមន៍​ដែល​ចង់​ឲ្យ​ខាង​សាលា​រាជធានី​ភ្នំពេញ រៀបចំ​វេទិកា​នេះ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​អង្គការ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ផ្តល់​ជម្រក​ឲ្យ​ពលរដ្ឋ​បុរី​កីឡា ដែល​នៅ​សេសសល់។
​លោកស្រី ឆាយ គឹមហ៊ន៖ «ការ​បើក​វេទិកា​សាធារណៈ​នេះ បើសិនជា​ការ​ដោះស្រាយ​នៅតែ​ធ្វើ​ជម្រក​បណ្ដោះអាសន្ន​ដដែល ឬ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ទួលសំបូរ ឬ​ភ្នំ​បាត គឺ​បញ្ជាក់​ថា ពួក​ខ្ញុំ​អត់​ទទួល​ទេ អ្វី​ដែល​ពួក​ខ្ញុំ​ត្រូវការ បើក​វេទិកា​សាធារណៈ​ក្នុង​ពេល ២​សប្ដាហ៍​ទៀត​ក៏ដោយ គឺ​សុំ​ធ្វើ​អាគារ​ទី​៩ ទី​១០ ឲ្យ​ពួក​ខ្ញុំ​មក ព្រោះ​នេះ​នៅ​ក្នុង​កិច្ចសន្យា។ ក្នុង​កិច្ចសន្យា​សង់ ១០​អាគារ នៅ​តែ​លោកស្រី ស៊ុយ សុផាន ក្រឡាស់​នៅ​ធ្វើ ៨​អាគារ​បាន ចុះ​ទម្រាំ​តែ​លោក ប៉ា សុជាតិវង្ស ទៅ​និយាយ​តែ​មាត់ តើ​ឲ្យ​ពួក​ខ្ញុំ​ជឿ​ម៉េច​បាន? សូម​ឲ្យ​វេទិកា​នេះ​ឲ្យ​ជាតិ​និង​អន្តរជាតិ​បាន​ដឹង​ឮ បើ​សិនជា​គាត់​ហ៊ាន​ក្រឡាស់​សំដី​ខ្លួន​ឯង​ទៀត គាត់​គួរតែ​ខ្មាស​ខ្លួន​ឯង​ទៅ»
សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​បុរី​កីឡា ១៥៦​គ្រួសារ ដែល​នៅ​មិន​ទាន់​ទទួល​សំណង បន្ត​ក្រាញ​រស់​នៅ​លើ​គំនរ​សំរាម ក្រោម​កៅស៊ូ​តង់​ក្ដៅ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរី​កីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អាគារ​ស្នាក់​នៅ ២​បន្ថែម​ទៀត​តាម​កិច្ចសន្យា៕​


No comments:

Post a Comment