Paris Peace Accords 23 Oct. 1991

Wednesday, April 9, 2014

មន្ត្រី​ ព្រះបរមរាជវាំង៖ លិខិត​ លោក សម រង្ស៊ី មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ ព្រះមហាក្សត្រ

ស្ដេច សីហមុនី ៦១០
ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Keo Nimol

មន្ត្រី​ ព្រះបរមរាជវាំង៖ លិខិត​ លោក សម រង្ស៊ី មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ ព្រះមហាក្សត្រ

ដោយ យន់ សាមៀន / អាស៊ីសេរី​ | ០៨ មេសា ២០១៤

មន្ត្រី​ព្រះបរមរាជវាំង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​លើក​ឡើង​ថា លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មិន​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះរាជ​កិត្តិយស និង​ព្រះរាជ​កិត្តិនាម​ព្រះមហាក្សត្រ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​អះអាង​ថា លោក សម រង្ស៊ី បាន​រំលោភ​តួនាទី​ព្រះមហាក្សត្រ។
មន្ត្រី​នាំ​ពាក្យ​រដ្ឋ​សភា និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​អង្គារ ទី​៨ មេសា បាន​អះអាង​ថា តាម​ការ​សិក្សា​ផ្នែក​ច្បាប់​របស់​លោក បញ្ជាក់​ថា លោក សម រង្ស៊ី ពិត​ជា​មាន​កំហុស​រំលោភ​លើ​តួនាទី​របស់​ព្រះមហាក្សត្រ។ ការ​អះអាង​របស់​លោក ឈាង វុន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៧ មេសា បាន​ស្នើ​ឲ្យ​អ្នក​ច្បាប់​រដ្ឋាភិបាល​សិក្សា​ផ្នែក​ច្បាប់​ទៅ​លើ​លិខិត​លោក សម រង្ស៊ី ថ្វាយ​ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ទី​២ មេសា ដោយ​បញ្ជាក់​ថា សភា​បច្ចុប្បន្ន​ជា​សភា​ឯកបក្ស មិន​តំណាង​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស។
លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា លោក សម រង្ស៊ី អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក​មាន​កំហុស។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន មន្ត្រី​ព្រះបរមរាជវាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ទុយ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​លក្ខណៈ​ឯកជន​មិន​តំណាង​ឲ្យ​ព្រះមហាក្សត្រ​ថា ពាក្យ​ពេចន៍​ដែល​លោក សម រង្ស៊ី សរសេរ​ថ្វាយ​ព្រះមហាក្សត្រ មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះរាជ​កិត្តិយស និង​ព្រះរាជ​កិត្តិនាម​ព្រះមហាក្សត្រ​ឡើយ។
កាល​ពី​ថ្ងៃ​អង្គារ ទី​៨ មេសា លោក អ៊ុំ ដារ៉ាវុធ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ជា​ថ្មី​ថា លិខិត​របស់​លោក សម រង្ស៊ី មិន​ប៉ះពាល់​ដល់​កិត្តិយស​ព្រះមហាក្សត្រ​ឡើយ៖ «បើ​តាម​លិខិត​ខ្ញុំ​ចេញ​ទី​៧ (មេសា) នេះ បាន​បញ្ជាក់​ច្បាស់​ថា មិន​ប៉ះពាល់​ដល់​ព្រះ​កិត្តិយស​ព្រះមហាក្សត្រទេ។ ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​គេ​នៅ​តែ​រក​រឿង​លោក សម រង្ស៊ី ខ្ញុំ​អត់​ដឹង​ទេ ពី​ខាង​ព្រះ​បរម​រាជវាំង»
លោក​បដិសេធ​មិន​ឆ្លើយ​តប​នឹង​ខ្លឹមសារ​នៃ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ឡើយ។ លោក​បន្ត​ថា គ្មាន​បុគ្គល​ណា​ម្នាក់​អាច​បកស្រាយ​លើ​ព្រះ​តម្រិះ​របស់​ព្រះមហាក្សត្រ​ទេ ហើយ​មក​ទល់​ពេល​នេះ លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ពី​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ​ជុំវិញ​លិខិត​លោក សម រង្ស៊ី នៅ​ឡើយ។
កាល​ពី​ថ្ងៃ​២ មេសា លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​គូស​បញ្ជាក់​ថា រដ្ឋ​សភា​បច្ចុប្បន្ន​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣ មាន​តំណាង​មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ។ កាល​ពី​ការ​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១ មេសា ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ថ្វាយ​លិខិត​មួយ​ទៅ​រដ្ឋ​សភា​ដោយ​បញ្ជាក់​ថា រដ្ឋ​សភា​ក្នុង​នាម​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​ជា​សមាជិក​រដ្ឋ​សភា គឺ​ជា​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ជា​សកល ដោយ​សេរី និង​ដោយ​សម្ងាត់​មក​ពី​មណ្ឌល​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​ជា​តំណាង​នៅ​រដ្ឋ​សភា។
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​ជា​លិខិត​លោក សម រង្ស៊ី មិន​ប៉ះពាល់​ដល់​ព្រះរាជ​កិត្តិយស និង​ព្រះរាជ​កិត្តិនាម​ព្រះមហាក្សត្រ ប៉ុន្តែ​លិខិត​នោះ​បាន​រំលោភ​តួនាទី​របស់​ព្រះមហាក្សត្រ៖ «ខ្ញុំ​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន ឬ​វាយ​តម្លៃ ឬ​វិភាគ​ទៅ​លើ​សម្ដេច​នាយករដ្ឋមន្ត្រី​ទេ។ លោក​មាន​ប្រសាសន៍​អ្វី​ស៊ី​សង​លោក​ទេ»
កាល​ពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​កែប្រែ​របប​នៅ​កម្ពុជា ពី​របប​រាជា​និយម​ទៅ​របប​សាធារណរដ្ឋ ប្រសិន​បើ​ច្បាប់​ស្ដីពី​ការ​កំណត់​ព្រំដែន​មិន​អាច​អនុម័ត​បាន។
នេះ​ជា​សំឡេង លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៥៖ «កិត្តិយស​និង​កិត្តិនាម​គ្មាន​ប៉ះពាល់​ទេ ប៉ុន្តែ​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ​ជា​រឿង​មួយ​ដោយ​ឡែក​ប្រសិន​បើ​មាន។ តើ​មាន​ការ​រំលោភ​លើ​អង្គ​ព្រះមហាក្សត្រ​ឬ​អត់ ខ្ញុំ​បាន​មើល និង​ធ្វើ​ការ​សិក្សា​ឃើញ​ថា អ្វី​ដែល​គាត់​សរសេរ​មាន​លាក់​កំនួច​ខ្លះ»
ទោះ​បី​ជា​មាន​សំឡេង​ឯកសារ​របស់​លោក ហ៊ុន សែន ព្រមាន​រំលាយ​ស្ថាប័ន​ព្រះមហាក្សត្រ​ក៏ដោយ ក៏​លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​មិន​ធ្លាប់​បាន​ឮ​ឡើយ៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​សម្ដេច​ក្រុម​ព្រះ​ហើយ​ពេល​ជួប​តាម​ទូរស័ព្ទ​ថា ព្រះអង្គ​បើ​ពិបាក​ស៊ីញ៉េ​ត្រូវ​ពិនិត្យ​ឡើង​វិញ យើងគួរទុករាជានិយម ឬធ្វើសាធារណៈរដ្ឋ?»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្រ្តី​ដែល​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​នយោបាយ។ អ្នក​វិភាគ​សង្គម លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​៨ មេសា មាន​ប្រសាសន៍​លិខិត​របស់​លោក សម រង្ស៊ី ជា​ការ​បញ្ចេញ​មតិ​ដែល​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​គួរ​តែ​ទទួល​យក។
លោក កែម ឡី បន្ត​ថា ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ នឹង​មាន​ការ​ជួប​ចរចា​ជា​ថ្មី​រវាង​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ហើយ​ប្រសិន​បើ​អាច​ទម្លុះ​ភាព​ទាល់ច្រក​បាន នោះ​ស្ថានភាព​នយោបាយ​នឹង​វិល​ទៅ​រក​ភាព​ធម្មតា​វិញ៕



No comments:

Post a Comment