លោក ផៃ ស៊ីផាន ចោទវិទ្យុ អាស៊ីសេរី ថា ប្រមាថលោក ហ៊ុន សែន
ដោយ យាង សុជាមេត្តា / RFA | 5 April 2014
រ
ដោយរៀបឫក របៀប ជាគ្រូបង្រៀន ផ្នែកវិជ្ជាជីវៈ អ្នកសារព័ត៌មាន និងជារបៀប អ្នកគ្រប់គ្រង អ្នកកាសែត, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសថា លោកនឹងកោះហៅវិទ្យុអាស៊ីសេរី ឲ្យទៅជួបលោកក្នុងពេលខាងមុខ។
លោក ផៃ ស៊ីផាន បានប្រកាសឲ្យអ្នកចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកប៉ាល់ពាណិជ្ជកម្មបរទេសប្រើប្រាស់ទង់ជាតិកម្ពុជា នៅក្នុងលំហសមុទ្រអន្តរជាតិ បានអោយដឹងថា លោកបានទទួលលិខិតរបស់វិទ្យុអាស៊ីសេរី រួចហើយ ដែលនេះ លោក ផៃ ស៊ីផាន សំដៅទៅលើលិខិតឆ្លើយតបរបស់វិទ្យុអាស៊ីសេរី ដែលបានផ្ញើឲ្យលោកកាលពីថ្ងៃទី២ ខែមេសា ដើម្បីបកស្រាយអំពីការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា មកលើវិទ្យុអាស៊ីសេរី ដែលថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី មានបេសកកម្មវាយប្រហារ ប្រមាថ មួលបង្កាច់ ឬវិទ្ធង្សនា បំបះបំបោរប្រឆាំងរដ្ឋាភិបាលកម្ពុជា ពិសេស គឺវាយប្រហារ និងប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានមួយអំពីការកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅកម្ពុជា ដោយបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សារភាពថា កម្ពុជា មិនអាចកាត់បន្ថយគម្លាតរវាង និងអ្នកក្របានឡើយ ប៉ុន្តែកម្ពុជា អាចកាត់បន្ថយគម្លាតផ្នែកអប់រំបាន។
នៅក្នុងលិខិតផ្ញើមកឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ ខែមីនា ក្រៅតែពីបានចោទប្រកាន់ថា វិទ្យុអាស៊ីសេរី មានបេសកកម្មវាយប្រហារ មួលបង្កាច់ និងប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ផៃ ស៊ីផាន ក៏បានលើកឡើងអំពីអធិបតេយ្យភាព អំពីច្បាប់ស្ដីពីរបបសារព័ត៌មាន និងអំពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវតែប្រតិបត្តិជាដាច់ខាត តែលោកមិនបានលើកឡើងឲ្យចំពីកំហុស ឬបង្ហាញភស្តុតាងឲ្យបានជាក់លាក់ អំពីកំហុសឆ្គងនៃព័ត៌មានឡើយ ហើយក៏មិនបានសំណូមពរឲ្យវិទ្យុអាស៊ីសេរី ធ្វើការកែតម្រូវត្រង់ចំណុចណាមួយនោះដែរ។
ក្នុងលិខិតផ្ញើទៅ លោក ផៃ ស៊ីផាន អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកទំនាក់ទំនងរដ្ឋាភិបាល លោក ចន អែស្រ្តែឡា (John Estrella) លោកបានលើកឡើងថា ប្រសិនបើ លោក ផៃ ស៊ីផាន មិនសប្បាយចិត្តនឹងសេចក្តីរាយការណ៍ណាមួយ បទដ្ឋាននៃការតបតដែលគេទទួលស្គាល់ជាសកលនោះ គឺត្រូវទាក់ទងនឹងស្ថាប័នសារព័ត៌មាននោះ ហើយត្រូវបង្ហាញចំណុចដែលជាកំហុសឆ្គង និងស្នើឲ្យមានការកែតម្រូវឡើងវិញ។ លោក ចន អែស្រ្តែឡា ថា ការគំរាមកំហែងមិនសមហេតុសមផលនៃទោសបញ្ញត្តិព្រហ្មទណ្ឌ ដោយមិនបង្ហាញមូលដ្ឋានឲ្យបានច្បាស់លាស់ គឺផ្ទុយនឹងផលប្រយោជន៍ គ្មានវិជ្ជាជីវៈ ហើយពិតជាមានបំណងធ្វើឲ្យអាប់អួដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។
ទាក់ទងនឹងលិខិតរបស់ លោក ចន អែស្រ្តែឡា លោក ផៃ ស៊ីផាន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំ បានទទួលលិខិតចុះថ្ងៃទី មេសា ២ ២០១៤ ដែលជាការឆ្លើយតបមួយអត់ដឹងកូនចៅខ្លួនឯងធ្វើអីខ្លះ ដែលដឹកនាំដោយ លោក ចន អែស្រ្តែឡា ហើយលោកជា Vice President of Government Relations and Communications Radio Free Asia លោកអត់ដឹងកូនចៅគាត់ធ្វើអីខ្លះផងហ្នឹង។ ខ្ញុំឲ្យវិទ្យុអាស៊ីសេរី ហ្នឹង គឺគាត់បានប្រើពាក្យមួលបង្កាច់នាយករដ្ឋមន្ត្រី ដោយនិយាយថា លោក ហ៊ុន សែន មិនអាចកាត់បន្ថយតម្លាភាពរវាងអ្នកមាន និងអ្នកក្រ ហើយគាត់និយាយថា សារភាពរបស់លោកនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីសារភាពថា កម្ពុជា មិនអាចកាត់បន្ថយតម្លាភាពរវាងអ្នកមាន និងអ្នកក្របានឡើយ ហ៊ុន សែន ដែលនិយាយអ៊ីចឹងដែរ ដែលគាត់សារភាពអ៊ីចឹងដែរ រួចពាក្យសារភាពហ្នឹងមកពីណា យើងវិជ្ជាជីវៈទេ ដែលយើងប្រើពាក្យសារភាពហ្នឹង ប្រសិនជាយើងមើលក្នុងច្បាប់ គេអាចចោទយើង អ្វីដែលគេមានកម្រងព័ត៌មាន យកពីសារព័ត៌មាន កម្រងព័ត៌មានដែលយើងធ្វើ ដែលយើងមានទិសដៅប្រមាថ វាយប្រហារហ្នឹង យើងអាចមានករណីគ្រប់គ្រាន់ដែលគេអាចបញ្ជូនទៅតុលាការបាន។»
ជុំវិញគោលបំណងនៃការកោះហៅវិទ្យុអាស៊ីសេរី ពីសំណាក់រដ្ឋាភិបាលនេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា ជាទូទៅលោកមិនមានទម្លាប់វាយតម្លៃទៅលើស្ថាប័នសារព័ត៌មានទាំងមូល នោះទេ ប៉ុន្តែលោកថា គេអាចវាយតម្លៃដោយពិនិត្យមើលទៅលើអត្ថបទព័ត៌មាននីមួយៗ ព្រោះព័ត៌មានតែងមានលក្ខណៈខុសគ្នា។ លោកថា ចំពោះវិទ្យុអាស៊ីសេរី អ្នកស្តាប់អាចមាននិន្នាការពីរផ្ទុយគ្នា។
លោក ប៉ែន សមិទ្ធិ៖ «សម្រាប់អ្នកដែលមាននិន្នាការគាំទ្រ រដ្ឋាភិបាល ឬមួយមានសន្តានចិត្តជាមួយរដ្ឋាភិបាល គឺមានបុរេវិនិច្ឆ័យរួចទៅហើយថា គឺអាស៊ីសេរី គឺជាវិទ្យុមួយដែលផ្តល់នូវប្រៀបទៅឲ្យគណបក្សប្រឆាំងច្រើនជាង។ ទន្ទឹមហ្នឹង គឺអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាល មិនចូលចិត្តរដ្ឋាភិបាលគិតថា វិទ្យុអាស៊ីសេរី ហ្នឹង គឺមានឯករាជ្យច្រើនជាង ដោយសារហ៊ាននិយាយទៅលើបញ្ហាមួយចំនួនដែលរិះគន់រដ្ឋាភិបាល ឬក៏បន្តុះបង្អាប់រដ្ឋាភិបាលទៅលើផ្នែកនោះ។»
ចំណែកនាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន (វ.ក.ស.ស) លោក មឿន ឈានណារិទ្ធ។ លោកបានកត់សម្គាល់ថា នៅប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា នៅសហរដ្ឋអាមេរិក សារព័ត៌មានរបស់គេហ៊ាននិយាយរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងក្លាបំផុត ក្នុងនោះក៏មានការរិះគន់ទៅលើប្រធានាធិបតីផងដែរ។ លោកថា មន្ត្រីរដ្ឋាភិបាលទៀតសោត រំពឹងថា ពួកគេជាទូទៅត្រូវទទួលនូវការរិះគន់ និងពិនិត្យពិច័យពីសំណាក់សាធារណជន និងអ្នកសារព័ត៌មាន។
លោក មឿន ឈានណារិទ្ធ៖ «តាមពិតទៅយើងដឹងហើយថា គ្រប់រដ្ឋាភិបាលទាំងអស់ មិនថាតែរដ្ឋាភិបាលកម្ពុជា ទេ គឺរដ្ឋាភិបាលនៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យនៅទន់ខ្សោយហ្នឹង តែងតែព្យាយាមលូកដៃទៅលើការងាររបស់សារព័ត៌មានដែលប្រកបដោយ វិជ្ជាជីវៈសារព័ត៌មាន ដែលឯករាជ្យ។ អ៊ីចឹងខ្ញុំគិតថា នេះជាសារមួយដែលបង្ហាញនូវការដាក់សម្ពាធទៅលើសារព័ត៌មានយើង ជាការព្រមានទៅលើអ្នកផ្សព្វផ្សាយព័ត៌មាន ដែលមានការរិះគន់ ឬដោយមានការចម្រូងចម្រាសទៅលើរដ្ឋាភិបាល។»
នេះមិនមែនជាលើកទី១ទេដែលវិទ្យុអាស៊ីសេរី នឹងត្រូវកោះហៅដោយរដ្ឋាភិបាល។ រដ្ឋាភិបាលកាលពីខែតុលា ឆ្នាំ២០១២ ក៏បានកោះហៅវិទ្យុអាស៊ីសេរី ទៅក្រើនរំលឹកអំពីវិជ្ជាជីវៈម្តងរួចមកហើយ ដោយនៅពេលនោះ រដ្ឋាភិបាលបានលើកឡើងថា វិទ្យុអាស៊ីសេរី ជាវិទ្យុមិនមានអព្យាក្រឹតភាព លម្អៀងទៅបក្សប្រឆាំង ព័ត៌មានគ្មានតុល្យភាព និងមិនមានវិជ្ជាជីវៈ ជាដើម៕
No comments:
Post a Comment